ដោយ ជី វិតា និងយន់ សាមៀន
2017-10-20
អាស៊ីសេរី

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ៖លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នារាជធានីវ៉ាស៊ីនតុន កាលពីថ្ងៃទី៥ កុម្ភៈ ២០១៥។ RFA/Debbie Snguon
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិនិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែកំពុងគាបសង្កត់ និងធ្វើបាបបក្សប្រឆាំង និងសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏កំពុងធ្វើអោយខ្លួនឯង និងមន្ត្រីគណបក្សប្រជាជនកម្ពុជារបស់គាត់អោយស្ថិតក្នុងហានិភ័យដែរ។ លោកថា សហគមន៍អន្តរជាតិ និងពលរដ្ឋខ្មែរនឹងមិននៅស្ងៀមឱបដៃមើលលោក ហ៊ុន សែន ធ្វើព្យុះធ្វើភ្លៀងតាមតែចិត្តគាត់នោះទេ។
សូមស្ដាប់បទសម្ភាសន៍របស់ លោក យន់ សាមៀន ជាមួយលោក ប្រ៊េដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកផ្នែកអាស៊ីនៃអង្គការសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដូចតទៅ។
ស្ដាប់សំឡេង៖
សំណួរ៖ ជម្រាបសួររលោក ប្រ៊េដ អាដាម។ តើលោកយល់ឃើញយ៉ាងណាចំពោះដំណើរវិវដ្ដនយោបាយចុងក្រោយនេះនៅកម្ពុជា ជាពិសេសការកែប្រែច្បាប់ចំនួន៤ ទាក់ទងនឹងការបោះឆ្នោតដែលអាចឈានដល់ការយកអាសនៈសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្រោះជាតិ ទៅចែកអោយគណបក្សផ្សេងដែលពលរដ្ឋមិនបានបោះឆ្នោតអោយនោះ?
អាដាម៖ លោក ហ៊ុន សែន កំពុងធ្វើរដ្ឋប្រហារតាមវិធីត្រជាក់។ កាលពីឆ្នាំ១៩៩៧ គាត់ធ្វើរដ្ឋប្រហារតាមវិធីក្ដៅ ជារដ្ឋប្រហារយោធាដែលនៅពេលនោះលោកហ៊ុន សែន បានសម្លាប់មនុស្សច្រើនណាស់។ អ្នកដែលត្រូវបានស្លាប់ជាមនុស្សរបស់បក្សប្រឆាំង និងជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ហើយមនុស្សជាច្រើន រួមទាំងតំណាងរាស្ត្រ មានលោក កឹម សុខា ផងបានបង្ខំចិត្តរត់ចេញទៅក្រៅប្រទេសនៅពេលនោះ។ ឥឡូវនេះ គាត់ធ្វើរដ្ឋប្រហារតាមបែបត្រជាក់វិញ គឺគាត់មិនប្រើហិង្សាទេ ប៉ុន្តែគាត់កំពុងប្រើប្រាស់ស្ថាប័នរដ្ឋទាំងអស់ដើម្បីកម្ទេចរដ្ឋធម្មនុញ្ញ បំផ្លាញកិច្ចព្រមព្រៀងទីក្រុងប៉ារីស បំផ្លាញលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ និងបំផ្លាញលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។ ដូច្នេះ ទាំងតំណែងតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ–សង្កាត់របស់បក្សសង្គ្រោះជាតិដែលត្រូវបានពលរដ្ឋបោះឆ្នោតអោយនោះនឹងត្រូវគេដកហូត ប្រសិនបើគណបក្សប្រឆាំងមួយនេះត្រូវបានរំលាយ។ នៅពេលនោះ វាមិនមែនប៉ះពាល់ត្រឹមតែតំណាងរាស្ត្រ និងមន្ត្រីក្រុមប្រឹក្សាឃុំ-ចៅសង្កាត់ទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែវាជាសារប្រាប់ទៅម្ចាស់ឆ្នោតថា សន្លឹកឆ្នោតរបស់អ្នកឯង វាគ្មានន័យអ្វីទេ គឺស្មើនឹងថា លោក ហ៊ុន សែន គប់ចោលសន្លឹកឆ្នោតរបស់ពលរដ្ឋដែលបោះឆ្នោតអោយបក្សសង្គ្រោះជាតិចោលចូលទៅក្នុងបង្គន់។ ដូច្នេះលទ្ធផលមិនខុសគ្នាពីរដ្ឋប្រហារក្ដៅដែលគាត់បានធ្វើកាលពីឆ្នាំ១៩៩៧នោះទេ។
សំណួរ៖ កន្លងមកសហគមន៍អន្តរជាតិឃើញតែចេញសេចក្ដីថ្លែងការណ៍មួយហើយមួយទៀត សម្ដែងការមិនពេញចិត្តចំពោះទង្វើរបស់រដ្ឋាភិបាល។ តើពេលនេះលោកគិតថា សហគមន៍អន្តរជាតិអាចនឹងធ្វើអ្វីលើសពីការចេញសេចក្ដីថ្លែងការណ៍ទេ?
អាដាម៖ នៅពេលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ហើយប្រគល់អាសនៈសភា និងឃុំសង្កាត់ទៅអោយគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សដទៃទៀត ការបោះឆ្នោតនៅឆ្នាំ២០១៨ នឹងក្លាយជាការបោះឆ្នោតមិនស្របច្បាប់ និងគ្មានន័យ ហើយសហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់ថា ជាការបោះឆ្នោតត្រឹមត្រូវទេ។ ប្រការនេះនឹងនាំអោយមានការដាក់ទណ្ឌកម្ម និងផលវិបាកផ្សេងៗទៀតដល់កម្ពុជា ដល់គណបក្សប្រជាជនកម្ពុជា ដល់មន្ត្រីយោធា និងមន្ត្រីនគរបាលទាំងឡាយណា ដែលសុខចិត្តប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សដើម្បីគាំទ្រលោក ហ៊ុន សែន។ នៅពេលនោះខ្ញុំបារម្ភថា កម្ពុជានឹងដើរត្រឡប់ថយក្រោយដូចក្នុងសិស្សវត្តឆ្នាំ៨០ ពេលដែលកម្ពុជាត្រូវបានដាក់អោយនៅឯកោពីពិភពលោក។
លោក ហ៊ុន សែន ហាក់គិតថា គាត់អាចពឹងពាក់លើចិនតែម្នាក់ ដើម្បីជួយកម្ពុជាបាននៅថ្ងៃអនាគត ប៉ុន្តែទៅមិនរួចទេ។ ចូរមើលអ្វីដែលកើតឡើងនៅក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ាកន្លងមក។ ឧត្ដមសេនីយ៍យោធា និងរដ្ឋាភិបាលភូមា ធ្លាប់ទទួលយកចិនជាខ្នងបង្អែកតែមួយគត់ ប៉ុន្តែប្រជាជនភូមាធុញទ្រាន់ហើយមិនគាំទ្រ។ ពេលនោះសេដ្ឋកិច្ចនៅភូមាក៏បានធ្លាក់ចុះយ៉ាងខ្ទេចខ្ទាំ។ ខ្ញុំមិនចង់ឃើញបញ្ហាបែបនោះកើតមាននៅកម្ពុជាទេ ប៉ុន្តែនោះជាផ្លូវដែលលោក ហ៊ុន សែន កំពុងធ្វើដំណើរទៅហើយ។ ការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិប្រាកដជានឹងកើតមាន ប៉ុន្តែក្ដីបារម្ភរបស់ខ្ញុំគឺថា ការដាក់ទណ្ឌកម្មទាំងនោះអាចនឹងធ្វើឡើងបន្ទាប់ពីលោកហ៊ុន សែន បង្កើតបញ្ហារួចហើយ ដូច្នេះសហគមន៍អន្តរជាតិត្រូវការសហការគ្នាអោយបានប្រសើរជាងនេះ ក្នុងការឆ្លើយតបទៅនឹងបញ្ហានៅកម្ពុជា។ លោក ហ៊ុន សែន សំណាងណាស់ដែលពិភពលោកកំពុងតែរវល់ផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហា ដែលកំពុងកើតមានដល់ជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសភូមា។ គាត់គិតថា គាត់អាចនឹងរួចខ្លួនចំពោះអ្វីដែលគាត់ធ្វើ កុំគិតថា រួចខ្លួនអោយសោះ។ នៅពេលអ្នកឯងមោឃភាព ឬបដិសេធចោលនូវលទ្ធផលបោះឆ្នោត ហើយយកអាសនៈរបស់គេទៅចែកអោយគណបក្សផ្សេង វានឹងធ្វើអោយការបោះឆ្នោតនៅឆ្នាំក្រោយមិនសេរី និងមិនយុត្តិធម៌។ ផលវិបាកនឹងកើតមាន បើទោះវានឹងស៊ីពេលបន្តិចក្ដី។
សំណួរ៖ តើផលវិបាក និងទណ្ឌកម្មអ្វីខ្លះទៅ?
អាដាម៖ ទណ្ឌកម្មទាំងនោះរួមមាន សហរដ្ឋអាមេរិកនឹងផ្ដាច់ទំនាក់ទំនង យោធាបណ្ដោះអាសន្នជាមួយកម្ពុជា ហើយប្រទេសនានា ក៏មិនចង់ធ្វើកិច្ចសហការយោធាជាមួយកម្ពុជាដែរ។ ខ្ញុំគិតថា ពេលនោះ នឹងមានការបង្កកប្រាក់ ឬការរឹបអូសទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់ មានការហាមឃាត់ការធ្វើដំណើររបស់មន្ត្រីជាន់ខ្ពស់កម្ពុជា អាចមានពាក្យបណ្ដឹងបទឧក្រិដ្ឋប្រឆាំងរដ្ឋាភិបាលកម្ពុជាចំពោះការរំលោភសិទ្ធិមនុស្ស ជំនួយសេដ្ឋកិច្ចមកកម្ពុជា នឹងត្រូវកាត់បន្ថយ ដែលខ្ញុំសង្ឃឹមថា ជនក្រីក្រ និងអ្នកងាយគ្រោះមិនមែនជា គោលដៅនៃការកាត់បន្ថយជំនួយនោះ ប៉ុន្តែនោះជាអ្វីដែលប្រទេសម្ចាស់ជំនួយនានា អាចនឹងសម្រេចចិត្តដោយសំអាងថា ពួកគេឆ្អែតហើយមិនអាចស៊ូទ្រាំចំពោះអ្វីដែលបានកើតឡើងនៅកម្ពុជា តទៅទៀតទេ ពេលនោះវានឹងមិនល្អទេសម្រាប់ពលរដ្ឋខ្មែរ។
ពិតមែនហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មិនបានយកចិត្តទុកដាក់មកលើបញ្ហានៅកម្ពុជាទេ ប្រហែលជាគាត់មិនដឹងថា មានប្រទេសកម្ពុជានៅលើផែនទីពិភពលោកផង។ ប៉ុន្តែសមាជិកព្រឹទ្ធសភា ដូចជាលោក ចន ម៉ាក់ខេន (Jonh MCCain) លោកក្រាម (Graham) និងតំណាងរាស្ត្រដទៃទៀតដូចជាលោក រ៉យ (Royce) ពួកគេ មិននៅស្ងៀមទេ ពួកគេនឹងឆ្លើយតបចំពោះបញ្ហានៅកម្ពុជា ពួកគេតាមដានបញ្ហានៅកម្ពុជាដិតដល់ណាស់។ ហើយខ្ញុំគិតថា មិនខុសគ្នាពីសហគមន៍អឺរ៉ុបទេ ដូចជាប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលនឹងកាត់ផ្តាច់ជំនួញពាណិជ្ជកម្មដែលពួកគេមានជាច្រើនជាមួយកម្ពុជា ប្រសិនបើ បញ្ហារំលាយគណបក្សប្រឆាំងនឹងកើតមានមែន។ ដូច្នេះពេលនោះ កម្ពុជានឹងជួបគ្រោះភ័យធ្ងន់ធ្ងរ។ ខ្ញុំគិតថា លោក ហ៊ុន សែន គ្មានហេតុផលណាមួយដែលត្រូវរំលាយគណបក្សសង្គ្រោះជាតិទេ ពីព្រោះគណបក្សនេះជាចលនាអហិង្សាមួយដែលនិយមសន្តិភាព។ ប៉ុន្តែលោកហ៊ុន សែន ហាក់ចាត់ទុកគណបក្សសង្គ្រោះជាតិជាការគំរាមកំហែងផ្នែកយោធាទៅលើគាត់។ គណបក្សសង្គ្រោះជាតិ មិនមានយោធាឯណា បក្សនេះមិនដែលប្រកាសថា ខ្លួនមានកម្លាំងយោធា និងមិនដែលចូលរួមក្នុងអំពើហិង្សា។ ប៉ុន្តែលោកហ៊ុន សែន ខ្លួនឯងទៅវិញទេ ដែលប្រព្រឹត្តអំពើហិង្សា គណបក្សសង្គ្រោះជាតិ ជាបក្សប្រឆាំងដោយសន្តិវិធី។ ឥឡូវនេះ លោក ហ៊ុន សែន បានចាត់ទុកការប្រកួតប្រជែងចង់យកឈ្នះគាត់ក្នុងការបោះឆ្នោតឆ្នាំក្រោយថា ជាបទឧក្រិដ្ឋ។ តើលោក កឹម សុខា បានប្រព្រឹត្តបទឧក្រិដ្ឋស្អីទៅ? គាត់ត្រូវចោទប្រកាន់ថា បានសារភាពថា ទទួលយកឱវាទ ឬដំបូន្មានអំពីវិធីសាស្ត្រក្នុងការប្រកួតប្រជែងការបោះឆ្នោត។ ដូច្នេះខ្ញុំគិតថា បើគ្រាន់តែអញ្ចឹងជាបទឧក្រិដ្ឋដែរនោះ គណបក្សប្រជាជនកម្ពុជាក៏មានទោសឧក្រិដ្ឋដែរ ពីព្រោះគណបក្សនេះក៏ប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំក្រោយដែរ ហើយលោក ហ៊ុន សែន និងមន្ត្រីបក្សកាន់អំណាចនេះក៏ត្រូវចាប់ខ្លួនឯងដែរទៅ ទើបវាសមហេតុផល។
សំណួរ៖ តើលោកយល់ថា ការដែលតំណាងរាស្ត្របក្សសង្គ្រោះជាតិនាំគ្នារត់គេចខ្លួនចេញទៅក្រៅប្រទេសក្នុងពេលនេះជាការល្អទេ ពីព្រោះអ្នកខ្លះយល់ថា ការភៀសខ្លួនចេញរបស់តំណាងរាស្ត្របក្សប្រឆាំងនេះ គឺទំនងជាអ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចង់ឃើញ?
អាដាម៖ លទ្ធផលចំពោះមុខក្នុងរយៈពេលខ្លី លោកហ៊ុន សែន អាចសម្រេចបាននូវបំណងប្រាថ្នារបស់គាត់ ដូចជាការរំលាយគណបក្សប្រឆាំង សមាជិកបក្សប្រឆាំងជាច្រើននាក់ភៀសខ្លួនចេញពីប្រទេស សមាជិកបក្សប្រឆាំងមិនត្រូវរ៉ូវគ្នាជាដើម។ នៅពេលមនុស្សម្នាក់មានកាំភ្លើងក្នុងដៃ មានកម្លាំងទាហាន កម្លាំងប៉ូលិស និងមានកម្លាំងប៉េអិម នៅក្នុងដៃដើម្បីប្រើប្រាស់តាមចិត្ត ហើយភាគីម្ខាងទៀត ប្រើតែពាក្យសម្ដីដើម្បីតស៊ូមតិនោះ វាងាយស្រួលណាស់សម្រាប់លោកហ៊ុន សែន ធ្វើការបង្ក្រាប ប៉ុន្តែបញ្ហាត្រង់ថា លោកហ៊ុន សែន កាន់តែអស់ភាពស្របច្បាប់ជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលរបស់គាត់ហើយ។ ដូច្នេះអ្វីដែលគាត់ធ្វើទាំងអម្បាលម៉ាណមកនេះ គឺគាត់ធ្វើបាបខ្លួនឯងដែរ។ អញ្ចឹងហើយបានជាខ្ញុំឆ្ងល់ថា គាត់ចាំបាច់អីធ្វើដូច្នេះ។ គាត់មានអំណាចពេញដៃ តើគាត់នៅខ្លាចអីទៀត? ខ្ញុំដឹងហើយថា គាត់ខ្លាចចាញ់ឆ្នោតនៅអាណត្តិក្រោយ ប៉ុន្តែអ្វីដែលខ្ញុំមិនយល់នោះ គឺថាហេតុអ្វីបានជាគាត់ចង់ក្រាញអំណាចតាមវិធីនេះ។ គ្រប់គ្នានៅលើលោកនេះដឹងច្បាស់ថា គាត់នឹងមិនអាចឈ្នះការបោះឆ្នោតទេ ដូច្នេះហើយទើបគាត់ធ្វើបែបនោះ។ ប៉ុន្តែខ្ញុំមិនយល់នូវអ្វីដែលគាត់បានធ្វើក្នុងរយៈពេល៦ខែចុងក្រោយនេះទេ។ ខ្ញុំគិតថា សមាជិកគណបក្សប្រជាជនកម្ពុជាយល់ថា លោក ហ៊ុន សែន ជាអ្នកធ្វើអោយសមិទ្ធផល និងទ្រព្យសម្បត្តិរបស់ពួកគេស្ថិតក្នុងហានិភ័យ។ ប្រសិនបើ ខ្ញុំជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ដែលរកប្រាក់បានច្រើនសន្ធឹកសន្ធាប់មកនេះ ខ្ញុំមិនពេញចិត្តនូវអ្វីដែលលោក ហ៊ុន សែន កំពុងធ្វើនេះទេ ពីព្រោះវានាំមកនូវគ្រោះអាសន្នដល់ខ្ញុំដែរ។
ចំពោះមុខឥឡូវនេះ លោក ហ៊ុន សែន គាត់អាចបំភិតបំភ័យធ្វើអោយគេភ័យខ្លាចមែន ប៉ុន្តែសម្រាប់រយៈពេលវែង ការធ្វើបែបនេះវាមិនមានប្រសិទ្ធភាពទេ ពីព្រោះប្រជាពលរដ្ឋកម្ពុជានឹងមិនអង្គុយនៅស្ងៀម ហើយទទួលយកអ្វីដែលគាត់ធ្វើមកនេះទេ៕
HUN SEN rather die if he lost powers believing me this guy is insane he will destroy his own nation in the near future. no matter what international community doing to him he will not listening to them. too bad this guy have been born as an evil he will use his evil act till the end of his life. soon we are Cambodian will see what going to happen to our poor nation. I can see this evil come to an end in a very short time I mean this year you will see it. GOD bless Cambodia and it’s people