ដោយ លោក ពេជ្រ ចំរុង | ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧
http://vodhotnews.com

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងផ្អាកដំណើរការចុះឈ្មោះបោះឆ្នោតចំនួន៣ថ្ងៃ ដោយថា ដើម្បីអនុញ្ញាតឲ្យមន្ដ្រីចុះឈ្មោះ ឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ករណីនេះ អ្នកឃ្លាំមើល យល់ថា កម្មករ នឹងបាត់បង់ឱកាស ដើម្បីចុះឈ្មោះបោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ VOD ដឹងនៅថ្ងៃចន្ទទី១៨កញ្ញា នេះ ថា មន្ដ្រីចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់នានាទូទាំងប្រទេស នឹងឈប់សម្រាក ដើម្បីជួបជុំគ្រួសារ ក្នុងពេលបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២កញ្ញាឆ្នាំ២០១៧។
លោក ហង្ស ពុទ្ធា អះអាងបន្តថា ការអនុញ្ញាតឲ្យមន្ត្រី គ.ជ.ប ឈប់សម្រាកនេះ មិនប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោតនោះទេ ដោយថា ពលរដ្ឋ ដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ក្នុងឆ្នាំ២០១៧ មានតែជាង១.៦លាននាក់ ពោលគឺតិចជាងឆ្នាំ២០១៦ ដែលមានដល់ទៅជាង ៩លាននាក់។
មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា លោក មានការសោកស្ដាយ ដែល គ.ជ.ប អនុញ្ញាតឲ្យមន្ដ្រីចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ ឈប់សម្រាកនៅអំឡុងបុណ្យភ្ជុំបិណ្ឌ។ លោកយល់ថា នេះជាឱកាសមួយ ដែលក្រុមកម្មករ កម្មាការិនី អាចទៅលេងស្រុកកំណើត និងចុះឈ្មោះបោះឆ្នោត។
លោកស្នើថា គ.ជ.ប គួរណែនាំឲ្យមន្ដ្រីចុះឈ្មោះធ្វើការ ១ ឬ ២ថ្ងៃ ក្នុងឪកាសបុណ្យភ្ជុំនេះ ដោយថា ដើម្បីឲ្យកម្មករ ឆ្លៀតពេលទៅចុះឈ្មោះបោះឆ្នោត ខណៈលោកសង្កេតឃើញថា ចំនួនអ្នកបានទៅចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០១៧នេះ មានចំនួនតិចនៅឡើយ។
ចំពោះ ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា យល់ថា កម្មករ កម្មការិនី រោងចក្រភាគច្រើន មិនសូវគិតគូពីការចុះឈ្មោះឆ្នោត នៅថ្ងៃបុណ្យភ្ជុំនេះទេ។ ប៉ុន្ដែលោកសង្ឃឹម ថា គ.ជ.ប នឹងផ្ដល់រយៈពេលឈប់សម្រាកបន្ថែម ដូចកាលពីអាណត្តិមុន ដើម្បីឲ្យពួកគេអាចមកចុះឈ្មោះ និងមកបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំ ដែលពួកគេពេញចិត្ត។
ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៧។
របាយការណ៍ ឲ្យដឹងថា រយៈពេល១៨ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១កញ្ញា គ.ជ.ប អះអាងថា បានចុះឈ្មោះបោះឆ្នោតដល់ពលរដ្ឋចំនួនជាង១សែននាក់៕