
មន្ត្រីស៊ីម៉ាក់ព្យាយាមយកគ្រាប់បែកដែលទម្លាក់ដោយអាមេរិក នៅខេត្តស្វាយរៀងកាលពីសប្តាហ៍មុន។ រូបថត សហការី
Fri, 20 October 2017
Daphne Chen and ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បន្ទាប់ពីរក្សាភាពស្ងប់ស្ងាត់មិនឆ្លើយតបអស់រយៈពេលជាច្រើនខែមកទីបំផុតស្ថានទូតអាមេរិកបានបកស្រាយពីបញ្ហាគ្រាប់បែកដែលរកឃើញនៅក្នុងខេត្តស្វាយរៀងដោយបានលើកឡើងថាវាជាឧស្ម័នបង្ហូរទឹកភ្នែកដែលមិនបង្កដល់បញ្ហាសុខភាពយូរអង្វែងនោះទេ ហើយភាគីកម្ពុជាក៏បានដឹងពីវត្តមានគ្រាប់បែកនេះជាយូរមកហើយដែរ ហើយសហរដ្ឋអាមេរិកថែមទាំងបានបណ្តុះបណ្តាលមន្ត្រីកម្ពុជាលើបញ្ហាអាវុធនេះថែមទៀតផង។
បើទោះបីជារដ្ឋាភិបាលចាត់ទុកគ្រាប់បែកនោះថាជាអាវុធគីមីដ៏គ្រោះថ្នាក់យ៉ាងណាក៏ដោយក៏សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកកាលពីម្សិលមិញបានចាត់ទុកវាជា «គ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក» ហើយថាវាក៏គ្មានភ័ស្តុតាងណាមួយដែលបញ្ជាក់ថាវាបណ្តាលឲ្យមានបញ្ហាសុខភាពយូរអង្វែង ឬធ្វើឲ្យក្មេងកើតមកមិនគ្រប់លក្ខណៈនោះដែរ។ ប៉ុន្តែប្រសិនបើវាបង្កបញ្ហាពិតមែននោះ នោះអាជ្ញាធរនៅក្នុងប្រទេសជាច្រើនក្នុងពិភពលោករួមទាំងកម្ពុជា និងសហរដ្ឋអាមេរិកផងក៏មិនប្រើវាដែរ។
សេចក្តីថ្លែងការណ៍បានបន្តថាស្ថានទូតមានការជឿជាក់ថាអាជ្ញាធរកម្ពុជា មានសមត្ថភាព និងធនធានក្នុងការបំផ្លាញគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកបានដោយ «សុវត្ថិភាព និងយ៉ាងឆាប់រហ័ស»។
ផ្ទុយពីការអះអាងរបស់កម្ពុជា ស្ថានទូតបានគូសបញ្ជាក់ថាភាគីកម្ពុជាបានដឹងពីវត្តមាននៃគ្រាប់បែកបែបនេះ នៅខេត្តស្វាយរៀង «អស់រយៈពេលជាច្រើនឆ្នាំមកហើយ» ហើយបានទទួលការបង្រៀនជាលម្អិតលើរឿងនេះចំនួន ២ លើកនៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ពីអ្នកឯកទេសយោធាសហរដ្ឋអាមេរិក។
ការបង្រៀននេះនាំទៅដល់លំហាត់អនុវត្តជាក់ស្តែងនៅខេត្តមណ្ឌលគិរីកាលពីខែឧសភាឆ្នាំ ២០១៦ ដែលនៅពេលនោះអ្នកដោះមីនកម្ពុជាបានធ្វើការដោះគ្រាប់ឧស្ម័នធ្វើឲ្យចេញទឹកភ្នែកទាំងនោះ។
ជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលនេះបញ្ជាការដ្ឋានរបស់អាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកបានផ្តល់ឲ្យកងយោធពលខេមរភូមិន្ទនូវបរិក្ខារមួយសម្រាប់ប្រើការចាំបាច់នៅក្នុងប្រតិបត្តិការលុបបំបាត់គ្រាប់ធ្វើឲ្យចេញទឹកភ្នែកនៅនឹងកន្លែង។
ស្ថានទូតបញ្ជាក់ថា៖ «យើងមានការសោកស្តាយចំពោះការប្រឹងប្រែងជាបន្តក្នុងការយករឿងមនុស្សធម៌នេះធ្វើជារឿងនយោបាយ។ សហរដ្ឋអាមេរិកមានជំនឿថាយើងទាំងអស់គ្នាគួរធ្វើការរួមគ្នាដើម្បីលុបបំបាត់កាកសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា និងនៅទូទាំងពិភពលោក»។
សេចក្តីថ្លែងការណ៍ដដែលសរសេរថា៖ «យើងមានការទទួលខុសត្រូវច្បាស់លាស់របស់យើងនៅក្នុងការដោះស្រាយកេរដំណែលរបស់យើងហើយតែងតែមានឆន្ទៈពិចារណាលើសំណើសុំជំនួយដោយសុទ្ធចិត្ត»។
ហេតុនេះហើយបានជាអាមេរិកបានចំណាយថវិកាចំនួនជាង ១៣១ លានដុល្លារនៅក្នុងរយៈពេល ២ ទសវត្សរ៍កន្លងទៅនេះដើម្បីរុករក និងដោះស្រាយមិនមែនគ្រាន់តែចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមានប្រភពដើមពីអាមេរិកនៅភាគខាងកើតនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងដោះស្រាយចំពោះគ្រាប់មីនមកពីប្រទេសចិន វៀតណាម និងសហភាពសូវៀតផងដែរ ដែលមានគ្រោះថ្នាក់ជាងគ្រាប់របស់អាមេរិកឆ្ងាយនៅភាគខាងលិចប្រទេស។
កិច្ចសហប្រតិបត្តិការនេះបានសង្គ្រោះជីវិតមនុស្ស និងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ការអភិវឌ្ឍដល់ប្រទេសកម្ពុជា។
ទោះយ៉ាងណាលោក ហេង រតនា អគ្គនាយកអង្គការស៊ីម៉ាក់ថ្លែងថាកម្ពុជាទើបតែដឹងពីគ្រាប់បែកនៅស្វាយរៀងក្នុងខែមករាដើមឆ្នាំនេះ បន្ទាប់ពីគ្រាប់បែកគីមីទាំង ២ គ្រាប់ត្រូវបានរកឃើញ។
លោក រតនា បានច្រានចោលការចោទប្រកាន់ថាកម្ពុជាបានបង្វែររឿងនេះទៅជារឿងនយោបាយ។
លោកថា គ្រាប់បែកនេះគឺវាជាបញ្ហាជាក់ស្តែងដែលប៉ះពាល់ដល់ពលរដ្ឋកម្ពុជាហើយលោកបានឃើញផ្ទាល់ភ្នែកនូវកុមារជាច្រើននាក់ដែលកើតមកមានភាពមិនប្រក្រតី និងពលរដ្ឋផ្សេងទៀតកើតរមាស់៕
Contact authors: Daphne Chen and ផាក់ ស៊ាងលី
នេះគ្រាន់តែជាសេណារីយោបោកបញ្ឆោតប្រជាជនកម្ពុជា ឲ្យភ័យខ្លាច តក់ស្លុត និងស្អប់អាមេរិច ដែលរៀបចំឡើងដោយ ហ៊ុន សែន ម៉ម ប៊ុនហេង ស៊ីម៉ាក់ និងគណៈបក្សប្រជាជន ដោយគ្មានបានពិចារណារកភស្តុតាងពិតត្រឹមត្រូវអ្វីឡើយពីផលប៉ះពាល់សុខភាព។ ពួកកុម្មុយនីសផ្តាច់ការគឺអាក្រក់តែអញ្ចឹង។ អស់ល្បែងលេង ចង់លាងខ្លួនពីការរំលោភសិទ្ធិមនុស្ស និងការថ្កោលទោសពីអន្តរជាតិពីរឿងចាប់ឃុំឃាំងមេបក្សប្រឆាំង និងបំណងចង់រំលាួយបក្សប្រឆាំង ប្លន់យកកៅអីសភា ដូច្នេះពួកនេះមានតែប្រើកល្បិចខ្មៅកខ្វក់គឺ យករឿងប្រវត្តិសាស្ត្រនិងបញ្ហាមនុស្សធម៏ដែលជួយដោយអាមេរិច យកមកធ្វើជាដើមទុននយោបាយដើម្បីរកសន្លឹកឆ្នោត។ ដល់ពេលដឹងការពិតបញ្ជាក់ដោយស្ថានទូតអាមេរិចអញ្ចឹងទៅ តើពួកនេះនៅមានអ្វីទៀតអាចបោកប្រាស់ពិភពលោកបានទៀត? កោតតែពួកនេះខំប្រឹងធ្វើដោយមិនចេះខ្មាស់ អាមេរិច និងប្រជាជនដែលគេដឹងរឿងពិតរបស់សែនកំហូច។
នេះហើយជាធាតុពិតបង្កើតឡើងដោយពួកកុម្មុយនីសផ្តាច់ការ។ មិនទាន់ទាំងបានពិសោធន៏រកការពិតផង គ្រាន់តែឃើញប្រជាជនមានជំងឺក៏ធ្វើសេចក្តីសន្និដ្ឋានភ្លាមថាបណ្តាលមកពីគ្រាប់បែកកប់ក្នុងដីនាំឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាជន។ គ្មានការពិតអីបន្តិចសោះ។ តាម ពិតទៅមនុស្សដែលរស់នៅទីនោះមានជំងឺរមាស់ដោយសារគ្មានអនាម័យនិងម្តាយខ្វះការថែទាំសុខភាពពេលមានផ្ទៃពោះធ្វើឲ្យកូនកើតមកមិនគ្រប់លក្ខណៈ។ ល្មមឈប់បោកប្រាស់ប្រជាជនទៅក្រុមសែនកំហូច។