ដោយ កញ្ញា ហ៊ាង សុគន្ធារី | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧
http://vodhotnews.com

Screenshot of The Cambodia Daily website
រដ្ឋាភិបាលបានការពារចំណាត់ការរបស់ខ្លួន ដោយថា គ្មានជម្រើសអ្វីក្រៅពីត្រូវអនុវត្តតាមច្បាប់ ចំពោះសារពត៌មាន ខេមបូឌា ដេលី បើសិនជាសារពត៌មានមួយនេះ មិនបានបង់ពន្ធតាមការកំណត់របស់រដ្ឋាភិបាល។
នៅក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី២៩ខែសីហា អគ្គនាយកដ្ឋានពន្ធដារ បានបដិសេធចំពោះការចោទប្រកាន់កន្លងមករបស់សារពត៌មាន ខេមបូឌា ដេលី ដោយថា អ្វីដែលរដ្ឋាភិបាលធ្វើ គឺមានតម្លាភាពតាមផ្លូវច្បាប់ មិនមែនជាហេតុផលនយោបាយនោះទេ។
សេចក្តីប្រកាសដដែលបន្តថា បញ្ហានេះបានកើតឡើងដោយសារតែសារព័ត៌មានមួយនេះ គេចវេះមិនបានបង់ពន្ធជូនរដ្ឋអស់រយៈពេលជាច្រើនឆ្នាំ ហើយថារដ្ឋាភិបាលមានតែអនុវត្តតាមផ្លូវច្បាប់ ដើម្បីឲ្យការប្រមូលពន្ធកាន់តែមានប្រសិទ្ធភាព តម្លាភាព និងសមភាព និងមិនមែនចាត់ការតែចំពោះសារព័ត៌មាន ខេមបូឌា ដេលី នេះទេ។
កាលពីថ្ងៃទី២៨សីហា សារព័ត៌មាន ខេមបូឌា ដេលី បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធចំពោះតម្លាភាពនៃការយកពន្ធរបស់រដ្ឋាភិបាលកម្ពុជាមកលើស្ថាប័នខ្លួន ដោយថាសកម្មភាពទារពន្ធបន្ទាន់ និងការបែកធ្លាយពត៌មាន ជាបន្តបន្ទាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាល គឺពាក់ព័ន្ធបញ្ហានយោបាយ ដែលនេះជាសកម្មភាពជំរុញការបិទស្ថាប័ន ជាជាងការទារពន្ធដោយស្មោះត្រង់។
កាលពីថ្ងៃទី៤ខែសីហា ស្ថាប័នព័ត៌មានមួយ ដែលគេថាស្និទ្ធនឹងរដ្ឋាភិបាល បានផ្សាយព័ត៌មានបង្ហាញថា ស្ថាប័នកាសែត ខេមបូឌា ដេលី បានជំពាក់ថ្លៃពន្ធរដ្ឋាភិបាលរយៈពេល១០ឆ្នាំ សរុបប្រមាណ៦.៣លានដុល្លាអាមេរិក។ ព័ត៌មានបន្តថា កាសែតនេះត្រូវបង់ពន្ធឲ្យបានមុនថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៧ បើពុំនោះទេ នឹងប្រឈមនឹងការបិទធ្វើអាជីវកម្ម៕