ដោយ លោក លី វេហា | ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧ | ម៉ោង 3:27 PM
http://vodhotnews.com

លោក ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមកម្មករកម្មការិនីរាប់ពាន់នាក់ (FB: លោក ហ៊ុន សែន)
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលបានរៀបចំកញ្ចប់ថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំៗ សម្រាប់ផ្ដល់ទៅកម្មករក្នុងវិស័យកាត់ដេរ បន្ថែមលើប្រាក់ខែរបស់ពួកគេដែលគ្រោងដំឡើងដល់ ១៧០ដុល្លារ ចាប់ពីឆ្នាំក្រោយនេះ។
លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២២ ខែតុលានេះ ខណៈដែលលោកជួបសំណេះសំណាលជាមួយក្រុមកម្មករកម្មការិនីរាប់ពាន់នាក់ មកពីតាមបណ្ដារោងចក្រនានា នៅឯមជ្ឈមណ្ឌលកោះពេជ្រ។
លោក ហ៊ុន សែន រៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា រដ្ឋាភិបាលត្រៀមថិវកាប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំៗសម្រាប់ផ្ដល់ទៅកម្មករ ដែលប្រាក់ទាំងនោះសម្រាប់បន្ថែម ៥ដុល្លារក្នុងខែ លើប្រាក់ខែគោល ១៦៥ ដុល្លារ ដើម្បីឲ្យប្រាក់ខែកម្មករនឹងឡើងដល់ ១៧០ដុល្លារនៅដើមឆ្នាំក្រោយ។
លោក ហ៊ុន សែន បានលើកឡើងថា៖ «តាមពិតក្រុមហ៊ុនបើកជូនក្មួយៗ ១៦៥ដុល្លារ តែរាជរដ្ឋាភិបាលបានប៉ះប៉ូវប្រាក់ជូនក្មយៗកម្មករបន្ថែម ៥ដុល្លារ ដែលប្រាក់នេះ គឺបានមកពីប្រាក់ពន្ឋកាត់ទុក ដែលត្រូវពន្យារការប្រមូលរហូតដល់ឆ្នាំ ២០២២ និងប្រាក់កម្រៃនាំចេញ។ គឺមានន័យថា រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ៤០លានដុល្លារក្នុង ១ឆ្នាំៗដើម្បីបន្ថែមជូនកូនក្មួយកម្មករកម្មការនី»។
លោក ហ៊ុន សែន លើកឡើងបន្តថា សព្វថ្ងៃប្រាក់ឈ្នួលគោលសម្រាប់កម្មករ បានឡើងដល់ ១៥៣ដុល្លារ ក្នុងមួយខែ ប៉ុន្តែ ចាប់ពីឆ្នាំ ២០១៨ខាងមុខ ប្រាក់ឈ្មួលគោលសម្រាប់កម្មករ នឹងឡើងដល់ ១៧០ដុល្លារ ហើយបូកនឹង ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលលោកនាយករដ្ឋមន្ត្រីថា គឺអាចបានច្រើនជាង ២០០ដុល្លារក្នុងមួយខែ៕