
មន្ត្រីជំនាញកម្ពុជាកំពុងពិនិត្យគ្រាប់បែកមានសារធាតុគីមីនៅក្នុងឃុំគគីរ ស្រុករមាសហែក។ រូបថត សហការី
Mon, 23 October 2017
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ស្ថាប័នរដ្ឋាភិបាលបានច្រានចោលសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិករឿងគ្រាប់បែកគីមីដោយចាត់ទុកការលើកឡើងនោះថាជាការបំភ្លៃការពិត និងចង់គេចវេះពីការទទួលខុសត្រូវហើយបានអំពាវនាវឲ្យអាមេរិក សហការគ្នារំដោះគ្រាប់បែកទាំងនោះ។
គ្រាប់បែកដែលជាកេរដំណែលនៃសង្គ្រាមវៀតណាមនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងតែបង្កភាពចម្រូងចម្រាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ បន្ទាប់ពីមានការវាយប្រហារពាក្យសម្ដីដូចទឹកបាក់ទំនប់ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរឿងគ្រាប់បែកគីមីក្នុងខេត្តស្វាយរៀងនោះមកស្ថានទូតអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានបកស្រាយដោយសម្រាលស្ថានការណ៍ថាគ្រាប់បែកនោះគឺជាឧស្ម័នបង្ហូរទឹកភ្នែកដែលមិនបង្កផលប៉ះពាល់សុខភាពយូរអង្វែងទេ។ លើសពីនោះកម្ពុជាក៏បានដឹងពីវត្តមាននៃគ្រាប់បែកនេះជាច្រើនឆ្នាំមកហើយ ហើយមន្ត្រីជំនាញគ្រាប់បែកកម្ពុជាក៏ទទួលបានការបណ្តុះបណ្ដាលហើយផងដែរ។
នៅថ្ងៃដដែលនោះអាជ្ញាធរមីន (CMAA) ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយថ្កោលទោសដាច់អហង្ការរាល់ការលើកឡើងរបស់ស្ថានទូតអាមេរិកដោយបានចាត់ទុកសេចក្តីថ្លែងការណ៍នោះថា «មានចេតនាគេចវេះពីការទទួលខុសត្រូវ, បំភ្លៃការពិត និងបំភ័ន្តមតិជាតិ និងអន្តរជាតិ»។ អាជ្ញាធរមីនបានឲ្យដឹងថាទើបតែបានដឹងព័ត៌មានពីគ្រាប់បែកគីមីនោះកាលពីអំឡុងខែមករាឆ្នាំ ២០១៧ នេះពីអ្នកភូមិប៉ុណ្ណោះ។ អាជ្ញាធរមីនបានសរសេរថា៖ «យើងក៏ទំនាក់ទំនងតាមគ្រប់មធ្យោបាយទៅស្ថានទូតសហរដ្ឋអាមេរិកក្នុងន័យសហការគ្នាតាមគោលការណ៍មនុស្សធម៌ដើម្បីលុបបំបាត់ការភ័យខ្លាចដល់ពលរដ្ឋនៅទីនោះ។ ប៉ុន្តែជាអកុសលយើងពុំដែលទទួលបានការឆ្លើយតបជាវិជ្ជមានណាមួយពីស្ថានទូតនៅភ្នំពេញឡើយ»។ ហេតុនោះកម្ពុជាបានធ្វើការដោះគ្រាប់នោះដោយខ្លួនឯង ហើយបានរកឃើញគ្រាប់ជាច្រើនកន្លែងថែមទៀតនៅភូមិសាស្ត្រនោះ ហើយពលរដ្ឋ ១៩ នាក់ត្រូវរកឃើញថារងផលប៉ះពាល់ពីសារធាតុគីមីនោះ។
ទោះយ៉ាងណាអាជ្ញាធរមីនបានអំពាវនាវដ៏ទទូចឲ្យសហរដ្ឋអាមេរិកមាន «វិចារណញ្ញាណ» ប្រកបដោយមនុស្សធម៌ដើម្បីរួមគ្នាបោសសម្អាត និងបំផ្លាញគ្រាប់បែកទាំងនោះ និងនៅកន្លែងផ្សេងៗទៀត។
មួយថ្ងៃក្រោយមកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ក៏បានច្រានចោលសេចក្ដីថ្លែងការណ៍នោះហើយក៏បានចេញរបាយការណ៍កម្រាស់ ១០ ទំព័រស្តីពីការប្រមូលព័ត៌មាននៃគ្រាប់បែកគីមីនៅឃុំគគីរក្នុងស្រុករមាសហែក ខេត្តស្វាយរៀងនោះ។ លោក ហេង រតនា បានយល់ឃើញថា៖ «សេចកី្តថ្លែងការណ៍នេះមានចេតនាប្រមាថដល់ប្រជាពលរដ្ឋខែ្មរដែលបានស្លាប់ និងកំពុងរស់នៅរងទុក្ខវេទនាដោយសារអាវុធគីមីនេះ។ ជាពិសេសប្រមាថដល់កងកម្លាំងដែលប្តូរជីវិតដើម្បីរំដោះគ្រាប់បែកជាអាវុធគីមីផ្ទាល់តែម្តងដែលមានអ្នកខ្លះកំពុងធ្លាក់ខ្លួនឈឺនៅឡើយ»។ លោកសរសេរផងដែរថាសារធាតុពុលដូចគ្នាដំបូងជាសារធាតុ CS ប្រភេទស្រាល។ ប៉ុន្តែតាមពិតអាចជាសារធាតុគីមីប្រភេទ CS2 ដែលវាមិនរលាយតាមទឹក ឬខ្យល់ឡើយ។
របាយការណ៍ CMAC គឺយោងសំខាន់ទៅលើសាក្សីរស់សំខាន់ៗចំនួន ៧ រូបដែលជាក្រុមប្រឹក្សាឃុំគគីរ គណៈកម្មការវត្តគគីរ នាយក និងនាយករងសាលាបឋមសិក្សាគគីរ។ សាក្សីទាំងនោះសុទ្ធតែជាអ្នករស់នៅក្នុងតំបន់នោះ ហើយភាគច្រើនគឺបានឃើញ និងបានចូលរួមរំកិលធុងគ្រាប់ទាំង ២ យកទៅកប់ចោលកាលពីឆ្នាំ ១៩៧១ បន្ទាប់ពីកងទ័ពអាមេរិកទម្លាក់លើសាលាឆាន់ក្នុងវត្តគគីរតែមិនផ្ទុះកាលក្នុងរដូវប្រាំងនៅវេលាម៉ោង ២ រសៀលក្នុងឆ្នាំ ១៩៧០។ យន្តហោះទម្លាក់គ្រាប់នោះគឺហោះកម្ពស់ប្រមាណជា ១០០ ម៉ែត្រពីដីប៉ុណ្ណោះ ដែលធ្វើឲ្យសាក្សីមើលឃើញពួកទាហានរុញធុងគ្រាប់បែកទម្លាក់ចុះមក។
យោងតាមរបាយការណ៍បានឲ្យដឹងថារយៈពេលជាង ៤០ ឆ្នាំ (២០១០ ឬ ២០១១) ទើបធុងគ្រាប់គីមីនេះលេចវត្តមានឡើងជាថ្មីគឺនៅពេលកូនសិស្សបានធ្វើពលកម្មអនាម័យ និងកាប់ដីដាំត្រកួន ហើយប៉ះវា។
របាយការណ៍សរសេរថា៖ «..ក៏ជះក្លិនឆួលឡើងធ្វើឲ្យកូនសិស្សមួយចំនួនហូរទឹកភ្នែក និងមិនស្រួលខ្លួន…ចាប់ពីពេលនោះមកទើបព័ត៌មាននៃធុងគ្រាប់បែកគីមីនោះត្រូវបានខ្ចរខ្ចាយចេញមកសង្គមខាងក្រៅ»។
CMAC បានលើកឡើងថាគ្រាប់បែកគីមីនោះមានឥទ្ធិពលដូចជាធ្វើឲ្យហូរទឹកភ្នែក គ្រុនផ្តាសាយ ក្អកកណ្តាស់ ក្រហល់ក្រហាយស្បែក (ដូចប្រឡាក់ម្ទេស) និង អាចណ្តាលឲ្យខ្យល់គ។ បន្ថែមពីនេះឥទ្ធិពលរបស់វាប្រែប្រួលទៅតាមបរិមាណទីតាំងរងគ្រោះ និងកម្លាំងខ្យល់បក់ដែលអាចបណ្តាលឲ្យរលាកស្បែកធ្ងន់ធ្ងរ «រហូតដល់ស្លាប់ក៏មាន» ក្នុងករណីប្រើប្រាស់លើសចំណុះ។ CMAC បានគូសបញ្ជាក់ថា៖ «ទោះបីជាវាមានអាយុជាង ៤០ ឆ្នាំកន្លងទៅហើយក្តីក៏សារធាតុគីមីពុលនេះនៅមានឥទ្ធិពលមកលើអ្នកដែលនៅជុំវិញ ឬអ្នកដែលបានប៉ះពាល់វា»។
មន្ត្រីស្ថានទូតអាមេរិកកាលពីម្សិលមិញមិនបានឆ្លើយតបទៅនឹងសំណើសុំធ្វើអធិប្បាយលើបញ្ហានេះទេ ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនស្ថានទូតអាមេរិកអះអាងថាគ្រាប់បែកដែលរកឃើញនៅខេត្តស្វាយរៀងគឺគ្រាន់តែជាគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកធម្មតា ដែលត្រូវបានប្រើនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោកគឺវាមិនបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដែលធ្វើឲ្យក្មេងកើតមកមានភាពមិនប្រក្រតីនោះទេ៕