អ្នក​នាំ​ពាក្យ​បក្ស​រាជានិយម​ថា​នឹង​បន្ត​នីតិវិធីប្តឹង​ ទោះ​លោក លឺ ឡាយស្រេង សុំអភ័យ​ទោស

ដោយ សឿង ភារៈ
22/10/2017
RFI

media
លោកព្រឹទ្ធាចារ្យ​ លឺ ឡាយស្រេង ​អតីត​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ​និង​ជា​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​អភិវឌ្ឍន៍​។ @facebook​


អ្នក​នាំ​ពាក្យ​គណបក្សរាជា​និយម​ហ្វ៊ុនស៊ិនប៉ិច​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា គណបក្ស​កំពុង​តែ​បន្ត​នីតិវិធី​រៀប​ចំប្តឹង ជុំវិញ​ការ​លើក​ឡើង​របស់​លោក លឺ ឡាយស្រេង ​ដែល​គណបក្ស​នេះ យល់​ថា​ប្រមាថ​ព្រះមហាក្សត្រ និងសម្តេច​ក្រុម​ព្រះ ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ការ​បង្ហាញ​ជំហរ​ដាច់ខាត​នេះ​ គឺ​បន្ទាប់​ពី​លោក លឺ ឡាយស្រេង បាន​សុំអភ័យ​ទោស និង​ព្រះរាជ​ទាន​លើក​លែង​ទោស ចំពោះ​ការ​លើក​ឡើង​របស់​លោក។

រឿងរ៉ាវ​ដែល​នាំ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្តឹង​លោក លឺ ឡាយស្រេង អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ កើត​ឡើង​បន្ទាប់​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ “សីហា” បាន​ទម្លាយ​សារ​សំឡេង​សន្ទនា​គ្នា​រវាង​លោក លឺ ឡាយស្រេង ​ជា​មួយ​នឹង​អតីត​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មួយ​រួប​ទៀត គឺ​លោក​ស្រី គី លំអង កាល​ពីថ្ងៃទី២១ ខែតុលា។ នៅ​ក្នុង​សំឡេង ដែល​បែក​ធ្លាយ និង​ដែល​ត្រូវ​បាន​អះអាង​ថា​ជា​សំឡេង​លោក លឺ ឡាយស្រេង​នោះ បាន​លើក​ឡើង​សំដៅ​លើ​ព្រះមហាក្សត្រ​ថា “បើ​មិន​ហ៊ាន​ទេ ឲ្យ​ដាក់​រាជ្យ​ទៅ ឲ្យ​គេ​ទៅ​ធ្វើ​ម្តង​វិញ”៕

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​បែក​ធ្លាយ​សារ​សំឡេង​សន្ទនា​នេះ​ លោក លឺ ឡាយស្រេង បាន​ប្រកាស​សុំ​ព្រះរាជទាន​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​តាម​រយៈ​ហ្វេស​ប៊ុក​របស់​លោក។ ក្នុង​វីដេអូរយៈពេល​៣នាទី លោក​បាន​អះអាង​ថា​លោក​អាច​មាន​ពាក្យ​ថ្លោះធ្លោយ​ពិត​មែន ប៉ុន្តែ​គ្មាន​ចេតនា​អ្វី ទៅ​ប្រមាថ​ដល់​ព្រះមហាក្សត្រកម្ពុជា​នោះ​ទេ។ លោក លឺ ឡាយស្រេង បាន​ទទួល​ស្គាល់​ថា​លោក​មាន​ប្រើ​ពាក្យ​លើសលួស​ខ្លះៗ ហើយ​លោក​សុំ​អភ័យ​ទោស និង​ព្រះរាជ​ទាន​លើក​លែង​ទោស ពី​លោកនាយក​រដ្ឋ​មន្ត្រី និង​ព្រះមហាក្សត្រ​កម្ពុជា​។ លោក​បន្ថែម​ថា​សូមកុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ចំពោះ​លោក​ស្រី​ គី លំអង ព្រោះ​លោក​ស្រី​គ្រាន់​តែ​ជា​អ្នក​ស្តាប់​តែ​ប៉ុណ្ណោះ។​

លោក ញ៉េប ប៊ុនជិន អ្នក​នាំ​ពាក្យ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច បាន​ថ្លែង​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃទី​២២​ ខែ​តុលា​នេះ ថា គណបក្ស​រាជានិយម​មួយ​នេះ មិន​ថយ​ក្រោយ​ទេ​ចំពោះ​ការ​ប្តឹង​លោក លឺ ឡាយស្រេង ហើយ​ពេល​នេះ​ពាក្យ​បណ្តឹង​បាន​ទៅ​ដល់​ដៃ​មេធាវី​របស់​គណបក្ស​ហ៊្វ៊ុនស៊ិនប៉ិច​៤នាក់ហើយ​។ លោក​ញ៉េប ប៊ុនជិន ក៏​សង្ឃឹម​ថា​លោក លឺ ឡាយស្រេង​នឹង​មិន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ពេល​ក្រោយ​ទៀត​ទេ​។

បើ​តាម​លោក​ញ៉េប ប៊ុនជិន អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​សារ​សំឡេង ដែល​បែក​ធ្លាយ​នេះ​ក៏​មិន​រួច​ខ្លួន​ដែរ។ លោក​បញ្ជាក់​ថា​គណបក្ស​ហ៊ុ្វនស៊ិនប៉ិច​មិន​ចង់​ប្តឹង​លោក លឺ ឡាយស្រេងទេ ប៉ុន្តែ​នេះ​ដោយ​សារ​តែ​លោក ជា​អ្នក​បង្ក​រឿង​នេះ​ឡើង។ លោក​អះអាង​ថា​លោក លឺ ឡាយស្រេង ជេរ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច និង​សម្តេចក្រុម​ព្រះ ជា​ច្រើន​ខែ​មក​ហើយៗ គណបក្ស​ក៏​តែង​រំឭក​ប្រាប់​លោក​ជា​ច្រើន​ដង​មក​ហើយ​ដែរ៕

 

What Next?

Recent Articles