អាជីវករ​ត្អូញ​ពី​ការ​លក់​ដូរ​មិន​ដាច់​នៅ​ពេល​​ស្ថានការណ៍​នយោបាយ​តានតឹង

ដោយ ស្ងួន អមរា
2017-12-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​នៅ​ផ្សារ​ធំថ្មី រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧។ Photo: RFA
ទិដ្ឋភាព​នៅ​ផ្សារ​ធំថ្មី រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧។ Photo: RFA


ក្រុម​អាជីវករ​លក់ដូរ​របរ​កំប៉ិកកំប៉ុក​តាម​ចិញ្ចឹម​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ និង​តាម​ខែត្រ​រអ៊ូរទាំ​ថា លក់​មិន​ដាច់ ក្រោយ​ពេល​ដែល​ស្ថានភាព​នយោបាយ​កាន់​តែ​តានតឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ពួកគេ​ស្នើ​ឲ្យ​អ្នក​នយោបាយ​ស្រុះស្រួល​គ្នា​ឲ្យ​បាន​ឆាប់ ដើម្បី​ជីវភាព​ពលរដ្ឋ​បាន​ប្រសើរ​ឡើង​វិញ។

​អាជីវករ​លក់​ទូរស័ព្ទដៃ​បោះ​ដុំ​នៅ​តាម​ផ្សារ​ម្នាក់ ឈ្មោះ ទ្រី ម៉េងស្រ៊ុង អះអាង​ថា ចាប់​តាំង​ពី​មាន​វិបត្តិ​នយោបាយ​ក្រោយ​ពេល​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​មក ការ​លក់ដូរ​របស់​លោក​ចេះ​តែ​ធ្លាក់​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក​ដាក់​ការ​សង្ស័យ​ថា អ្នក​ទិញ​អាច​លែង​សូវ​សំបូរ​លុយ​ដូច​មុន៖ «អ្ហើយ! អ្នកលក់​ឥឡូវ​ស្ងាត់​ឈឹង! ចង់​ដាច់​បាយ​អស់​ហើយ គ្មាន​អ្នក​ណា​ទិញ​ដូរ​អី ជា​ទូទៅ​ហើយ អ្នកលក់​ឥឡូវ​ស្ងាត់​តែម្ដង។ នៅ​ពេល​រញ៉េរញ៉ៃ​អ៊ីចឹង អ្នក​លក់​ឥឡូវ​ខ្សត់ខ្សោយ​ណាស់ និយាយ​ទៅ​លក់​មិន​ដាច់​តែម្ដង»

​វិបត្តិ​នយោបាយ​ក្នុងប្រទេស​កម្ពុជា ចាប់​ផ្ដើម​កើតឡើង​ខ្លាំង​ក្រោយ​ពេល​រដ្ឋាភិបាល​បំបាត់​សំឡេង​ឯករាជ្យ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​កណ្ដាល​យប់​ថ្ងៃ​ទី​៣ កញ្ញា ដោយ​ចោទ​ប្រកាន់​ពីបទ​ក្បត់​ជាតិ​តាម​បទបញ្ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ បន្ទាប់​មក​ក៏​មាន​ការរំលាយ​គណបក្ស​ប្រឆាំង ហាមឃាត់​សកម្មភាព​ក្បាល​ម៉ាស៊ីន​បក្ស​ប្រឆាំង​ជាង ១០០​នាក់​ធ្វើ​នយោបាយ ៥​ឆ្នាំ និង​ចុង​ក្រោយ​គឺ​ការ​ចាប់​ខ្លួន​អតីត​បុគ្គលិក​អាស៊ីសេរី ពីរ​រូប ចោទ​ពីបទ​ផ្ដល់ព័ត៌មាន​អន្ដរាយ​ជាតិ​ទៅ​ឲ្យ​រដ្ឋ​បរទេស ព្រម​ទាំង​ការ​ស៊ុមគ្រលុំ​គ្នា​យក​អាសនៈ​តំណាងរាស្ត្រ និង​អាសនៈ​ថ្នាក់​ក្រោម​ជាតិ ទៅ​បែងចែក​ឱ្យ​គ្នា និង​បក្ស​ពួក​ខ្លួន​ដោយ​មិន​ខ្វល់​ពី​សំឡេង​រិះគន់ និង​ថ្កោលទោស។

អ្នក​លក់​អង្ករ​នៅ​ម្ដុំ​ផ្សារ​សំណង់១២ និង​ជា​អ្នក​លក់​អីវ៉ាន់​តាម​អនឡាញ (Online) ឈ្មោះ ទន់ គឹមហួយ អះអាង​ស្រដៀង​នឹង​អាជីវករ​ផ្សេង​ទៀត​ដែរ ពី​ការ​ធ្លាក់​ចុះ​អតិថិជន។ អ្នកស្រី ទន់ គឹមហួយ មើល​ឃើញ​ថា នៅ​ពេល​ប្រទេស​ជាតិ​ជួប​វិបត្តិ អ្នក​នយោបាយ​មិន​ត្រូវ​គ្នា គឺ​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​នឹង​ធ្លាក់​ចុះ បណ្ដាល​ឲ្យ​លុយ​ដែល​ហូរ​ចូល​តាម​រយៈ​ភ្ញៀវ​ទេសចរ​នឹង​ត្រូវ​បាត់បង់​ដែរ៖ «ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ចំពោះ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា… កាល​ណា​កម្មករ​គាត់​អត់​មាន​ប្រាក់ ហើយ​អ្នក​ទេសចរណ៍​ក៏​គាត់​អត់​មក​លេង ចលនា​សាច់ប្រាក់​អត់​ដើរ។ នាង​ខ្ញុំ​ដែល​ជំពាក់​ធនាគារ​ក៏​អត់​មាន​លុយ​សម្រាប់​សង​ធនាគារ អត់​មាន​លុយ​សម្រាប់​ចិញ្ចឹម​កូនចៅ ក្រុម​គ្រួសារ​ត​ទៅ​មុខ​ទៀត។ ដូច្នេះ​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រឆាំង សម្របសម្រួល​គ្នា ដើម្បី​ប្រទេស​យើង​ទាំង​មូល ព្រោះ​បើ​យើង​អត់​មាន​លុយ​ទេ ក៏​យើង​មិន​អាច​ទៅ​ធ្វើ​អ្វី​បាន​ដែរ នាង​ខ្ញុំ​អាជីវករ​តូចតាច លក់ដូរ​ជា​រឿង​សំខាន់»

​អ្នក​លក់​ណែម​នៅ​ម្ដុំ​រូបសំណាក​លោកតា​ដំបងគ្រញូង ក្នុង​ខែត្រ​បាត់ដំបង ម្នាក់ លោក ព្រាប ឃុនសុជាតិ ត្អូញត្អែរ​ថា ចាប់​តាំងពី​មាន​វិបត្តិ​នយោបាយ​កើត​ឡើង​មក អីវ៉ាន់​ចេះ​តែ​កើន​ឡើង ចំណែក​ការ​លក់​ដូរ​វិញ លែង​ដាច់​ដូច​មុន។ លោក​ប្រាប់​ថា ភ្ញៀវ​ទេសចរ​ដែល​មក​លេង​នៅ​ខែត្រ​បាត់ដំបង បច្ចុប្បន្ន លែង​សូវ​ចូល​ទិញ​ណែម​លោក​ដូច​មុន​ទៀត​ហើយ៖ «បញ្ហា​សេដ្ឋកិច្ច យើង​ជា​ប្រជាពលរដ្ឋ ដូចជា​ខ្ញុំ​នេះ​ផ្ទាល់​ដែរ សព​ថ្ងៃ​មាន​ការ​ពិបាក​ក្នុងការ​រកស៊ី​មួយ​ចំនួន ដូចជា​ការទិញ​អីវ៉ាន់​ឡើង​ថ្លៃ ការ​លក់​ដូរ​មិន​បាន​ចំណេញ​ច្រើន មាន​ការ​ពិបាក​ក្នុង​ការ​លក់ដូរ ដូច្នេះ​សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ឲ្យ​ខាង​រដ្ឋាភិបាល ក៏​ដូចជា​ថ្នាក់ដឹកនាំ និង​ខាង​គណបក្ស​នយោបាយ​ដែល​មាន​វិបត្តិ​នយោបាយ​ផ្ទាល់​នេះ ឲ្យ​ពួកគាត់​សម្របសម្រួល​គ្នា​ដើម្បី​កុំ​ឲ្យ​មាន​វិបត្តិ​ដូច្នេះ»

​កន្លង​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ឬ​អស់​លោក​អ្នកធំ​ក្នុង​ជួរ​រដ្ឋាភិបាល ស្រែក​បន្ទរ​គ្នា​អះអាង​ថា ប្រទេស​កម្ពុជា គ្មាន​វិបត្តិ​នយោបាយ​ទេ គឺ​មាន​តែ​អ្នក​នយោបាយ​មាន​វិបត្តិ​តែប៉ុណ្ណោះ។ សង្គម​ស៊ីវិល និង​អ្នកតាមដាន​នយោបាយ ហៅ​ការសម្រេចចិត្ត​បន្តឹង​ស្ថានការណ៍​នយោបាយ​កម្ពុជា លែង​ដើរ​ផ្លូវ​កណ្ដាល ហើយ​ងាក​ទៅ​រក​ប្លុក​កុម្មុយនិស្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​ការ​ធ្វើ​នយោបាយ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច ឬ​ឈាន​ដល់​ចំណុច​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឱ្យ​គណបក្ស​ប្រឆាំង ទទួល​ខុស​ត្រូវ​នៅ​ពេល​បរទេស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​ប្រទេស​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ការ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ឡើង​កំដៅ​នេះ ថា​ជា​យុទ្ធសាស្ត្រ​រក្សា​សន្តិភាព និង​បង្ការ​កុំ​ឲ្យ​កម្ពុជា មាន​បដិវត្ត​ពណ៌។

​អាជីវករ​លក់​ស្លា​ម្លូរ​នៅ​ខែត្រ​កំពង់ចាម ម្នាក់ ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ សម្ដែង​ក្ដី​បារម្ភ​ចំពោះ​កូន​ដែល​កំពុង​រៀនសូត្រ​នៅ​ក្រុង​ភ្នំពេញ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​កាន់​តែ​ឡើង​កំដៅ​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ៖ «អ្នក​នៅ​តាម​ខេត្ត​ដឹង​ស្រាប់​ហើយ គាត់​ឮ​ដំណឹង​ហ្នឹង គាត់​ភ័យ​ខ្លាច គាត់​បារម្ភ ហើយ​កូន​គាត់​អត់​ហ៊ាន​ទៅ​ណា​មក​ណា និយាយ​ទៅ​ក្ដី​បារម្ភ​របស់​គាត់​ហ្នឹង​គឺ​ចំពោះ​ហ្នឹង។ មួយ​ទៀត បើកាលណា​សិស្ស​សាលា ហើយ​អ្នក​រក​ស៊ី បើ​កាលណា​អត់​បាន​ចេញ​ប្រកប​របរ​រក​ស៊ី គ្រួសារ​ហ្នឹង​ម៉េច​រក​បាន​ចំណូល ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ អាច​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ហ្នឹង​កាត់​ជំនួយ​ពី​ប្រទេស​យើង​ផង​ដែរ ហើយ​បើ​សិន​កាត់​ជំនួយ​ហើយ ធ្វើ​ឲ្យ​ប្រទេស​យើង​ហ្នឹង​កាន់​តែ​លំបាក ហើយ​ប្រឈម​នឹង​ភាព​អត់​មាន​ការងារ​ធ្វើ»

​អាជីវករ​ព្រមាន​ថា ប្រសិនបើ​ស្ថានភាព​នយោបាយ​ដ៏​តានតឹង​នេះ មិន​បាន​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រសើរ​ទេ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នឹង​កើត​មាន​សម្រាប់​កម្ពុជា ពី​សំណាក់​បណ្ដា​ប្រទេស​ដែល​បញ្ជា​ទិញ​ផលិតផល​ពី​ស្រុក​ខ្មែរ។ នៅ​ពេល​ដែល​មាន​ទណ្ឌកម្ម អាជីវករ​បារម្ភ​ថា ជីវភាព​របស់​ពួកគេ​នឹង​កាន់​តែ​ធ្លាក់​ដុនដាប​ជាង​នេះ​ទៀត។ ពួកគេ​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​ត្រូវ​កែសម្រួល​បរិយាកាស​នយោបាយ និង​រក្សា​ទំនាក់ទំនង​ការទូត​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​ជាមួយ​បណ្ដា​ប្រទេស​ដែល​ជា​ដៃគូរ​អភិវឌ្ឍន៍​របស់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អាជីវករ​ត្អូញ​ពី​ការ​លក់​ដូរ​មិន​ដាច់​នៅ​ពេល​​ស្ថានការណ៍​នយោបាយ​តានតឹង"

  1. people says:

    this is the mistake of veitcong mafia dictator’ because he and his veitcong groups never care about nation or people’ all he care his power and his veitcong groups always wanted to destroy people’s life and serve youn-hanoi and jen and he&his groups grape all money ‘like the dracular suck the blood from cambodian people’. People of cambodia must stand up and do the protest against this beast regime’ because this beast regime will kill all of you slowly .This is the beginning of sanction of U S and in the future U S and allies will punish and all ordinary will suffer first then all officials of corrupt government will be slowly hit ‘ then eat banana root. Wake up people’ don’t be afraid ‘ of die’ because in the future the same ‘die but must die by fighting ‘not coward with the veitcong mafia dictator’. GOD bless all cambodian people’