Mon, 23 October 2017
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អ្នកនិពន្ធកំណាព្យដែលកំណត់នាមខ្លួនលោកថា ចំណាប់ ឈុន (Chamnap Chhun) បាននិពន្ធកំណាព្យជាច្រើនរៀបរាប់ពីជំងឺសង្គមដែលមនុស្សភាគច្រើនមិនហ៊ាននិយាយ។
មុនពេលរៀបចំជំនួបនៅក្នុងហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ លោក ចំណាប់ឈុន បានបង្ហាញពីលក្ខខណ្ឌមួយចំនួនដែលត្រូវចៀសវាងដូចជា រូបថត ការនិយាយអំពីអាយុ ឈ្មោះពិតរបស់ខ្លួន និងស្រុកកំណើតជាដើម។
លោកពន្យល់ថា៖ «ខ្ញុំដើរតួធ្វើជាមនុស្សពីរផ្សេងគ្នា។ ទីមួយគឺជាកវីអនាមិកដែលវេទិការបស់វាគឺប្រព័ន្ធផ្សព្វផ្សាយសង្គមហើយមួយទៀតគឺបុរសម្នាក់ដែលតែងបង្ហាញខ្លួនមកធ្វើការជារៀងរាល់ថ្ងៃដើម្បីលក់ផលិតផលកសិកម្មនៅតាមទីជនបទ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក ឈុន គឺជាកវីនិពន្ធកំណាព្យដ៏មានប្រជាប្រិយម្នាក់។
តាំងពីលោកបានចាប់ផ្តើមសរសេរកំណាព្យកាលពី ៣ ឆ្នាំមុនកំណាព្យស្តីអំពីជំងឺសង្គមដែលជារឿយៗតែងដាក់បញ្ចូលការរិះគន់ និងការអត្ថាធិប្បាយរឿងនយោបាយដែលត្រូវបានចែករំលែក (Share) រាប់ពាន់ដងតាមរយៈហ្វេសប៊ុក។
លោកបានផ្សព្វផ្សាយដោយបង្ហោះរូបភាពអមដោយសំណេរសរសេរដោយដៃយ៉ាងផ្ចិតផ្ចង់លើក្រដាសទំហំ A4 ជាមួយនឹងទឹកប៊ិកពណ៌ខៀវ។
លោកបញ្ជាក់ថា៖ «នៅពេលចាប់ផ្តើមដំបូង ខ្ញុំមិនបានសរសេរអ្វីដែលពាក់ព័ន្ធនឹងរឿងនយោបាយទេ ប៉ុន្តែក្រោយមកខ្ញុំកត់សម្គាល់ឃើញថាមានបញ្ហាជាច្រើននៅក្នុងសង្គមនេះដូច្នេះហើយខ្ញុំគិតថាការប្រើប្រាស់គំនូសិល្បៈរបស់ខ្ញុំរួមផ្សំជាមួយកំណាព្យអាចនឹងទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សបានច្រើន»។
កំណាព្យមួយក្នុងចំណោមកំណាព្យជាច្រើនរបស់លោកដែលមានចំណងជើងថា «ចម្ងល់ឆ្នាំងអ៊ុត» កំណាព្យនោះមានលក្ខណៈលន្លង់លន្លោចដែលរៀបរាប់អំពីការកាប់បំផ្លាញព្រៃឈើ និងគ្រោះថ្នាក់នៃការធ្វើទំនើបកម្ម។ នៅក្នុងកំណាព្យនោះលោក ឈុន បានរៀបរាប់ថា៖ «សម័យឆ្នាំងអ៊ុតនៅប្រើធ្យូង ឈើបេង គ្រញូង ដុះត្រៀបត្រា ព្រៃស្រោង ព្រៃស្រង់ គង់រក្សា ប្រើធ្យូងយ៉ាងណាគ្មានព្រួយអ្វី»។
លោកបានបន្តថា៖ «សម័យឆ្នាំងអ៊ុតអគ្គិសនី ដោតឌុយនៅព្រី តែអស់ព្រៃ ខ្ញុំឆ្ងល់ ខ្ញុំខ្វល់ ខ្ញុំភិតភ័យ ប្រើឆ្នាំងអ៊ុតថ្មីព្រៃទៅណា»។ លោកប្រើឃ្លាចុងចួនដោយលំនាំបទពាក្យប្រាំពីរ។
ទោះបីជាហាងកាហ្វេមិនមានមនុស្សក៏ដោយ ក៏លោក ឈុន និយាយមិនសូវឮខ្លាំង និងអមជាមួយសំណើចតិចៗ។ នៅលើទំព័រហ្វេសប៊ុករបស់លោក អ្នកគាំទ្របានហៅលោកថាអ៊ំដែលជាពាក្យគោរពមួយសម្រាប់ «ពូ» ជាធម្មតា ពាក្យនេះត្រូវប្រើសម្រាប់មនុស្សដែលមានអាយុយ៉ាងហោចណាស់ ៥០ ឆ្នាំ។ ពួកគេបានសន្មតថាលោកជាមនុស្សមានការអប់រំខ្ពស់ និងពូកែវោហារសាស្ត្រ។
លោកថា៖ «ខ្ញុំបានបង្រៀនខ្លួនឯង…ខ្ញុំមិនបានសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាខ្ពស់ទេ»។
យ៉ាងណាក៏ដោយស្នាដៃរបស់លោកបានបង្ហាញអំពីភាពបត់បែនមួយដែលទទួលបានការកោតសរសើរពីកវីនិពន្ធខ្មែរដ៏ល្បីល្បាញ និងជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលស្នើសុំមិនឲ្យបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃប្រធានបទរបស់លោក ឈុន។
លោកថ្លែងថា៖ «កំណាព្យទាំងនោះពិតជាល្អណាស់ ហើយវាបានគោរពតាមទម្រង់បែបបទយ៉ាងល្អហើយចំពោះអត្ថន័យគឺបាននិយាយចំបញ្ហាសង្គមជាច្រើនហើយមួយចំនួនគឺល្អ និងមានន័យធ្ងន់»៕
លោកស្រី ធន់ ថាវរី អ្នកនិពន្ធសៀវភៅ «នារីប្រពៃ» បានថ្លែងថាការងាររបស់លោកគឺ «គួរឲ្យចាប់អារម្មណ៍» និង «ជំរុញទឹកចិត្ត» ហើយបានសម្ដែងក្តីអាណិតចំពោះបំណងប្រាថ្នារបស់លោក ឈុន ដែលរក្សាការសម្ងាត់ចំពោះអត្ថសញ្ញាណរបស់លោក។
លោកស្រីបានថ្លែងថា៖ «ខ្ញុំគិតថាវាមានហេតុផលដែលគាត់កំពុងព្យាយាមលាក់អត្តសញ្ញាណរបស់គាត់។ កម្ពុជាមិនមែនជាកន្លែងមានសុវត្ថិភាព សម្រាប់ការងារបែបនេះទេ»។
បើទោះបីជាសេចក្តីលម្អិតអំពីជីវិតរបស់លោកមានលក្ខណៈតិចតួចលោក ឈុន បានថ្លែងថាម្តាយរបស់លោកបានស្លាប់នៅពេលលោកមានអាយុ ១៤ ឆ្នាំបន្ទាប់ពីការលែងគ្នាហើយនៅអាយុ ១៥ ឆ្នាំលោកបានបោះបង់ការសិក្សាដើម្បីទៅធ្វើការផ្គត់ផ្គង់ប្អូនបង្កើត ៤ នាក់របស់លោក។
លោកមិនដែលគិតថាជាច្រើនឆ្នាំក្រោយមកលោកនឹងប្រើចំណេះដឹងផ្នែកកំណាព្យកាលរៀននៅវិទ្យាល័យដើម្បីតែងក្នុងទម្រង់ប្រពៃណីខ្មែរនោះទេ។
លោកបានថ្លែងថា៖ «នៅពេលថ្ងៃ ខ្ញុំជាអ្នកលក់ឧបករណ៍ និងជីទៅកសិករ ហើយនៅពេលយប់ពីម៉ោង ៩ ដល់ម៉ោង ១ យប់ខ្ញុំធ្វើការងារនេះសម្រាប់សង្គម»។ លោកមកពីភូមិមួយនៅជនបទជិតទន្លេមានបងប្អូនបង្កើត ៤ នាក់ និងទៅវត្តពីរបីដងក្នុងមួយខែ។
លោកបានបន្តថា៖ «នៅពេលខ្ញុំធ្វើការងារនេះ ខ្ញុំនៅតែម្នាក់ឯង ហើយគ្មាននរណាម្នាក់ដឹង»។
លោកមិនមែនជាអ្នកចង់មានជីវិតរស់នៅក្នុងរាជធានីភ្នំពេញទេ បើទោះបីជាកំណាព្យមួយក្នុងចំណោមកំណាព្យរបស់លោកបាននិយាយផ្ទុយដោយសំដៅរាជធានីភ្នំពេញថាជា «ទីក្រុងគជ់» ក៏ដោយ។
លោកបានថ្លែងថាការរក្សាភាពសម្ងាត់របស់លោកបានការពារលោកពីការគំរាមកំហែងដល់សុវត្ថិភាពបុគ្គល ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងផងដែរអំពីបំណងប្រាថ្នារបស់លោកក្នុងការនៅឆ្ងាយពីរឿងនយោបាយ។
លោកថាកំណាព្យជាមធ្យោបាយមួយក្នុងការបង្ហាញសារជាជាងធ្វើបាតុកម្មនយោបាយ។
លោកបានបន្តថា៖ «ខ្ញុំមិនចូលក្នុងគណបក្សនយោបាយណាមួយទេ ប៉ុន្តែវាច្បាស់ពីអ្វីដែលខ្ញុំធ្វើឥឡូវនេះដែលខ្ញុំមិនចូលចិត្តរដ្ឋាភិបាល»។ លោកសង្កត់ធ្ងន់ថាគោលបំណងរបស់លោកគឺរិះគន់ស្ថាបនា។ លោកបានថ្លែងបន្តថា៖ «កាលម្តងនោះលោកស្រី មូរ សុខហួរ [អនុប្រធានគណបក្សសង្គ្រោះជាតិ] បានសុំឲ្យខ្ញុំបង្ហាញអត្តសញ្ញាណរបស់ខ្ញុំ និងធ្វើការងារបន្ថែមទៀតសម្រាប់សង្គម ប៉ុន្តែខ្ញុំបានបដិសេធ។ ខ្ញុំចង់ធ្វើជាអ្នកកណ្តាល ប្រសិនបើខ្ញុំយល់ព្រមតាមសំណើរបស់លោកស្រី មូរ សុខហួរ ខ្ញុំនឹងមិននៅកណ្តាលទេ»។
នៅពេលទាក់ទងតាមអ៊ីមែល លោកស្រី មូរ សុខហួរ បានថ្លែងថាលោក ឈុន មានហេតុផលល្អសម្រាប់រក្សាឯករាជភាពរបស់លោក និងដើម្បីការពារខ្លួនដោយចង្អុលបង្ហាញអំពីការធ្វើឃាតលើលោក កែម ឡី កាលពីឆ្នាំមុន។
លោកស្រីបានប្រៀបធៀបកំណាព្យរបស់លោកទៅនឹងលោក គង្គ ប៊ុនឈឿន ជាកវីខ្មែរដែលមានមនសិការសង្គមដែលការងាររបស់លោក ជាពិសេសជុំវិញករណីវាយប្រហារទឹកអាស៊ីតដ៏ល្បីមួយនៅក្នុងឆ្នាំ ១៩៩៩ ទៅលើអ្នកចម្រៀង តាត ម៉ារីណា ដែលទីបំផុតបានបង្ខំឲ្យលោកនិរទេសទៅរស់នៅប្រទេសន័រវែស ជាកន្លែងដែលលោកបានទទួលមរណភាពកាលពីឆ្នាំមុន។
លោកស្រីបានបន្តថា៖ «កំណាព្យបានបាត់បង់ស្ទើរទាំងអស់ ឥទ្ធិពលរបស់វានៅក្នុងសង្គមកាលពី ៣ ទសវត្សរ៍មុនដោយសារអ្នកតែងកំណាព្យមានការភ័យខ្លាច»។ ពិតណាស់សាស្ត្រាចារ្យ និងអ្នកនិពន្ធកំណាព្យល្បីៗដទៃទៀតបានបដិសេធមិនធ្វើអត្ថាធិប្បាយពីរឿងនេះដោយសារការភ័យខ្លាច។
មិត្តភក្តិរបស់លោកអ្នកជិតខាង និងសូម្បីតែគ្រួសាររបស់លោក ក្រៅពីបងប្អូនបង្កើតមិនបានដឹងអំពីទេពកោសល្យរបស់លោកទេ។
កំណាព្យខ្មែរសហសម័យគឺស្ទើរតែនិយាយអំពីតែទេសភាព និងស្នេហា។ ផ្ទុយទៅវិញលោក ឈុន សរសេរអំពីអ្វីៗគ្រប់យ៉ាងដែលមានតាំងពីវប្បធម៌ គ្រឿងញៀន អំពើពុករលួយ និងបញ្ហានយោបាយ។
លោកបានថ្លែងថាលោកបានចាត់ទុកខ្លួនលោកជាអ្នកប្រើប្រាស់ព័ត៌មានមធ្យមដោយគ្រាន់តែមើលតែចំណងជើង។
កំណាព្យមួយក្នុងចំណោមកំណាព្យដ៏ល្បីបំផុតរបស់លោកគឺ បណ្ឌិត កែម ឡី ត្រូវបានបោះពុម្ពផ្សាយមួយថ្ងៃបន្ទាប់ពីលោក កែម ឡី ដែលជាអ្នកវិភាគនយោបាយត្រូវបានធ្វើឃាតហើយត្រូវបានសម្ដែងដោយអ្នកចម្រៀងម្នាក់នៅក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរី។
កំណាព្យចុងក្រោយបង្អស់របស់លោកគឺបណ្ឌិត បិសាច ដែលជាការរិះគន់ចំពោះសញ្ញាបត្របណ្ឌិត ឬសញ្ញាបត្រមួយចំនួនក្នុងប្រទេសកម្ពុជាដែលត្រូវបានលក់។
កវី ចំណាប់ ឈុន បានមានប្រសាសន៍ថា៖ «កុំមោទនភាពចំពោះបណ្ឌិតរបស់អ្នក សូមគិតពិចារណាថាអ្នកកំពុងតែមិនអើពើចំពោះប្រទេសជាតិ និងសាសនារបស់អ្នក»។
លោក ឈុន ដំបូងបានចាប់ផ្តើមសរសេរបន្ទាប់ពីមានមហាបាតុកម្មក្រោយបោះឆ្នោតឆ្នាំ ២០១៣។ លោកបានមានប្រសាសន៍ថា៖ «ប្រហែលជាក្រោយការបោះឆ្នោតខ្ញុំនឹងបង្ហាញខ្លួនខ្ញុំ។ ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរ តើខ្ញុំអាចទៅលាក់ខ្លួនយូរប៉ុនណា?»៕ PS / NS
A.M. Sassoon
រាយការណ៍បន្ថែមដោយ តាំង រីនិត្យ និង គង់ មេត្តា
