Fri, 20 October 2017
ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ៖ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកមិញបានអនុម័តច្បាប់ចំនួនបួនយ៉ាងលឿនដោយគ្មានអ្នកជំទាស់ដែលត្រួសត្រាយផ្លូវឈានទៅរកការបែងចែកគ្នានូវកៅអីសភានិងក្រុមប្រឹក្សាគ្រប់ថ្នាក់របស់គណបក្សសង្គ្រោះជាតិនៅទូទាំងប្រទេស។
លោក ម៉ម ប៊ុននាង មន្ត្រីអ្នកនាំពាក្យរបស់ព្រឹទ្ធសភាជាតិបានថ្លែងប្រាប់សារពត៌មានបន្ទាប់ពីស្ថាប័ននីតិបញ្ញាត្តិដ៏ធំមួយនេះបានអនុម័ត ច្បាប់ចំនួនបួនដោយសំឡេង ៤០ លើ ៤០ ថា ដើម្បីឲ្យស្របតាមបរិបទនយោបាយបច្ចុប្បន្ននេះ ធានាបានស្ថេរភាពនិងការអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយនិង នីតិរដ្ឋ។
លោកថ្លែងថា «យើងមិនមានការព្រួយបារម្មណ៍អីទេ ដោយសារការបង្កើតច្បាប់នេះ ទាំងរដ្ឋសភានឹងព្រឹទ្ធសភាមាន ការប្រជុំយកចិត្តទុកដាក់ណាស់ សុទ្ធតែអ្នកច្បាប់ប្រជុំសិក្សាហើយគឺឲ្យស្របតាមច្បាប់រដ្ឋធម្មនុញ្ញព្រះរាជា ណាចក្រកម្ពុជា។ យើងមិនធ្វើដើម្បីបទេសទេ ហើយប្រសិនជាយើងធ្វើដើម្បីបរទេសគឺយើងក្បត់ប្រទេសជាតិ និងឆន្ទៈរាស្ត្រ តែយើងធ្វើដើម្បីបម្រើរាស្ត្រនិងប្រទេសយើង ហើយដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍជូនសង្គមជាតិយើង។… បរទេសគាត់ព្រួយបារម្មណ៍ជាសិទ្ធិរបស់គាត់ហើយការចោទប្រកាន់អីជាសិទ្ធិបុគ្គល យើងមិនខ្វល់ទេ»។
លោក អ៊ុក ប៊ុនឈឿន និងប្រធានគណកម្មាធិការទី ៦ បានមានប្រសាសន៍ថា ប្រាប់អង្គសភាថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ជ្រើសតាំងតំណាងរាស្ត្រតាក់តែងឡើងក្នុងគោលបំណងស្របតាមបរិបទជាក់ស្តែងនៃការវិវឌ្ឍន៍ឥតឈប់ឈររបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ ពហុបក្ស ដើរទន្ទឹមនឹងនិតិរដ្ឋឲ្យកាន់តែរឹងមាំនិងធានានៅស្ថេរភាពនិងនយោបាយឲ្យនៅស្ថិតថេរយូរអង្វែងនៅក្នុងព្រះជាណាចក្រកម្ពុជា។
Contact author: ម៉ិច ដារ៉ា
