ដោយ អេង គីមហុង
22/10/2017
RFI

រូបថតៈ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤ (rfi/siv channa)
អ្នកនាំពាក្យតុលាការកំពូលបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យនេះ ថា តុលាការកំពុងរងចាំការដាក់ឯកសារ ពីខាងគណបក្សសង្គ្រោះជាតិត្រឡប់មកវិញនៅក្នុងសំណុំរឿងប្ដឹងរំលាយបក្ស។ ចំណែកគណបក្សសង្គ្រោះជាតិវិញ នៅតែរក្សាជំហរដដែលគឺមិនចាប់អារម្មណ៍ ហើយក៏មិនដាក់ឯកសារអ្វីទាំងអស់ទៅកាន់តុលាការកំពូលដែរ គិតមកដល់ពេលនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ បានអះអាងថា ជំហររបស់គណបក្សគឺនៅដដែលមិនដាក់ឯកសារឆ្លើយតបឡើយ និងបណ្ដោយឲ្យតុលាការកំពូលធ្វើអ្វីទៅតាមចិត្តដែលចង់ធ្វើទៅចុះ។ មូលហេតុដែលសង្គ្រោះជាតិមិនដាក់ឯកសារឆ្លើយតប ដោយសារតែគណបក្សយល់ថា តុលាការកម្ពុជាមិនទទួលបានជំនឿទុកចិត្តពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ នេះបើតាមលោក ម៉ៅ មុនីវណ្ណ។
លោក ម៉ៅ មុនីវណ្ណ ក៏បានលើកឡើងជាថ្មីដែរថា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមែននោះ វាស្មើនឹងរំលាយឆន្ទៈពលរដ្ឋខ្មែរ៣លាននាក់ដែរ ហើយពេលនោះនឹងធ្វើឲ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពឯកោដូចទសវត្សរ៍ឆ្នាំ៨០វិញ។ ចំពោះលោក ម៉ៅ មុនីវណ្ណ បើស្ថានភាពស្រុកទេសរុញឲ្យគណបក្សសង្គ្រោះជាតិត្រូវរំលាយ គណបក្សសង្គ្រោះជាតិក៏គ្មានអ្វីត្រូវពិចារណា ក្នុងការបង្កើតគណបក្សថ្មីមកជំនួសដែរ។ មិនបង្កើតបក្សថ្មីដោយយល់ថា ប្រសិនបើបក្សថ្មីបង្កើតឡើងនឹងមានហេតុផលណាមួយមកលុបបំបាត់ទៀតដដែល។
ប៉ុន្តែយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិក៏កំពុងរងចាំមើលពីនិតិវិធីរបស់តុលាការចំពោះគណបក្សសង្គ្រោះជាតិដែរ។ ពីខាងតុលាការកំពូលត្រឡប់មកវិញ លោក នៅ មុនីជោត អ្នកនាំពាក្យតុលាការបានប្រាប់វិទ្យុបារាំងតាមប្រព័ន្ធតេឡេក្រាមថា ក្នុងករណីដែលគណបក្សសង្គ្រោះជាតិនៅតែមិនព្រមដាក់ឯកសារឆ្លើយតបទេ តុលាការនឹងបន្តនីតិវិធីដែលស្រាប់។
គួររម្លឹកថា មេធាវីរបស់ក្រសួងមហាផ្ទៃ ដែលជាដើមបណ្ដឹងកាលពីថ្ងៃទី៦ខែតុលានេះប្រមូលភស្តុតាំងចំនួន២១កញ្ចប់ ប្ដឹងទៅកាន់តុលាការកំពូលដោយរួមមាន៖ សម្ដីផ្ទាល់ខ្លួនរបស់លោក កឹម សុខា និងវីដេអូឃ្លីបចំនួនបី ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិបានសហការនិងត្រូវបានគាំពារដោយបរទេស។ ក្រៅពីប្ដឹងរំលាយគណបក្សហើយ មេធាវីក៏បានប្ដឹងព្យួរសកម្មភាពគណបក្សសង្គ្រោះជាតិរហូតដល់ទៅ៥ឆ្នាំផងដែរ។
សម្រាប់អ្នកវិភាគ ប្រសិនបើគណបក្សសង្គ្រោះជាតិរងការរំលាយមែននោះនឹងប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតជាតិឆ្នាំ២០១៨។ ប៉ះពាល់ដោយសារតែគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលជាផ្នែកមួយធ្វើឲ្យការបោះឆ្នោតនេះមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ៕
បើ”សំដី នាយករដ្ធមន្ត្រី” សម្រេច មុនតុលាការទៅហើយ តើបក្សប្រឆាំងទៅបំពេញកិច្ចនៅ”តុលាការរដ្ធអំណាច”បានការអ្វី?។តុលាការច្បាស់ជា ស្រែកដូច”សត្វសេក”អញ្ជឹង” ទុកផ្តល់សំណុំរាប់តោនក៍ដោយ។