
ឈើដែលដឹកចេញពីឧទ្យានជាតិវិរៈជ័យទៅវៀតណាមកាលពីដើមឆ្នាំ ២០១៧ ។ រូបថត EIA
Tue, 29 August 2017
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
រតនគិរីៈ កិច្ចសន្យាលក់ឈើដែលគេប៉ាន់ប្រមាណថា មានឈើយ៉ាងតិច ៥០០ ដើមក្នុងតម្លៃត្រឹមតែ ១៥. ០០០ ដុល្លារអាមេរិកនៅដែនជម្រកសត្វព្រៃ លំផាត់ ទៅឲ្យឈ្មួញវៀតណាមនោះត្រូវបានបែកធ្លាយ ដែលវាជាផ្នែកមួយនៃបទល្មើសលក់ឈើទៅឲ្យប្រទេសវៀតណាមជាង ៣០ ម៉ឺនម៉ែត្រគុប តម្លៃរាប់លានដុល្លារដែលទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) នៅប្រទេសអង់គ្លេសបានរកឃើញ។
ការបែកធ្លាយឯកសារនេះបានកើតឡើង ក្រោយពីទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានបានចេញរបាយការណ៍កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៧ ពីការប្រព្រឹត្តបទល្មើសព្រៃឈើទ្រង់ទ្រាយធំរវាងមន្ត្រី និងឈ្មួញឈើវៀតណាម និងកម្ពុជា នៅដែនជម្រកសត្វព្រៃ លំផាត់ ស្រែពក ឧទ្យានជាតិវីរៈជ័យ និងអូរយ៉ាដាវក្នុងខេត្ត រតនគិរី។
បណ្តាញរបស់អង្គការនេះបានបន្លំខ្លួនជាឈ្មួញឈើ ដើម្បីស៊ើបអង្កេតលើបទល្មើសជាប្រព័ន្ធ ដែលមន្រ្តីខ្មែរ និងវៀតណាម បានសំណូករាប់លានដុល្លារពីក្រុមឈ្មួញឈើតាមរយៈឃុបឃិតឲ្យដឹកឈើទៅវៀតណាម ចាប់ពីខែធ្នូឆ្នាំ ២០១៦ ដល់ខែមករា ឆ្នាំ ២០១៧ នេះ។
ភ្នំពេញ ប៉ុស្តិ៍ ក៏បានធ្វើការស៊ើបអង្កេត ដោយចុះទៅតំបន់នោះ ដើម្បីប្រមូលព័ត៌មានពីអ្នកឃ្លាំមើល សកម្មជនបរិស្ថាន និងអ្នកភូមិដែលឲ្យគេកាប់ឈើក្នុងសហគមន៍គាត់ ហើយ ភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយអត្ថបទស៊ើបអង្កេតនេះកាលពីថ្ងៃទី ១ ខែ ឧសភា គឺមួយសប្តាហ៍មុន ពេលអង្គការ EIA ចេញផ្សាយរបាយការណ៍របស់ខ្លួននោះ។

ទាហានពីរនាក់អង្គុយលើរថយន្ដដឹកឈើហុបចេញពីតំបន់អភិរក្ស ឧទ្យានជាតិវីរៈជ័យ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។ រូបថត EIA
កិច្ចសន្យាទិញលក់ឈើដែលភ្នំពេញប៉ុស្តិ៍ទើបតែទទួលបាន គឺត្រូវបានធ្វើឡើងរវាងអ្នកប្រមូលទិញឈើឲ្យ វៀតណាម ឈ្មោះ ម្រិច ធើម និងមន្ត្រីអាជ្ញាធរមូលដ្ឋាន មានលោក ខាំ ផសាវ៉ាត មេភូមិសមុទ្រក្រោម, អនុភូមិ លោក ប៊ុន ធានសឿន រួមនឹងគណៈកម្មការសហគមន៍ លោក ថាន់ ម្ហើល និងលោក ខាំ ម៉ាសាក។
យោងតាមកិច្ចសន្យាដែលមានស្នាមមេដៃមនុស្សទាំង ៥ រូបខាងលើនោះបានឲ្យដឹងថា ពួកគេបានព្រមព្រៀងគ្នាទិញលក់ឈើចំនួនពីរភ្នំគឺភ្នំ ម៉ាហាត និងភ្នំអាត ដែលស្ថិតក្នុងព្រៃសហគមន៍ និងដែនជម្រកសត្វព្រៃលំផាត់ក្នុងស្រុកលំផាត់ ក្នុងតម្លៃទឹកប្រាក់ ១៥.០០០ ដុល្លារកាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៦។
លោក ថាន់ ម្ហើល បានទទួលស្គាល់ពីការលក់ឈើនោះមែន ដែលការលក់នោះមានការយល់ព្រមពីសហគមន៍ជនជាតិដើមភាគតិចទំពួនចំនួន ២៤៤ គ្រួសារ។ ប៉ុន្តែសហគមន៍បានបដិសេធថាមិនបានយល់ព្រមនោះទេ។
លោក ម្ហើល អះអាងថា ទឹកប្រាក់បានពីលក់ឈើចំនួន ៧.០០០ ដុល្លារត្រូវបានយកទៅសាងសង់រោងប្រជុំភូមិមួយទំហំ ៩ គុណ ១០ ម៉ែត្រចាក់សាបប្រក់ស័ង្កសី។ លុយនៅសល់ត្រូវបានចែកឲ្យសហគមន៍១ គ្រួសារ ១០.៥០០០ រៀល។ លើសពីនោះចាស់ទុំភូមិ និងស្ត្រីមេម៉ាយក៏ទទួលបានទឹកប្រាក់បន្ថែមម្នាក់ ១០៥.០០០ រៀល។
លោកម្ហើល បាននិយាយថា៖ «ពលរដ្ឋគេឯកភាព [លក់] ទាំងអស់គ្នាជាមួយអាជ្ញាធរយកលុយធ្វើរោងភូមិ និងចែកគ្នា។ មុនដំបូងគេកក់ ១ ម៉ឺនដុល្លារ។ ៦-៧ ថ្ងៃក្រោយមកទៀតបានគេឲ្យគ្រប់»។
ទោះយ៉ាងណាលោក ម្ហើល ថាលោកមិនបានដឹងថា គេទិញឈើនោះយកទៅប្រទេសវៀតណាមនោះទេតែគ្រាន់តែដឹងថាឈ្មោះ ម្រិច ធើម គឺជាអ្នកគួកជេទិញឈើនោះប៉ុណ្ណោះ ហើយក៏មិនគិតថាការលក់ឈើឆ្លងដែនទៅវៀតណាមនោះជាអំពើខុសច្បាប់នោះទេ។
លោកបានចោទសួរថា៖ «ខុសច្បាប់អី? បើគេពីលើមកអ្នកធំៗសុទ្ធតែគេធ្វើបាន។ ពលរដ្ឋម៉េចមិនបាន? ឈើក្នុងដីរដ្ឋ»។
រីឯលោក ខាំ ផសាវ៉ាត មេភូមិសមុទ្រក្រោមវិញក៏បានទទួលស្គាល់លិខិតទិញលក់ឈើនោះផងដែរ ហើយថា បើទោះបីជា ពួកគាត់មិនព្រមលក់ឈើ ក៏ជនជាតិវៀតណាមនៅតែចូលកាប់ឈើទាំងនោះដែរ ព្រោះពួកគេមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបានទេ។ លើសពីនោះ ពួកលោកមិនដឹងថា ការលក់ឈើដឹកឆ្លងដែនបែបនោះ វាជាអំពើខុសច្បាស់ ឬពុករលួយទេ ព្រោះមិនសូវចេះដឹងច្បាប់រដ្ឋ។
លោកមានប្រសាសន៍ថា៖ «យើងមិនឲ្យ ក៏គេយក។ ថ្នាក់លើក៏ដឹងរឿងនេះដែរ..យើងជាជនជាតិដើមភាគតិចមិនសូវចេះអីទាំងអស់»។
លោកបានឲ្យដឹងផងដែរថា ក្រៅពីរឿងទិញលក់ឈើ ក៏មានអ្នកគួកជេខ្មែរទៅបញ្ចុះបញ្ជូលឲ្យពួកគាត់លក់ដីព្រៃដែនជម្រកនៅតំបន់ជើងភ្នំអាត ទំហំ ៨០ ហិកតាឲ្យពួកគេដែរ ដែល ១ ហិកតាតម្លៃ ២០០ ដុល្លារ។ ប៉ុន្តែករណីនេះមិនបានសម្រេចទេ ដោយសារតែថៅកែអ្នកទិញ គេដឹងថា ជាតំបន់ព្រៃអភិរក្សរបស់ក្រសួងបរិស្ថាន។
ទាក់ទងទៅនឹងបទល្មើសកាប់ឆ្ការទន្ទ្រានដីព្រៃ និងកាប់ឈើលក់ខុសច្បាប់នេះផងដែរ កាលពីខែ កក្កដាកន្លងមក មន្ត្រីជាន់ខ្ពស់អង្គការ អាដហុក និងអង្គការការពារធនធានធម្មជាតិរួមនឹងពលរដ្ឋភូមិសមុទ្រក្រោមចំនួន ៩ នាក់តំណាងពលរដ្ឋរាប់រយគ្រួសារបានដាក់ប្តឹងមន្ត្រីអាជ្ញាធរមូលដ្ឋានទៅតុលាការខេត្តចំនួន ៧ នាក់ចាប់ពីថ្នាក់ភូមិសមុទ្រក្រោម ឃុំសេដារហូតដល់ស្រុកលំផាត់ និងមន្ត្រីបរិស្ថាន។
ក្នុងនោះក៏មានលោកមេភូមិឈ្មោះ ខាំផ សាវ៉ាត និងប្រធានមន្ទីរបរិស្ថានខេត្តលោក ផុន ខេមរិន្ទផងដែរ។
ដើមបណ្តឹងម្នាក់គឺលោក កូន ម៉ូ បានអះអាងថា ពលរដ្ឋក្នុងភូមិមិនឯកភាពឲ្យមានការលក់ឈើដូចការលើកឡើងខាងលើនោះទេ។
លោកថា ដំបូងឡើយពួកអ្នកផ្តិតមេដៃលក់ឈើទាំងនោះបានព្យាយាមលាក់រឿងនោះ តែអស់រយៈពេលជាច្រើនខែក្រោយមកទើបកិច្ចសន្យានោះត្រូវបានបែកធ្លាយដែលបណ្តាលឲ្យមានការតវ៉ា ហើយទើបពួកគេចែកលុយឲ្យ ១ គ្រួសារជាង ១០ ម៉ឺនរៀលនោះ។
លោក ម៉ូ ឲ្យដឹងថា ឈើទាំងនោះយ៉ាងតិចបំផុតក៏មាន ៥០០ ដើមដែរ ដែលមានដូចជាឈើសុក្រំ គគីរ កកោះ និងត្បែងជាដើម។
លោកនិយាយថា៖ «គេលក់ឲ្យវៀតណាម។ គេកាប់រំលំខ្លួនគេ ដឹកខ្លួនគេទៅវៀតណាម។ ដំបូងយើងអត់ដឹងទេ ទល់តែចាប់ក្រដាស [កិច្ចសន្យា] មានភ័ស្តុតាងនោះបាន។ យើងតវ៉ាទើបបានលុយនោះ»។
ពលរដ្ឋអ្នកប្តឹងម្នាក់ទៀតលោក ឆន ផល្លា អាយុ ៣៩ ឆ្នាំបានឃើញកិច្ចសន្យានោះដោយចៃដន្យកាលពីខែមុន។
លោកក៏បានលើកឡើងផងដែរថា ពលរដ្ឋអត់មានចូលរួមលក់ឈើនោះទេ។ លោកថាឈ្មោះ ម្រិច ធើម គឺជាអ្នកម៉ៅការប្រមូលទិញឈើពីក្រុមអាជ្ញាធរភូមិនោះទៅលក់ឲ្យឈ្មួញវៀតណាម។ ដើមឈើដែលធំៗរហូតដល់មានមុខកាត់មួយម៉ែត្រក៏ត្រូវបានកាប់ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំ។
លោកថ្លែងថា៖ «ដីនៅតំបន់ហ្នឹងក្រសួងបរិស្ថានអ្នកការពារហើយចុះជាប់នៅទីនោះ។ គេដឹកឈើរង្គើទាំងដីតាមឡានធំៗ។ ១ ឡានដឹក ៦-៧ ដើមចូលទៅយួន ម្តង ៧-៨ គ្រឿង។ ខ្ញុំជឿជាក់ថា ខាងបរិស្ថានដឹងព្រោះគេជាអ្នកការពារនៅហ្នឹង»។
លោក ឌិន ខន្នី អ្នកសម្របសម្រួលអង្គការអាដហុកខេត្ត និងសហគមន៍ដើមបណ្តឹងប្រមាណជា ៣០ នាក់បានចុះតំបន់ភ្នំអាត កាលពី ២ សប្តាហ៍មុន ហើយពួកគេរកឃើញគំនរឈើជាច្រើន ដែលវៀតណាមដឹកចេញមិនទាន់។
លោក ខន្នី បញ្ជាក់ថា ការរកឃើញឈើទាំងនោះ រួមនឹងកិច្ចសន្យាទិញលក់ឈើនោះ គឺជាវត្ថុតាងថ្មី ដែលពួកលោកគ្រោងយកទៅដាក់នៅតុលាការបន្ថែមទៀត។

គំនរឈើ ១ កន្លែង ក្នុងចំណោមគំនរឈើជាច្រើនដែលអង្គការអាដហុក និងសហគមន៍ចុះរកឃើញ កាលពីខែមុន។ រូបថត អាដហុក
លោក នូ ថេរ អភិបាលស្រុកលំផាត់បានថ្លែងថា លោកមិនបានដឹងពីកិច្ចសន្យានោះទេ ហើយសាលាស្រុកក៏មិនដែលឯកភាពឲ្យអាជ្ញាធរថ្នាក់ក្រោមលក់ឈើបែបនោះដែរ។
ទោះយ៉ាងណា លោកក៏មិនទាន់ប្រាកដថា សាលាស្រុកនឹងធ្វើការស្រាវជ្រាវលើករណីនេះដែរឬយ៉ាងណានោះទេ ព្រោះលោកអត់ទាន់ឃើញកិច្ចសន្យានោះ។
ចំណែកឯ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តដែលគ្រប់គ្រងដែនជម្រកសត្វព្រៃលំផាត់បានអះអាងថា លោកក៏មិនបានដឹងពីការលក់ឈើនោះដែរ។ ទោះយ៉ាងណា លោកថ្លែងថា មន្ទីរអាចនឹងស្រាវជ្រាវរឿងនោះ។ ប៉ុន្តែចំពោះការទន្ទ្រានយកដីនៅតំបន់នោះវិញ ក្រុមការងារលោក និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ ហើយបានឃើញពលរដ្ឋកំពុងតែធ្វើសកម្មភាពកាប់ព្រៃដើម្បីធ្វើចម្ការ។
លោកបន្ថែមថា ក្រុមការងារបានទប់ស្កាត់រហូតដល់មានពលរដ្ឋប្រមាណជា ៥០ នាក់ទៅតវ៉ានៅសាលាស្រុក ដើម្បីទាមទារយកដីនោះដោយអះអាងថាជាដីចម្ការចាស់។
លោក ខេមរិន្ទ ថ្លែងថា៖ «ក្រុមការងារកំពុងតែដុតដៃដុតជើង ធ្វើការងារនេះ។ ខ្លះថាដីចម្ការចាស់របស់គាត់… មានការទន្ទ្រានមែន តែយើងបានទប់ស្កាត់ហើយ»។
លោកបន្ថែមថា ក្រុមការងារកំពុងតែរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការដោះស្រាយតាមផ្លូវច្បាប់។
បើទោះបីជារដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ឈប់ការនាំចេញឈើទៅវៀតណាមកាលពីខែ មករា ឆ្នាំ ២០១៦ យ៉ាងណាក៏ដោយ ក៏អង្គការ Forest Trends ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញថា ឈើកម្ពុជាប្រមាណជា ៣១៣.០០០ ម៉ែត្រគុបដែលមានតម្លៃ ១៤២ លានដុល្លារត្រូវបាននាំចេញ និងចុះបញ្ជីដោយគយវៀតណាម ចន្លោះពីខែមករាដល់ខែមិថុនា ឆ្នាំ ២០១៧ នេះ។ ការនាំចេញសម្រាប់ឆមាសទី ១ នៃឆ្នាំនេះ គឺស្ទើរតែស្មើនឹងចំនួនឈើនាំចេញសរុបពេញ ១ ឆ្នាំ ២០១៦ ដែលមាន ៣១៨.២៣២ ម៉ែត្រគុប។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) សង្កេតឃើញថា ការមានកិច្ចសន្យាទិញលក់ឈើឆ្លងដែនឲ្យវៀតណាម បែបនេះ គឺជាករណីមួយប្លែក ដែលផ្ទុយពីច្បាប់ ហើយវាពាក់ព័ន្ធទៅនឹងអំពើពុករលួយជាប្រព័ន្ធមួយ ព្រោះថា វាអាចមានការបើកដៃណាមួយពីអ្នកមានឥទ្ធិពល ទើបបទល្មើសអាចកើតមានឆ្លងដែនបានបែបនោះ។
លោក សន ជ័យ ថ្លែងថា៖ «ពេលបែកធ្លាយកិច្ចសន្យាទិញឈើហើយទើបចែកលុយចឹង វាជាការចាយលុយ ដើម្បីបំបិទមាត់ ឬបិទសំណុំរឿងដែលយើងមិនលើកទឹកចិត្តឲ្យមានទេ។ នេះជាលុយបានមកពីការលក់ទ្រព្យសម្បត្តិជាតិ»។
លោកបន្ថែមថា អំពើពុករលួយនៅក្នុងបទល្មើសព្រៃឈើ នៅកម្ពុជា គឺ«មានទំហំធំធេងណាស់» ដែលពាក់ព័ន្ធនឹងក្រុមអ្នកមានអំណាច និងកងប្រដាប់អាវុធ។
លោក សន ជ័យ ក៏បានកត់សម្គាល់ផងថា ចំណេះដឹងផ្នែកច្បាប់រដ្ឋរបស់ជនជាតិដើមភាគតិចមានតិចតួចណាស់ ហើយនេះជាសារមួយដ៏សំខាន់ដល់ថ្នាក់ដឹកនាំ។ ហេតុនេះ វាគួរតែមានការហៅគាត់ទៅធ្វើការអប់រំ ឬបណ្តុះបណ្តាល ហើយច្បាប់មិនគួរយកទៅអនុវត្តលើពួកគាត់ទាំងស្រុងភ្លាមៗនោះទេ។
កម្ពុជា មានលេខរៀងទី ១៥៦ ក្នុងចំណោមប្រទេស ១៧៦ ដែលទទួលបានពិន្ទុ ២១ ក្នុងចំណោម ១០០ នៃសន្ទស្សន៍ស្តីពីការយល់ឃើញអំពើពុករលួយសម្រាប់ឆ្នាំ ២០១៦ របស់អង្គការតម្លាភាពអន្តរជាតិ។ ពិន្ទុនេះបង្ហាញអំពើពុករលួយកម្រិតខ្ពស់ តែត្រូវបានរដ្ឋាភិបាលច្រានចោល៕