នាយក​រដ្ឋ​មន្ត្រី​គំរាម​ឲ្យ​រៀបចំ​ក្ដារ​មឈូស​ចំពោះ​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​លោក

លោក​ សម រង្ស៊ី ប្រធាន​សមាគម​ដើម្បី​ប្រជាធិបតេយ្យ​ក្នុង​សន្និសីទ​នៅ​ប៉ារីស​ពី​ម្សិលមិញ។ រូបថត ហ្វេសប៊ុក



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ចំអក​ដាក់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​បាន​គំរាម​ឲ្យ​«​រៀបចំ​ក្តារ​មឈូស​»​ចំពោះ​ការប៉ុនប៉ង​ផ្ដួល​លោក​តាម​រយៈ​យោធា​ដោយ​ហៅ​ការអំពាវនាវ​របស់លោក សម រង្ស៊ី ឲ្យ​យោធា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថា​គ្មាន​ប្រយោជន៍​និង​ជា​ផ្នែក​នៃ​ការប៉ុនប៉ង​បដិវត្តន៍​ពណ៌​បរាជ័យ​នៅ​កម្ពុជា​។

​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្វើឡើង​នៅ​ចំ​ថ្ងៃ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​ឃើញ​ឯកសារ​បណ្តុះបណ្តាល​នគ​របាល​ជាតិ​ដែល​បង្ហាញថា អាមេរិក និង​សហភាព​អឺរ៉ុប​កំពុង​ដឹកនាំ​បដិវត្តន៍​ពណ៌​ដោយ​ជួល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​និង​ក្រៅ​ស្រុក គណបក្ស​សង្គ្រោះ​ជាតិ​និង​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ធ្វើ​ការងារ​នេះ​។

ការ​គំរាម​កំហែង​របស់​លោក​ហ៊ុន សែន ទៅ​លើ​លោក សម រង្ស៊ី បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ចេញ​វីដេអូ​មួយ​នៅលើ​គេហទំព័រ​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​ដែល​មេដឹកនាំ​និរទេស​ដោយ​ខ្លួន​ឯង​បាន​ថ្លែង​ក្នុង​ឆ្នាំ​២០១១ ដោយមាន​ការ​លើក​ឡើង​ពី​ការ​ឲ្យ​យោធា​បែរ​កាំភ្លើង​ទៅរក​រដ្ឋាភិបាល ជា​ពាក្យ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែងថា ក្បត់​ជាតិ​និង​ត្រូវបាន​វាយប្រហារ​ពី​ស្ថាប័ន​រដ្ឋាភិបាល​និង​យោធា​ផ្សេងៗ​ក្នុង​រយៈកាល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​ប្រឈម​មុខ​នឹង​បទ​«​ក្បត់​ជាតិ​»​ដោយ​សារ​វីដេអូ​មួយ​ដែល​លោក​បាន​ថ្លែងថា​លោក​បាន​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​សម្រាប់​មុខ​អាជីព​នយោបាយ​របស់​លោក ខណៈ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​រិះគន់ និង​ថា ជា​រឿង​នយោបាយ​។

លោក​នាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង​ក្នុង​ពិធី​មួយ​នៅ​ភ្នំពេញ​ថា​៖«​សូម​កុំភ្លេច​ថា អ្នក​គ្មាន​សមត្ថភាព​ផ្តួល​រំលំ ហ៊ុន សែន តាម​រយៈ​យោធា​ទេ​។ ប្រសិន​បើ​អ្នក​ហ៊ាន​លោត អ្នក​ហ៊ាន​ស្លាប់​ដែរ ដូច្នេះ​សូម​រៀបចំ​មឈូស​ជាមុន​»​។

ដោយ​សំដៅទៅ​លោក សម រង្ស៊ី​និង​លោក កឹម សុខា លោក ហ៊ុន សែន បាន​ថ្លែងថា លោក ចង់​អនុវត្ត​ច្បាប់​ជាជាង​ញុះញង់​កងទ័ព​ឲ្យ​ប្រើ​ហិង្សា​។

លោក​បាន​បន្តថា​៖«​នៅពេល​កងទ័ព​ចេញមក​ចាប់​ពស់ ពួកគេ​នឹង​វាយ​ក្បាល​ពស់ មិនមែន​កន្ទុយ​ពស់​ទេ​។​ប្រសិនបើ​យើង​វាយ​កន្ទុយ វា​នឹង​ចឹក​។ មេដឹកនាំ​ទាំងនោះ​នឹង​ត្រូវ​វាយ​»​។

ចំពោះ​លោក សម រង្ស៊ី វិញ​បាន​ថ្លែងថា ពាក្យ​របស់​លោក​ត្រូវ​បាន​បកស្រាយ​ក្រៅ​បរិបទ ហើយ​លោក​ថា លោក​កំពុង​និយាយ​អំពី​និន្នាការ​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញថា កងទ័ព​អាច​មិន​ស្តាប់​បញ្ជា​របស់​រដ្ឋាភិបាល​នៅពេល​បញ្ជា​ឲ្យ​ធ្វើ​អ្វី​ប្រឆាំងនឹង​ឆន្ទៈ​របស់​ប្រជាជន​។

លោក​ថា​៖«​ក្នុង​ឆ្នាំ​២០១១ ខ្ញុំ​គ្រាន់​តែ​បង្ហាញ​ពី​ការពិត​ប្រវត្តិសាស្ត្រ ខ្ញុំ​មិនបាន​អំពាវនាវ​ជាក់លាក់​ទៅ​នរណាម្នាក់​ទេ ហើយក៏​អាច​ក្លាយជា​ការពិត​ផងដែរ​ក្នុង​ថ្ងៃ​ណា​មួយ​នៅ​កម្ពុជា​»​។

ជាង​នេះ​ទៀត​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូបនេះ​បា​ន្ធ​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​ស្លាក​សមាគម​ថ្មី​របស់​លោក​គឺ​សមាគម​ដើម្បី​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​រំឭក​ខួប​ទី​២៦​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។

លោក សម រង្ស៊ី បាន​ថ្លែង​ពី​ម្សិលមិញ​ថា​៖«​នៅ​ពេល​ពលរដ្ឋ​ហ៊ាន​និយាយ​ការ​ពិត​និង​ត្អូញត្អែរ​អំពី​អ្វី​ដែល​គាត់​ធ្វើ​ខុស​ឬ​បង្ហាញ​ឧក្រិដ្ឋកម្ម​របស់​គាត់ គាត់​ខឹង​និង​ភ័យ​ខ្លាច​»​។

ខណៈ​លោក​សម រង្ស៊ី ឈប់​ជា​ផ្នែក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​កុម្ភៈ​ក្រោយ​ពេល​វិសោធនកម្ម​ដ៏​ចម្រូង​ចម្រាស​ទៅលើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នោះ កាលពីពេល​ថ្មីៗ​នេះ​លោក​ត្រូវ​បាន​ទាញ​ចូលទៅក្នុង​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ថា​អាមេរិក​និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ឃុបឃិត​គ្នា​ផ្តួល​រំលំ​រដ្ឋាភិបាល​។

វា​ហាក់​កាន់​តែ​ច្បាស់​ទៀត​តាមរយៈ​ការ​លេច​ធ្លាយ​ឯកសារ​នគរបាល​ជាតិ​ដែល​បង្ហាញ​អំពី​រចនាសម្ព័ន្ធ​អនុវត្ត​យុទ្ធសាស្ត្រ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ដែល​បង្ហាញ​ថា ស្ថានទូត​អាមេរិក​និង​សហភាព​អឺរ៉ុប​ជាទី​បញ្ជា​ការ ហើយ​នៅ​ផ្នែក​ប្រភព​ហិរញ្ញវត្ថុ​គឺ​អង្គការ USAID អង្គការ DCA/CA និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ធំ​ចំនួន​៤ និង​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៣ ព្រមទាំង​អង្គ​ការ​បរទេស​មួយ​ចំនួន​រួមមាន​IRI,NDI, Peace Corps,ACILS,CANVAS និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​សរុប​៤៩​។

ចំណែក​ខាង​អង្គការ​ក្នុង​ស្រុក​រួមមាន អង្គការ​សមធម៌​កម្ពុជា សហគមន៍​ធាង​ត្នោត ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​ដែល​កាលពី​សបា្តហ៍​មុន​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ក្រសួង​ការពារ​ជាតិ​ថា​ប្រើប្រាស់​ថវិកា​អាមេរិក​ដើម្បី​ធ្វើ​បាតុកម្ម រួម​ទាំង​សហគមន៍​ដីធ្លី លំនៅឋាន ព្រៃឈើ នេសាទ​និង​សហគមន៍​ផ្សេងៗ​សរុប​២៥០​រួម​ទាំង​សហព័ន្ធ​សហជីព​ប្រឆាំង​ចំនួន​១១ ដែល​ធ្វើ​ការ​ឲ្យ​អាមេរិក​និង​សហភាព​អឺរ៉ុប​។​ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួមមាន​VOD,VOA,RFA,​វិទ្យុ​សារិកា វិទ្យុ​សំបុក​ឃ្មុំ ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​បណ្តាញ​ទំនាក់​ទំនង​សង្គម ចំណែក​យុទ្ធ​ការ​អនុវត្ត​បណ្តាញ​ចាត់តាំង​គឺ​CNRP ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​បញ្ជាក់ថា ឯកសារ​នេះ​ត្រូវបាន​ចែកចាយ​ហើយ​មន្ត្រី​ខេត្ត​ត្រូវបាន​ជម្រាប​អំពី​ខ្លឹមសារ​។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានការ​ភ្ញាក់​ផ្អើល​នៅពេល​សួរ​អំពី​ឯកសារ​នេះ ដោយ​ហាក់បីដូចជា​ព្យាយាម​និយាយ​សម្រាល​អំពី​ខ្លឹមសារ​នៃ​ឯកសារ​នេះ​។

លោក​បាន​ថ្លែងថា​៖ «​នេះ​គ្រាន់​តែ​ជា​អ្វីដែល​យើង​បាន​កត់​សម្គាល់ ប៉ុន្តែ​នៅពេល​ពួកគេ​បង្ហាញ​សកម្មភាព​នោះ​យើង​នឹង​ចាត់​វិធានការ ហើយ​យើង​ដឹងថា នរណា​ជា​នរណា​»​។

ឯកសារ​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុម ហ្វ្រែល​ជួយ​និង​ឃុបឃិត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ការចោទប្រកាន់​នេះ​ត្រូវបាន​អង្គការ​ខុម​ហ្វ្រែល​បដិសេធ​កាលពី​ម្សិលមិញ ដោយ​ថ្លែងថា អង្គការ​ផ្តល់​លើ​ការធានា​នូវ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ព្រមទាំង​តាមដាន​ក្រោយ​ការបោះឆ្នោត​ទៅលើ​គោលនយោបាយ​និង​មន្ត្រី​បោះឆ្នោត​។

អង្គ​ការ​ខុម ហ្វ្រែល​ថា​៖«​យើង​បដិសេធ​យ៉ាងខ្លាំង​ចំពោះ​ការចោទប្រកាន់​នេះ​។​អ្វីដែល​យើង​បានធ្វើ​និង​អ្វីដែល​យើង​កំពុង​ព្យាយាម​ធ្វើ​គឺ​ដើម្បី​ចែករំលែក​ការរួមចំណែក​របស់​យើង​ទៅ​រដ្ឋាភិបាល​ក្នុង​ការជួយ​សង្គម​កម្ពុ​ជា​»៕ PS


Contact authors: ម៉ិច ដារ៉ា and Ananth Baliga

What Next?

Recent Articles

2 Responses to "នាយក​រដ្ឋ​មន្ត្រី​គំរាម​ឲ្យ​រៀបចំ​ក្ដារ​មឈូស​ចំពោះ​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​លោក"

  1. Anonymous says:

    Cambodian people all support and love Sam Rainsy

  2. PHKA says:

    កើតជាមនុស្ស គ្មាននរណា កគេចរួចពី “ក្តារមញ្ឈួស”ទេ ថ្ងៃនេះ”គេ” ថ្ងៃក្រោយ ច្បាស់មកដល់ខ្នួនហើយ។មិនចាំអោយគេត្រៀមទេ គួរត្រៀមសំរាប់ខ្លួនឯងវាប្រសើរជាង។