ដោយ អាស៊ីសេរី
2017-10-23

អ្នកនយោបាយជើងចាស់ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែងក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ Photo: RFA
![]()
អតីតមន្ត្រីជាន់ខ្ពស់គណបក្ស ហ៊្វុនស៊ិនប៉ិច ដែលតែងរិះគន់នៅលើបណ្ដាញសង្គម អំពីវិបត្តិនយោបាយនៅកម្ពុជា មួយរយៈពេលចុងក្រោយនេះ ត្រូវបង្ខំចិត្តចាកចេញពីប្រទេសកម្ពុជាហើយ។ការចាកចេញដោយស្ងាត់ៗ របស់លោក លឺ ឡាយស្រេង នេះស្របពេលលោក ហ៊ុន សែន និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ រៀបចំគម្រោងប្ដឹងទៅតុលាការ ដោយចោទថា អតីតមន្ត្រីជាន់ខ្ពស់ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិវឌ្ឍន៍ជនបទរូបនេះ ប្រមាថអង្គព្រះមហាក្សត្រ និងបរិហារកេរ្តិ៍បក្សកាន់អំណាច និងគណបក្សហ៊្វុនស៊ិនប៉ិច ។
លោក លឺ ឡាយស្រេង ត្រូវបានពលរដ្ឋដាក់ងារឲ្យថា ជាអតីតអ្នកនយោបាយ ដែលមិនសំចៃមាត់ ក្នុងការបញ្ចេញមតិរិះគន់ភាពអសកម្មនៅក្នុងសង្គម ជាពិសេសនៅចំពេលបំណងរបស់លោក ហ៊ុន សែន ត្រូវការកម្ទេចសំឡេងប្រឆាំងចេញពីឆាកនយោបាយ ពេលនេះត្រូវមេធាវីតំណាងលោក ហ៊ុន សែន និងមេធាវីតំណាងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ រួមគ្នាប្ដឹងទៅតុលាការ ស្របពេលកម្ពុជាកំពុងមានវិបត្តិនយោបាយ ដែលដើរដល់ផ្លូវទាល់ច្រក។
កាសែតក្នុងស្រុកបានចុះផ្សាយថា លោក លឺ ឡាយស្រេង បានភៀសខ្លួនចេញពីប្រទេសកម្ពុជាហើយ តាំងពីព្រឹកព្រលឹម ថ្ងៃទី២៣ តុលា ចូលទៅប្រទេសថៃ។ ការបង្ខំចិត្តចាកចេញនេះ ស្របពេលលោក ហ៊ុន សែន ស្នើឲ្យមេធាវីរបស់ខ្លួនពិនិត្យ និងរៀបចំកសាងសំណុំរឿងប្ដឹងប្រឆាំងរូបលោក លឺ ឡាយស្រេង ទៅតុលាការ។ នេះជាគម្រោងបណ្ដឹងមួយថ្មីទៀត បន្ទាប់ពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏សម្រេចចិត្តប្ដឹងអ្នកនយោបាយចាស់វស្សារូបនេះដែរ ក្នុងសំណុំរឿងដូចគ្នា។
អាស៊ីសេរី ពុំអាចសុំប្រតិកម្មជុំវិញរឿងនេះបានទេ ពីលោក លឺ ឡាយស្រេង នៅថ្ងៃទី២៣ តុលា។ បើទោះជាបែបណា អ្នកនយោបាយជើងចាស់លោក លឺ ឡាយស្រេង ធ្លាប់ស្វែងរកព្រះរាជទានការលើកលែងទោស ពីព្រះមហាក្សត្រ និងលោក ហ៊ុន សែន ពាក់ព័ន្ធនិងសារបែកធ្លាយរបស់លោកដែលសន្ទនា តាមទូរស័ព្ទជាមួយអ្នកស្រី គី លំអង ជាអតីតសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចដែរ។
សារសន្ទនាឯកជន ដែលបែកធ្លាយតាមរយៈគណនីហ្វេសប៊ុក (Facebook) ឈ្មោះ “សីហា” កាលពីថ្ងៃទី២១ តុលា ដែលគេជឿថា ជាគណនីស្និតនិងរដ្ឋាភិបាលនោះ មានប្រវែងជាង ៤នាទី។ សារដែលលិចធ្លាយនោះ លោក លឺ ឡាយស្រេង អះអាងថា បើព្រះមហាក្សត្រទ្រង់មិនអាចដោះស្រាយវិបត្តិនយោបាយបានទេ ទ្រង់គួរដាក់រាជ្យ និងសម្ដេចក្រុមព្រះវិញ ជាអ្នកនយោបាយ ចាំឆកយកតែឱកាស ដោយឡែកលោក ហ៊ុន សែន វិញបានផ្ដល់លុយឲ្យបក្សហ៊្វុនស៊ិនប៉ិច ក្នុងការកម្ទេចបក្សប្រឆាំងជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យមេធាវីរបស់លោកពិនិត្យ និងរៀបចំបណ្ដឹងប្ដឹងលោក លឺ ឡាយស្រេង កាលពីថ្ងៃទី២២ តុលា ទៅតុលាការ។ ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ អះអាងថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចរូបនេះ ប្រមាថអង្គព្រះមហាក្សត្រ និងចោទថាលោក ហ៊ុន សែន បានផ្ដល់លុយឲ្យគណបក្សហ៊្វុនស៊ិនប៉ិច។
មកដល់ពេលនេះ តំណាងមេធាវីទាំងពីរគណបក្ស គឺបក្សកាន់អំណាច និងបក្សហ៊្វុនស៊ិនប៉ិច កំពុងប្រមូលភស្តុតាង និងកសាងសំណុំរឿង មុននឹងត្រូវបញ្ជូនទៅតុលាការ។
យ៉ាងនេះក្ដីលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ យល់ឃើញថា នេះជារបៀបធ្វើនយោបាយចង់ឈ្នះចាញ់ នៅកម្ពុជា ហើយនយោបាយបែបនេះ នឹងធ្វើឲ្យពលរដ្ឋកាន់តែរងគ្រោះឡើង ជាពិសេសនោះ នឹងធ្វើឲ្យជាតិកាន់តែអាប់ឱនកិត្តិយសនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។
ផ្ដើមចេញពីការរិះគន់ រឿងច្បាប់ចំនួន ៤ ដែលពាក់ព័ន្ធការបោះឆ្នោត ដែលរដ្ឋសភា និងព្រឹទ្ធសភា អនុវត្តប្រយោជន៍រំលាយបក្សនយោបាយ ហើយអាសនៈដែលបានពីការរំលាយបក្សនោះ នឹងត្រូវចែកឲ្យបក្សដទៃទៀត ហេតុផលនេះហើយ ដែលលោក លឺ ឡាយស្រេង ត្រូវជាប់ចោទតាមផ្លូវតុលាការ។ ពេលនេះ ច្បាប់ទាំងបួន កំពុងស្ថិតនៅក្នុងដៃក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយពីព្រឹទ្ធសភាអនុម័តរួចហើយដោយរលូន កាលពីថ្ងៃទី២០ ខែតុលា។
អ្នកឃ្លាំមើលនយោបាយ យល់ឃើញថា មើលទៅប្រហែលពុំមានអ្វីជាឧបសគ្គត្រូវចោទឡើយ ព្រោះសមាជិកនៅក្នុងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ សុទ្ធតែជាសមាជិកបក្សកាន់អំណាច។
លោក សឺន ស៊ូប៊ែរ្តិ៍ អតីតឧត្ដមក្រុមប្រឹក្សាអង្គព្រះមហាក្សត្រ ធ្លាប់លើកឡើងថា នេះជាការធ្វើច្បាប់ដើម្បីយកឈ្នះចាញ់។ ច្បាប់ទាំងបួន ទាក់ទងនឹងការបោះឆ្នោត ដែលស្នើឡើងដោយសំឡេងភាគច្រើន ពីបក្សកាន់អំណាចនេះ គឺជាច្បាប់តាក់តែងឡើង ដើម្បីការពារប្រយោជន៍បក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
ទាក់ទិនបញ្ហានេះ អ្នកវិភាគនយោបាយជើងចាសលោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា ប្រសិនបើរូបលោកជាសមាជិកនៅក្នុងក្រុមប្រឹក្សាធម្មនុញ្ញទៅវិញ លោកនឹងមិនធ្វើជាសមាជិកសម្រាប់ជួយបំពេញ ចំពោះច្បាប់ដែលមិនចំណេញដល់ជាតិដូចនេះទេ។ លោកបន្តថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវប្រើការចេះដឹងនេះ ដើម្បីជួយប្រយោជន៍រួម ល្អជាងហេតុផលនយោបាយ និងហេតុផលដទៃទៀត ដែលនាំឲ្យជាតិត្រូវអន់ថយ។
បើទោះជាបែបណា ការសម្រេចចិត្ត ដែលលោក ហ៊ុន សែន មានមោទនភាពថា ការឈ្នះរបស់លោកនៅពេលនេះ ទៅលើសំឡេងប្រឆាំង ដូចទៅនឹងព្រឹត្តិការណ៍ឈ្នះរបបខ្មែរក្រហមនោះ ត្រូវរងការរិះគន់ថា ជានយោបាយកំពុងជីកកបខ្លួនឯងទៅវិញទេ៕
that good …you do not trust all these evil men they can do whatever they want if you not agree whit them. GOD bless Cambodia
You should know this beast regime long time ago’ This regime is controlled by veitcong germs and used veitcong dog as the P-M and the order from ha noi’ so even you are old or young they still jail or kill because opposed their angka lour policy’. So that good you run away for your life’ GOD bless all cambodian people’