ដោយ ទីន ហ្សាការីយ៉ា
2017-10-21
អាស៊ីសេរី

លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីពីខាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអ្នកនយោបាយជើងចាស់មួយរួប ក្នុងបន្ទប់ផ្សាយអាស៊ីសេរី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Cheu Sideth
អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចលោក លឺ ឡាយស្រេង បានប្រកាសបន្ទន់ឥរិយាបថ និងសូមព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ចំពោះសារបែកធ្លាយសន្ទនា ជុំវិញវិបត្តិនយោបាយ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសជំហរថា អ្វីដែលបានកើតឡើងវាហួសពេលរួចទៅហើយ ហើយកិច្ចការបន្ទាប់នេះ គឺទុកភារកិច្ចឲ្យតុលាការជាអ្នកចាត់ការបន្ត។
លោក លឺ ឡាយស្រេង ពេលនេះហាក់បង្ហាញការភ័យខ្លាច ក្រោយទទួលបានដំណឹងថា លោកកំពុងរងបណ្ដឹងតាមផ្លូវតុលាការ បន្ទាប់ពីមានសារបែកធ្លាយដែលទម្លាយដោយគណនីហ្វេសប៊ុក (Facebook) ឈ្មោះសីហា ជាគណនីស្និតនឹងរដ្ឋាភិបាល ហើយចោទប្រកាន់លោកថា ប្រមាថព្រះមហាក្សត្រតាមរយៈការសន្ទនាជាលក្ខណៈឯកជនរបស់លោក ជុំវិញវិបត្តិនយោបាយចុងក្រោយនេះ។
ស្របពេលគណបក្ស ហ៊្វុនស៊ិនប៉ិច រងការរិះគន់ថា ជាគណបក្សដែលមានយីអ៊ុនឡើងខ្ពស់ ក្រោយពីចូលដៃជាមួយលោក ហ៊ុន សែន ហើយដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ ដើម្បីរំលាយគណបក្សប្រឆាំង ក្រសួងមហាផ្ទៃក៏ចាត់ការបណ្ដឹងទៅតុលាការកំពូលភ្លាមៗនោះ។ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ហាក់លែងខ្វល់អំពីអ្វីក្រៅពីចង់បានអំណាចទាំងបំពាន ទោះបីអតីតអ្នកនយោបាយរួមអាជីពក៏ព្រះអង្គនឹងប្ដឹងដែរ។
លោក លឺ ឡាយស្រេង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលស្គាល់កំហុសរបស់ខ្លួន តាមរយៈសារសន្ទនា ដែលត្រូវបានគណនីហ្វេសប៊ុកឈ្មោះ សីហា ទម្លាយចេញ ហើយទន្ទឹមនឹងនេះលោកក៏អំពាវនាវសូមព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រដែរ។ លោកបន្តថា អ្វីដែលបានកើតឡើង ក្នុងសារសន្ទនានោះ គឺរូបលោកពុំមានចេតនាមើលងាយអង្គព្រះមហាក្សត្រនោះឡើយ។ជាងនេះទៀតលោក លឺ ឡាយ ស្រេង រំពឹងថា ព្រះមហាក្សត្រទ្រង់នឹងអនុគ្រោះតាមការស្នើសុំព្រះរាជទានលើកលែងទោសនេះ។ បើទោះជាបែបណា អ្នកនយោបាយចាស់វស្សារូបនេះ អះអាងថា លោកបានបង្ហោះសារសូមទោសរួចហើយដែរ ក្រោយពីមានសារលេចធ្លាយនេះ។
គណនីហ្វេសប៊ុកឈ្មោះ “សីហា” ដែលតែងលួចថតសារសន្ទនាឯកជនតាមទូរស័ព្ទរបស់គណបក្សប្រឆាំង លើកនេះគណនីហ្វេសប៊ុក ដែលរងការរិះគន់ថា អាចជាមនុស្សដែលស្និតនឹងរដ្ឋាភិបាល បានលួចបញ្ចេញសារសន្ទនាលោក លឺ ឡាយស្រេង វិញម្ដង នៅថ្ងៃទី២១ ខែតុលា។
ការប្រើពេលសន្ទនាប្រមាណជាង ៤នាទី ជាមួយនិងអតីតមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចដូចគ្នា គឺអ្នកស្រី គី លំអង នោះលោក លឺ ឡាយស្រេង អះអាងថា ប្រសិនបើព្រះមហាក្សត្រ ទ្រង់មិនអាចអន្តរាគមន៍ ដោះស្រាយវិបត្តិនយោបាយនេះបានទេ ទ្រង់គួរដាក់រាជ្យវិញទៅ។ ក្រៅពីនេះ លោក លឺ ឡាយស្រេង បានរិះគន់សម្ដេចក្រុមព្រះថាជាអ្នកនយោបាយ ដែលអង្គុយចាំទទួលយកតែផល ដោយមិនចេះអៀនខ្មាស និងធ្វើឲ្យបាត់ព្រះកិត្តិនាមព្រះរាជវង្សានុវង្ស។
ជុំវិញនឹងការថយវិញមួយជំហានរបស់លោក លឺ ឡាយស្រេង នេះមិនត្រូវបានស្វាគមន៍ពីម្ចាស់បណ្ដឹង គឺគណបក្សហ៊្វុនស៊ិនប៉ិចឡើយ។ អ្នកនាំពាក្យគណបក្សនេះគឺលោក ញ៉េប ប៊ុនឈិន អះអាងថា ពេលនេះលោកកំពុងពិគ្រោះយោបល់ជាមួយមេធាវី ក្នុងការដាក់បណ្ដឹងទៅតុលាការ។ លោកបន្តថា ពេលនេះអ្វីៗវាបានហួសពេលអស់ទៅហើយ។
តាមរយៈសារបែកធ្លាយ ដែលពុំបានបញ្ជាក់ពីពេលវេលានៃការសន្ទនានេះ លោក លឺ ឡាយស្រេង ឆ្លើយតបនិងអ្នកស្រី គី លំអង ថាលោកនឹងចូលគាល់ព្រះមហាក្សត្រជាមួយនិងបណ្ឌិត ឡៅ ម៉ុងហៃ ដើម្បីស្នើសុំអង្គព្រះមហាក្សត្រ កុំឲ្យព្រះអង្គឡាយព្រះហត្ថលេខា លើវិសោធនកម្មច្បាប់ចំនួន ៤ ដែលព្រឹទ្ធសភាបានអនុម័ត ពាក់ព័ន្ធនឹងការបោះឆ្នោត។
អ្នកវិភាគនយោបាយចាស់វស្សាលោក បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់អះអាងថា លោកនឹងចូលគាល់ព្រះមហាក្សត្រដោយផ្ទាល់ ជុំវិញវិបត្តិនយោបាយនេះ។ ទាក់ទិននឹងគម្រោងចូលគាល់ព្រះមហាក្សត្រ ដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ សុំឲ្យព្រះអង្គកុំឡាយព្រះហត្ថលេខានេះដែរ លោក លឺ ឡាយស្រេង ហាក់នៅស្ទាក់ស្ទើរចិត្តនៅឡើយ មកដល់ពេលនេះ។
លោក បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា អ្នកដែល ត្រូវគេលួចថតសំឡេងសន្ទនាឯកជននេះ ត្រូវប្ដឹងបកទៅតុលាការវិញ ឲ្យតុលាការវែកមកមុខ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះសីហា ថាតើអ្នកណាជាម្ចាស់ពិត ដើម្បីឲ្យទទួលទោសតាមច្បាប់ ដែលលួចថតសំឡេងការសន្ទនាឯកជនបែបនេះ ជារឿងខុសនឹងរដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ និងច្បាប់មួយចំនួនទៀត ដែលធានាសិទ្ធិឯកជន។
ចំពោះលោក មេធាវី សេក សោភ័ណ វិញ ពន្យល់ថា កម្ពុជាកំពុងតែជាប្រទេសអសន្តិសុខ លោកបានឲ្យនិយមន័យថា អសន្តិសុខពុំមែនមានន័យថាប្រទេសនោះ មានសង្គ្រាម ទើបអសន្តិសុខនោះទេ។ អសន្តិសុខនៅកម្ពុជានៅពេលនេះ គឺពលរដ្ឋមានការភ័យខ្លាច ការសន្ទនាឯកជនលែងជាការសម្ងាត់ជាដើម។
លោក សេក សោភ័ណ បន្ថែមថា រដ្ឋាភិបាលត្រូវចាប់ជនលួចថតសំឡេងគេនេះ យកមកផ្ដន្ទាទោសតាមច្បាប់។ អ្នកដែលតំណាងឲ្យរដ្ឋាភិបាលនោះ គឺព្រះរាជអាជ្ញា ដែលជាអ្នកមានសិទ្ធិតំណាងឲ្យរដ្ឋាភិបាលក្នុងការចាត់ការរឿងនេះ។
លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ យល់ឃើញថា ប្រសិនបើការលើកឡើងរបស់លោក លឺ ឡាយស្រេង ដោយគ្រាន់តែបង្ហាញពីព្រះរាជកិច្ចរបស់ព្រះមហាក្សត្រឡើងវិញ វាមិនល្មើសនឹងច្បាប់នោះទេ។ ប៉ុន្តែអ្នកវិភាគរូបនេះ យល់ឃើញថា រឿងដែលពិបាកបំផុតនោះ នៅត្រង់ការបកស្រាយអំពីខ្លឹមសារនៃច្បាប់នៅកម្ពុជាសព្វថ្ងៃនេះ បានក្លាយជារឿងដែលស្មុគស្មាញទៅហើយ។
អ្នកវិភាគនយោបាយយល់ឃើញថា ការរិះគន់គណបក្សហ៊្វុនស៊ិនប៉ិច បើគិតនៅលើបណ្ដាញសង្គមហ្វេសប៊ុកសព្វថ្ងៃនេះវិញ គឺភាសាគ្រោតគ្រាតជាងនេះទៅទៀត។ ប៉ុន្តែ ដោយសារនេះជាទិដ្ឋភាពនយោបាយ ទោះរឿងនោះ មានទំហំល្មមអាចបញ្ចប់បាន ក៏ប្រឹងរុញសភាពការណ៍បន្ថែមឲ្យក្លាយជាបញ្ហាចាក់ស្រេះដោះមិនចេញដែរ ប្រយោជន៍ដើម្បីអំណាច។
អ្នកវិភាគពន្យល់ថា រដ្ឋាភិបាលបើកឲ្យមានអំពើបែបនេះ គឺរដ្ឋាភិបាលកំពុងតែខ្លាច ស្រមោលខ្លួនឯង ហើយលែងទុកចិត្តគេឯង ក៏បង្កើតឲ្យមានប្រព័ន្ធតាមដានបែបនេះ ទោះបីជាការសន្ទនាឯកជនក្ដី ទង្វើទាំងនេះ អ្នកវិភាគចាត់ទុកថា រដ្ឋាភិបាលកំពុងតែដឹកនាំប្រទេសផ្ដាច់ការ ដែលធ្វើឲ្យប្រទេសលែងមានសន្តិសុខ និងប៉ះពាល់ដល់អ្នកវិនិយោគ លែងហ៊ានមកវិនិយោគនៅកម្ពុជា ដោយសារតែរដ្ឋាភិបាលគ្រប់គ្រងប្រទេស បែបអានាធិបតេយ្យ ប្រព័ន្ធអនុវត្តច្បាប់ស្ថិតនៅក្រោមបញ្ជារដ្ឋាភិបាល បែបនេះ។
អតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច អ្នកស្រី គឺ លំអង ត្រូវបានហ្វេសប៊ុក ឈ្មោះ សីហា បញ្ចេញសារសន្ទនា ជាមួយលោក លឺ ឡាយស្រេង ជាលើកទី២ទៀត កាលពីថ្ងៃទី២១ តុលា ក្រោយពេលសារសន្ទនាលើកទី១ ត្រូវបានប្រភពដែលស្និទ្ធនឹងរដ្ឋាភិបាលទម្លាយចេញ ហើយចោទ លោក លឺ ឡាយស្រេង ថា ប្រមាថព្រះមហាក្សត្រ។
ខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទលើកទី២នេះ អ្នកស្រី គី លំអង សម្ដែងការភ័យខ្លាច ក្រោយពីគណនីហ្វេសប៊ុកឈ្មោះ សីហា លួចថតសំឡេង ហើយយកមកផ្សព្វផ្សាយជាសាធារណៈឥតក្រែងរអាច្បាប់អ្វីឡើយ។ អ្នកស្រីស្នើឲ្យអតីតសហការី ដែលជារៀមច្បងរបស់ខ្លួន គឺលោក លឺ ឡាយស្រេង ចេញឃ្លីបវីដេអូ សុំទោសជាសាធារណៈ ហើយជួយប្រាប់ថា អ្នកស្រីមិនបានពាក់ព័ន្ធអ្វីទេ ផ្ទុយទៅវិញ អ្នកស្រីបានកោតសរសើរលោក ហ៊ុន សែន អំពីការអភិវឌ្ឍ គ្រាន់តែលោក ហ៊ុន សែន ស្ដាប់ពួកអាម៉ីអាថោង តែប៉ុណ្ណោះ។
អាស៊ីសេរីមិនអាចទាក់ទង អ្នកស្រី គី លំអង ដើម្បីសុំការអត្ថាធិប្បាយពីករណីនេះបន្ថែមបានទេ នៅពីថ្ងៃទី២១ តុលា៕
យើងនិងរកក្រុមមេធាវីដើម្បីប្ដឹង Facebook សីហា ទៅតុលាការក្រុងភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះពីបទរំលោភនិងការលួចស្ដាប់ភាពជាឯកជនរបស់អ្នកដ៏ទៃ។យើងស្គាល់ច្បាស់ថានរណាជាក្រុម សីហា គឺក្រុមរបស់ ហ៊ុន ម៉ាណែត ១០០%។
LY LAI SRENG has done nothing wrong he just worry about the major situation that can harm to his own nation. we Cambodian are also worry because this HUN SEN leadership is going to push this sad nation in a bloody situation. LY LAI SRENG and all Cambodian is having last solution is to ask the king to help solve this major problem that has happen. I also upset about the king that he was so quiet. in our constitution said the king is having his rule in any major problem when the country is in danger situation. what a point to be the king if he is not care about his own people . and also how can he be king if he have no country to live . I knew the party that leaded by RANARITH was not strong and also mistrust by Cambodian . too bad too late this royal family RANARITH was not strong enough to leaded the nation. instated he made his leadership broken a part and most of his supporter Khmer nationalist was murder by HUN SEN evil leader of this sad nation. after all Cambodian seem to be lost their trust to this royal family in peace maker for his own people. GOD bless Cambodia and it’s people