លោក ហ៊ុន សែន ប្រកាស​ប្ដឹង​លោក លឺ ឡាយស្រេង បន្ថែម​លើ​បណ្ដឹង​ពី​បក្ស​ហ៊្វុនស៊ិនប៉ិច

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ


លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ប្ដឹង​ លោក លឺ ឡាយស្រេង បន្ទាប់​ពី​អតីត​មន្ត្រី​ជាន់​ខ្ពស់​ហ៊្វុនស៊ិនប៉ិច ​រូប​នេះ ត្រូវ​បាន​ចោទ​ថា បាន​ប្រមាថ​ព្រះ​មហាក្សត្រ និងបរិហា​កេរ្តិ៍​លោក​នាយករដ្ឋ​មន្ត្រី ក្រោយ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ត្រូវ​បាន​ទម្លាយ​លើ​បណ្ដាញ​សង្គម។

សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក លឺ ឡាយស្រេង អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​មក​ពី​កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​លោកស្រី គី លំអង ត្រូវ​បាន​ទម្លាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក «សីហា» ជា​បណ្ដាញ​សង្គម​មួយ​ ដែល​ធ្លាប់​បាន​ទម្លាយ​សំឡេង​សន្ទនា​ឯកជន​ក្រុម​មេដឹកនាំ​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​នា​ពេល​កន្លងម​ក។

ក្នុង​សំឡេង​សន្ទនា​នោះ​ត្រូវ​បាន​ទម្លាយ​ដោយ​ទំព័រ​ហ្វេសប៊ុក «សីហា» ​នោះ លោក លឺ ឡាយស្រេង និយាយ​ថា​៖ «បើ​មិន​ហ៊ាន​ទេ ឲ្យ​ដាក់​រាជ្យ​ទៅ ឲ្យ​គេ​ធ្វើ​វិញ​ម្ដង មាន់​គ្រៀវ​អញ្ចឹង​នោះ»

អតីត​មន្ត្រី​ជាន់​ខ្ពស់​ហ៊្វុនស៊ិនប៉ិច​រូប​នេះ បាន​លើក​ឡើង​បន្ត​​ថា៖ «សុខៗ ហ៊ុន សែន ឲ្យ​ជិត ១​លាន​[ដុល្លារ]​ទៀត​ហើយ ចុះ​បើ​ម្នាក់ ២​ម៉ឺន[ដុល្លារ] ជិត​ ១​លាន​បាត់​ទៀត​ហើយ»

បន្ទាប់​ពី​សំឡេង​សន្ទនា​នោះ​ត្រូវ​បាន​ទម្លាយ អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ត្រូវ​បាន​សារព័ត៌មាន​ Fresh News ដក​ស្រង់​សម្ដី​ចុះផ្សាយ​​កាលពី​ថ្ងៃ​ទី​២១ ខែ​តុលា​ថា គណបក្ស​រាជានិយម​មួយ​នេះ កំពុង​ពិចារណា​ដាក់​ពាក្យ​ប្ដឹង​លោក លឺ ឡាយស្រេង ដោយ​ចោទ​អតីត​សហការី​រូប​នេះ​ថា បាន​ប្រមាថ​ព្រះ​មហាក្សត្រ និង​ប្រធាន​គណបក្ស​នេះ គឺសម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ។

បន្ថែម​លើ​បណ្ដឹង​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មក​កម្មការិនី​ប្រហែល ៤​ពាន់​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រាប់​ថា​៖ «ខ្ញុំ​ក៏​កំពុង​​ពិនិត្យ​ថា​តើ​ប្ដឹង ឬ​មិន​ប្ដឹង ប៉ុន្តែ លទ្ធភាព​ភាគ​ច្រើន ខ្ញុំ​នឹង​ប្ដឹង លឺ ឡាយស្រេង ដោយ​បាន​ចោទ​ខ្ញុំ​ថា បាន​ឲ្យ​ហ៊្វុនស៊ិនប៉ិច​ម្នាក់ ២​ម៉ឺន​ដុល្លារ។ អញ្ចឹង ក្រៅ​ពី​សម្ដេច​ក្រុម​ព្រះ​ប្ដឹង ខ្ញុំ​នៅ​មាន​លទ្ធភាព​ប្ដឹង លឺ ឡាយស្រេង។ អញ្ចឹង​ សូម​មេធាវី​របស់​ខ្ញុំ​រៀបចំ​ពិនិត្យ​មើល ខ្ញុំ​នឹង​ប្ដឹង លឺ ឡាយស្រេង»

ទោះជាយ៉ាងណា នៅ​ក្នុង​វីដេអូ​ឃ្លីប​ថ្មី​មួយ​ទៀត​ដែល​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក​ លឺ ឡាយស្រេង បាន​សម្ដែង​ការ​សុំ​ទោស​ចំពោះ​ព្រះមហាក្សត្រ និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ស្នើ​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​លើ​ លោកស្រី គី លំអង ប៉ុន្តែ លោក​ពុំ​បាន​ថ្លែង​សុំ​ទោស​ចំពោះ​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ នោះ​ឡើយ។

សំឡេង​សន្ទនាតាម​ទូរស័ព្ទ​រវាង​លោក លឺ ឡាយស្រេង និង​​លោកស្រី គី លំអង ត្រូវ​បាន​ទម្លាយ បន្ទាប់​ពី​មាន​ការ​ចោទ​សួរ​ថា តើ​ព្រះ​មហាក្សត្រ ព្រះ​ករុណា នរោត្ដម សីហមុនី នឹង​ឡាយ​ព្រះហស្ថលេខា​លើ​សំណើ​កែ​ប្រែ​ច្បាប់​៤ ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ឬ​យ៉ាង​ណា។

សំណើ​វិសោធនកម្ម​ច្បាប់៤នោះ ​ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​អនុម័ត​នៅ​ដើម​សប្ដាហ៍​មុន ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មុន​នឹង​បញ្ជូន​ទៅ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា ដើម្បី​ចូល​ជា​ធរមាន។

សំណើ​វិសោធន​កម្ម​ច្បាប់​ទាំង៤​នេះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​ចាត់​ទុក​ជា​ការ​ប៉ុន​ប៉ង ​ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្ស​ប្រឆាំង និង​បែង​ចែក​អាសនៈ​សភា​របស់​គណបក្ស​នេះ ទៅ​ឲ្យ​គណបក្ស​តូចៗ ក្នុង​នោះ​មាន​ទាំង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ផង​ដែរ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ប្រកាស​ប្ដឹង​លោក លឺ ឡាយស្រេង បន្ថែម​លើ​បណ្ដឹង​ពី​បក្ស​ហ៊្វុនស៊ិនប៉ិច"

  1. ?? says:

    I’m felling bad about what RANARITH and HUN SEN trying to sue LY LAI SRENG the older generation that know the dangerous of this nation right now. he is an older generation Khmer nationalist who can not stand and watching when he seeing his nation in dangers. it was not just LY LAI SRENG all Khmer older generation are worry about political uncertainty in Cambodia. it is not only LY LAI SRENG who wonder why the king was not come to fulfil his duty as the king when his nation is in a very dangerous situation. all Khmer nationalist inside the country and out are very frustrated by seeing that bloody situation created by the evil HUN SEN . we Cambodian are keep watching this royal family who involve whit a dumb leader HUN SEN will do to his own nation. it can changing all Cambodian mind to rethink again about kingdom of Cambodia. what the point if the king is only the toy for the dumb leader of the world. I knew it was a powerful US $ that made this royal family keep quiet. what the point that HUN SEN leadership took those powerful AMERICKANG dollar from this nation treasury and gave a bit of it to this royal family just to keep them quiet. that will be the next question about kingdom of Cambodia . GOD bless Cambodia and it’s people