ដោយ អាស៊ីសេរី
2017-10-22

លោក សួន រីដា តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ចូលរួមក្នុងសន្និសីទកាសែតនិយាយពីការវិវឌ្ឍនយោបាយ នៅមុខទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០១៧។ Photo: RFA
តំណាងរាស្ត្រមួយរូបរបស់គណបក្សប្រឆាំង បានចេញមុខចោទប្រកាន់ទៅ គណបក្សប្រជាជនកម្ពុជា ថាបើផ្អែកតាមច្បាប់គណបក្សកាន់អំណាចទៅវិញទេ ដែលត្រូវរំលាយចោល។ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ មកពីគណបក្សសង្គ្រោះជាតិ លោក សួន រីដា ថា គណបក្សកាន់អំណាចមានដើមកំណើតមកពីវៀតណាម បានកាត់ដីឲ្យវៀតណាម និងធ្លាប់បង្កើតឱ្យមានអបគមន៍ ដូច្នេះហេតុផលទាំងនោះសមល្មមនឹងរំលាយចោល។
មូលហេតុដែលតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ មកពីគណបក្សប្រឆាំងលោក សួន រីដា បានសរសេរនៅលើហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោក នៅថ្ងៃទី២២ ខែតុលា ថា គណបក្សប្រជាជនកម្ពុជា អនុញ្ញាតឲ្យជនជាតិវៀតណាម លោក សុខ គង់ និងជនជាតិថៃ លោក លី យ៉ុងផាត់ ធ្វើជាសមាជិកព្រឹទ្ធសភា។ បំផ្លាញគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឃុបឃិតជាមួយអតីតមេដឹកនាំខ្មែរក្រហម បើកឱកាសឱ្យជនជាតិចិន និងវៀតណាម ជាឈ្មួញទុច្ចរិតបំផ្លាញធនធានធម្មជាតិ និងចំណុចចុងក្រោយគឺលោក ហ៊ុន សែន ស្រែកជេរអន្តរជាតិ ដែលជាបណ្ដាឲ្យប្រទេសផ្ដល់ជំនួយ លើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈផ្ដល់ភាពអនុគ្រោះពន្ធនាំចូលសំលៀកបំពាក់ ស្បែកជើង ដែលជាហេតុនឹងបង្កើតឱ្យមានចលាចលសេដ្ឋកិច្ចសង្គម និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធ្លាក់ចុះ។ លោកថា ហេតុផលនេះទាំងនេះ បើផ្អែកតាមច្បាប់គណបក្សនយោបាយមាត្រាទី៦ថ្មី និង៤៤ថ្មី គណបក្សប្រជាជនកម្ពុជានឹងត្រូវរំលាយចោល។
ការលើកឡើងរបស់តំណាងរាស្ត្រគណបក្សប្រឆាំងដូចនេះ ខណៈគណបក្សសង្គ្រោះជាតិ កំពុងប្រឈមការរំលាយចោល ព្រោះរដ្ឋាភិបាលបានប្ដឹងទៅតុលាការកំពូលឲ្យរំលាយគណបក្សនេះ។
ទាក់ទងការចោទរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សួន រីដា មកលើគណបក្សប្រជាជនកម្ពុជាដូចនេះ អ្នកវិភាគនយោបាយលោក សូ ចន្ថា ថា លោកមិនគាំទ្រការចោទគ្នាទៅវិញទៅមកដូច្នេះទេ ព្រោះមិនចំណេញដល់ជាតិ។ ប៉ុន្តែលោកថា នេះជារឿងធម្មតាទេ នៅពេលមានបញ្ហានយោបាយគណបក្សទាំងពីរតែរកចំណុចខ្សោយរបស់គូប្រកួតមកវាយប្រហារ។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានញឹកញាប់មុនការសម្រេចរបស់តុលាការថា គណបក្សប្រឆាំងនឹងត្រូវរំលាយចោល ទោះសហគមន៍អន្តរជាតិកំពុងថ្កោលទោសលោកយ៉ាងក៏ណាពីផែនការរំលាយគណបក្សសង្គ្រោះជាតិ។
ជាថ្មីម្ដងទៀត នៅថ្ងៃទី២២ ខែតុលា នៅពេលលោក ហ៊ុន សែន ជួបជាមួយកម្មករកម្មការិនីនានា នៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានព្រមានថា ៩៩ភាគរយ គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយចោល។ សារព័ត៌មានហ្វ្រេសញូវ (Fresh News) បានដកស្រងសម្ដីលោក ហ៊ុន សែន មកផ្សាយបន្តថា នៅពេលគណបក្សសង្គ្រោះជាតិត្រូវរំលាយ បើសមាជិកសភា មេឃុំ-ចៅសង្កាត់ និងសមាជិកប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសរបស់គណបក្សនេះ មកចុះចូលជាមួយគណបក្សលោក នឹងទុកដំណែងឲ្យនៅដដែល។ លោក ហ៊ុន សែន អួតអាងថា នេះជាយុទ្ធសាស្ត្រឈ្នះឈ្នះរបស់លោក។
យ៉ាងណាក៏ដោយចុះ អ្នកវិភាគនយោបាយលោក សូ ចន្ថា សង្កេតឃើញថា បើមើលទៅលើសន្ទុះអន្តរជាតិដែលប្រតិកម្មនៅពេលនេះ គណបក្សសង្គ្រោះជាតិនឹងមិនត្រូវរំលាយចោលនោះទេ។ លោកថា អ្វីដែលកើតមកលើគណបក្សប្រឆាំងផ្ទួនៗបែបនេះ គឺគ្រាន់តែជាយុទ្ធសាស្ត្រធ្វើឲ្យគណបក្សគណបក្សប្រឆាំងចុះខ្សោយ និងគ្មានមេដឹកដែលធ្វើឲ្យគណបក្សកាន់អំណាចឈ្នះ មុនពេលបោះឆ្នោតប៉ុណ្ណោះ។
សង្គមស៊ីវិលអន្តរជាតិថា ចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មកលើគណបក្សប្រឆាំងនៅពេលនេះ ជារដ្ឋប្រហារត្រជាក់ដើម្បីកម្ទេចគូប្រកួតមុនការបោះឆ្នោត។ នៅពេលនេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសតែងតែចេញមកធ្វើបាតុកម្មទាមទារឲ្យដោះលែងប្រធានគណបក្សប្រឆាំងលោក កឹម សុខា បញ្ឈប់ផែនការរំលាយគណបក្សសង្គ្រោះជាតិ។ ចំណែកតំណាងរាស្ត្រគណបក្សប្រឆាំងនៅក្នុងប្រទេស គ្រោងនឹងសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីយាងទ្រង់ធ្វើជាអាជ្ញាកណ្ដាលសម្របសម្រួលបញ្ចប់វិបត្តិនយោបាយ៕
Of course cpp party is the betray people’,betray the nation’betray cambodian people’.Since 1979 this party bring Youn-hanoi to invade cambodia without approve from International ‘ and Youn-hanoi rob everything from cambodia’ even all forest since 1979 till now’ and this government leaded by veitcong mafia dictator did the coup killing a lot of khmer people not respected international and bury parish accord ,gave Tral island to youn’ etc ‘.Cpp continue betray our nation and do everything against the constitution and international .Since invade cambodia ‘youn-hanoi take billions dollars from our country’ we are khmer people must ask international to help ‘and restore our country in the name of democracy’. GOD bless all cambodian people’