ដោយ លោក ឃុត សុគន្ធ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ | ម៉ោង 4:03 PM
http://vodhotnews.com

កម្មករ-កម្មការិនីរោងចក្រផលិតស្បែកជើង ពូយៀន តវ៉ាកាលពីម្សិលមិញ (រូបថត៖ ភ្នំពេញប៉ុស្តិ៍)
ក្រុមកម្មករកម្មការិនី ប្រមាណជាង២ពាន់នាក់ នៃរោងចក្រមួយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើកូដកម្ម ទាមទារឲ្យថៅកែ រោងចក្រ អនុវត្តតាមកិច្ចសន្យាចាស់រយៈ១ឆ្នាំ ខណៈភាគីក្រុមហ៊ុន បានបន្ថយមកត្រឹម៣ខែវិញ។
កម្មករផ្នែកដេរ អ្នកស្រី ឈុន យឿន ប្រាប់វីអូឌីថា កម្មករកម្មការិនីជាង២ពាន់នាក់របស់រោងចក្រផលិតស្បែកជើង ពូយៀន ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បាននាំគ្នាបន្តធ្វើកូដកម្មទាមទារឲ្យថៅកែរោងចក្រ អនុវត្តកិច្ចសន្យាចាស់វិញ ដោយថាម្ចាស់រោងចក្រ បានប្តូរកិច្ចសន្យាពី១ឆ្នាំ មក៣ខែវិញ ដែលទង្វើនេះកម្មករមិនអាចទទួលយកបាន។
អ្នកស្រីបន្តថា ការបន្ថយកិច្ចសន្យានេះ គឺធ្វើឲ្យប៉ះពាល់ដល់ពួកគេ ដូចជាងាយរងការបញ្ឈប់ពីការងារ និងបាត់បង់អត្ថប្រយោជន៍ផ្សេងៗទៀត។
អ្នកស្រីបន្ថែមថា៖ «ក្រុមហ៊ុនហ្នឹង ជាអ្នកកំណត់ឲ្យខ្ញុំរយៈពេល១ឆ្នាំ ពេលដែលខ្ញុំចូលមកធ្វើការងារពេលក្រុមហ៊ុនទើបបើកថ្មីភ្លាម ប៉ុន្តែឥលូវ ក្រុមហ្នឹងគេទាមទារជំរុះពួកខ្ញុំចោល គេចង់ឲ្យពួកខ្ញុំត្រឹមរយៈពេលខ្លីហ្នឹងប៉ុន្តែពួកខ្ញុំ មិនអាចទទួលយកបានទេ។ ព្រោះវា ធ្វើឲ្យប៉ះពាល់លុយប្រចាំថ្ងៃ ដែលពួកខ្ញុំខំសន្សំទុកជាយូរឆ្នាំមកហើយ ដូចជាលុយព្រីម លុយអតីតភាពការងារ ដែលពួកខ្ញុំ ខំច្រើនឆ្នាំហ្នឹង ត្រូវគេទំលាក់អស់អញ្ចឹងពួកខ្ញុំ មិនអាចទទួលយកបានទេ»។
កម្មការិនីម្នាក់ទៀត កញ្ញា វ័ន ស៊ីម ឲ្យដឹងថា កញ្ញាធ្វើការនៅរោងចក្រពូយៀននេះ រយៈពេល៧ឆ្នាំ មកហើយៗថា ប្រសិនបើក្រុមហ៊ុនបន្ថយកិច្ចសន្យា មកត្រឹម៣ខែ នឹងធ្វើបាត់បង់អត្ថប្រយោជន៍ជាច្រើន។
កញ្ញា បន្តថា កម្មករមិនទាមទារអ្វី ក្រៅពីជំរុញឲ្យថៅកែបន្តអនុវត្តកិច្ចសន្យាចាសនោះទេ ខណៈទទួលដំណឹងថា រោងចក្រគ្រោងបិទនៅពេលខាងមុខនេះ។
កញ្ញាបន្ថែមថា៖ «សូមឲ្យក្រសួងជួយរកយុត្តិធម៌ឲ្យពួកខ្ញុំ ព្រោះពួកខ្ញុំអត់មានបានធ្វើអ្វីប៉ះពាល់ក្រុមហ៊ុន ដែរ! ឥឡូវកម្មករទាំងអស់ ក៏គេមិនទាន់ធ្វើការងារដែរ ព្រោះរឿងដល់ដំណាក់ការហ្នឹងហើយ ក្រុមកម្មករថា ក្រុមហ៊ុនហ្នឹង ក៏ក្រឡុកគេដែរ អញ្ចឹងពួកគេ ធ្វើការតវ៉ាហ្នឹង ក៏មិនខុសច្បាប់ដែរ ប្រសិនបើក្រុមហ៊ុន មិនប្រើវិធីហ្នឹងមកលើកម្មករ ក៏កម្មករមិនផ្ទុះការតវ៉ាអញ្ចឹងដែរ»។
វីអូឌី មិនអាចសុំការឆ្លើយតប ពីភាគីរោងចក្របានទេចំពោះបញ្ហានេះ ខណៈអគ្គលេខាធិការគណៈសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា នៃក្រសួងការងារ លោក ប្រាក់ ចាន់ ធឿន ឲ្យដឹងនៅពេលរសៀលនេះ ថា លោក កំពុងជួបដោះស្រាយជាមួយតំណាងកម្មករនិងភាគីរោងចក្រ ដោយថា មិនទាន់បានដំណោះស្រាយនៅឡើយទេ។
លោកនិយាយថា៖ «ខ្ញុំរវល់ជាប់ប្រជុំ កំពុងដោះស្រាយបញ្ហាកម្មករនៅរោងចក្រតិច»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អះអាងថា បើតាមរបាយការណ៍ ដែលរកឃើញ គឺមានកម្មកររោងចក្រប្រមាណ៩០ភាគរយ ក្នុងចំណោមកម្មករសរុបចំនួន ៨០ម៉ឺននាក់ ទូទាំងប្រទេសកំពុងធ្វើការតាមរយៈកិច្ចសន្យាខ្លី ដោយលោកថា កិច្ចសន្យាប្រភេទនេះ កំពុងធ្វើឲ្យក្រុមកម្មកររងផលប៉ះពាល់ជាច្រើន ដូចជា ងាយថៅកែ បញ្ឈប់ពីការងារ បាត់បង់សិទ្ធិចូលរួមសហជីព និងបាត់បង់អត្ថប្រយោជន៍ផ្សេងទៀតជាដើម។
លោក អាត់ ធន់ បន្តថា បើដូចករណី នៅរោងចក្រ ពូយៀន នេះវិញ គឺថៅកែធ្វើខុសច្បាប់ទាំងស្រុង ដោយថា តាមផ្លូវច្បាប់ មិនអាចបន្ថយកិច្ចសន្យាការងារពាក់កណ្តាលបែបនេះ បានទេ ហើយថា ការធ្វើបែបនេះ គឺនិយោជក មានចេតនាចង់កេងចំណេញផលប្រយោជន៍ពីកម្មករតែប៉ុណ្ណោះ។
លោកបន្ថែមថា៖ «តាមផ្លូវច្បាប់ បើកាលណាធ្វើកិច្ចសន្យាវែង ឲ្យគាត់ហើយ មិនអាចកែមកខ្លីវិញ បានទេ បើមិនអញ្ចឹងគឺ និយោជក ធ្វើខុសច្បាប់ទាំងស្រុង ហើយប្រសិនបើ គាត់ចង់ផ្លាស់មកកិច្ចសន្យាខ្លីវិញ វាទាល់តែនិយោជកហ្នឹង គាត់បានបញ្ចប់កិច្ចសន្យាវែង ហ្នឹងតាមផ្លូវច្បាប់ហើយ ដូចសំណងជំងឺចិត្តបណ្តេញចេញ ប្រាក់បំណាច់ឆ្នាំ និងគិតអត្ថប្រយោជន៍ផ្សេង តាមផ្លូវច្បាប់ជូនកម្មករហើយ អាហ្នឹងគាត់អាចធ្វើកិច្ចសន្យាថ្មី ជាមួយកម្មករ ថាតើកម្មករព្រមអត់ បើព្រមៗ បើមិនព្រម គឺឈប់ធ្វើទៅ អាហ្នឹងបាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលចុះជួបសំណេះសំណាលជាមួយក្រុមកម្មករ តែងតែរំឭកក្រសួងការងារឲ្យពិនិត្យឡើងវិញ ពីការប្រើកិច្ចសន្យាខ្លី និងទប់ស្កាត់កុំឲ្យមានជើងកាងតាមរោងចក្រកាប់ចាក់គ្នា ដូចពេលមុនៗទៀត ដោយថា ដើម្បីធានាប្រយោជន៍ និងសុវត្ថិភាពការងាររបស់កម្មករ។
បើតាមក្រុមកម្មករ រោងចក្រពូយៀន ពួកគេ បានធ្វើកូដកម្មចាប់តាំងពីថ្ងៃទី១៧តុលា មកម្លេះ ដោយពួកគេតវ៉ា នៅក្នុងរោងចក្រ មិនបានចេញមកក្រៅនោះទេ ហើយថា រោងចក្រពូយៀននេះ ពីមុនជាអតីតរោងចក្រ «LA» ដែលមានកម្មករ កម្មការិនីជាង២ ០០០នាក់កំពុងបំរើការងារ៕
now we can see the heat of world community that put on this beast regime is on. so sad that it come this way all of that came from the stubbornness of HUN SEN the evil leader of this poor nation. we knew Cambodian will touch badly by this punishment not those thug that having a lot of money. GOD bless Cambodian and it’s people
now we can see the heat of world community that put on this beast regime is on. so sad that it come this way all of that came from the stubbornness of HUN SEN the evil leader of this poor nation. we knew Cambodian will touch badly by this punishment not those thug that having a lot of money. GOD bless Cambodia and it’s people