មេ​ឃុំ​អូរចារ​ស៊ូ​លក់​នំ​បញ្ចុក​មិន​សុខ​ចិត្ត​លក់​ឧត្ដមគតិ

ដោយ មួង ណារ៉េត
2017-12-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ចៅសង្កាត់​អូរចារ ក្រុង​បាត់ដំបង ជាប់​ឆ្នោត​ថ្មី កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត លើក​បង្ហាញ​ម្រាម​ដៃ​បន្ទាប់​ពី​កញ្ញា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
ចៅសង្កាត់​អូរចារ ក្រុង​បាត់ដំបង ជាប់​ឆ្នោត​ថ្មី កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត លើក​បង្ហាញ​ម្រាម​ដៃ​បន្ទាប់​ពី​កញ្ញា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA


មេ​ឃុំ​អូរចារ ប្ដេជ្ញា​បន្ត​ជីវិត​នយោបាយ ទោះ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​បក្ស​កាន់​អំណាច។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចៅ​សង្កាត់​អូរចារ ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា យុទ្ធសាស្ត្រ​នយោបាយ​នៅ​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង ដែល​មាន​ផ្គរ​ផង រន្ទះ​ផង​បែប​នេះ គឺ​កញ្ញា​ត្រូវ​រក​កន្លែង​ជ្រក​សិន។ ឥឡូវ​ព្យុះភ្លៀង​នយោបាយ​កំពុង​ចាប់​ផ្ដើម​ថមថយ​បន្តិច​ម្ដង​វិញ​ហើយ ក្រោយ​មាន​ទណ្ឌកម្ម​ពី​អន្តរជាតិ​ជា​បណ្តើរៗ។ ក្នុង​ពេល​កំពុង​ជ្រក​ភ្លៀង​នេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ឆ្លៀត​បើក​របរ​លក់​នំ​បញ្ចុក និង​ចំណី​ជា​ច្រើន​មុខ​ទៀត ប៉ុន្តែ​មិន​លក់​ឧត្ដម​គតិ​ជា​ដាច់​ខាត។

“អាហារ​ស្នាដៃ​អ្នក​បាត់ដំបង” គឺ​ជា​ពាក្យ​ស្លោក​ដែល​ចៅសង្កាត់​អូរចារ ពូកែ​វោហារ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បិទ​ផ្សាយ​នៅ​លើ​ស្លាក​យីហោ​អាហារដ្ឋាន “រ៉ូហ្ស៊េត” ដែល​បើក​លក់​ចាប់​ពី​ព្រឹក​ម៉ោង​៦ ថ្ងៃ​សៅរ៍ ទី​៩ ខែ​ធ្នូ នេះ​ត​ទៅ។ មុខ​របរ​ថ្មី​នេះ គឺ​ចៅសង្កាត់​អូរចារ ចាប់​បើក​ដំណើរការ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លាយ​បាន​សម្រេច និង​បណ្ដេញ​មន្ត្រី​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​ទាំង​អស់​លែង​ឲ្យ​បន្ត​ធ្វើការ​បម្រើ​រាស្ត្រ​ម្ចាស់​ឆ្នោត​បាន​តទៅ​ទៀត លើកលែងតែ​ព្រម​ចុះ​ចូល​បក្ស​កាន់​អំណាច។ ប៉ុន្តែ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក៏​ដូចជា​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​ផ្សេង​ទៀត សុខ​ចិត្ត​ក្រាញននៀល​មិន​ព្រម​លក់​ឧត្ដមគតិ មិន​ព្រម​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត ទោះ​ជា​មាន​ការ​អូសទាញ គំរាមកំហែង និង​បំភិតបំភ័យ​ឲ្យ​ចុះចូល​យ៉ាង​ណា​ក្តី៖ «នេះ​ជា​របរ​សុចរិត យើង​មិន​បាន​គាបសង្កត់ ឬ​បង្ខិតបង្ខំ​អ្នក​ដទៃ»

​អ្នក​ដែល​អាណិត ស្រលាញ់ និង​គាំទ្រ​បាន​លើកទឹកចិត្ត​ឲ្យ​មេ​ឃុំ​អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត រូប​នេះ ឲ្យ​បន្ត​ការ​តស៊ូ​មិន​លក់​ឧត្ដមគតិ ដោយ​មាន​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជួយ​បរិច្ចាគ​ជា​ថវិកា​មួយ​ចំនួន​ដើម្បី​ឲ្យ​កញ្ញា​យក​ទៅ​ប្រើប្រាស់​ដើម្បី​បើក​របរ​កំដរ​ក្តី​សុបិន​ធ្វើ​នយោបាយ ដើម្បី​ប្រែក្លាយ​វាសនា​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​សង្កាត់​អូរចារ​នេះ​ថែម​ទៀត​ផង។

​អ្នក​ខ្លះ​ទៀត​បាន​តែ​ជា​កំណាព្យ និង​និពន្ធ​ជា​បទ​ចម្រៀង ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត។

លោក សំ វិជ្ជា បាន​តែង​ជា​កំណាព្យ​រៀបរាប់​អំពី​មុខ​ម្ហូប​នៅ​ក្នុង​ហាង​ថ្មី​នេះ ដូច្នេះ​ថា៖ “មាន​នំ​បញ្ចុក​សម្លប្រហើរ ក៏​មាន​ដែរ​តើ​សម្លការី មាន​បាយ​សាច់​ជ្រូក និង​ឆ្អឹងជំនី ណែម​មាន​មុខ​ពីរ មាន​ឆ្អិន​មាន​ឆៅ។ លក់​ទាំង​ព្រឹក​ល្ងាច​ចំណី​អាហារ មាន​គុយទាវ​ឆា នំប៉័ង​ក្តៅៗ បាញ់ហយ​បាញ់ស៊ុង ជម្រាប​ញាតិផៅ នាំ​កូន​នាំ​ចៅ​អញ្ជើញ​ពិសា”។ បន្ថែម​លើ​នេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បញ្ជាក់​ថា នៅ​មាន​បង្អែម ទឹកក្រឡុក ផ្លែឈើ​ស្រស់ របស់​អ្នក​ភូមិ​ផង​ដែរ៖ «យើង​មាន​លក់​ជា​ចំណី ដែល​ជា​ស្នាដៃ​ស្ត្រី​ពិតៗ​នៅ​តាម​ភូមិ នៅ​សង្កាត់​អូរចារ»

របរ​ថ្មី​នេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចាត់​ទុក​ថា ជា​ជម្រក​សម្រាប់​ជ្រក​ព្យុះភ្លៀង​នយោបាយ ដែល​បង្ក​ឡើយ​ដោយ​គណបក្ស​កាន់​អំណាច​ដែល​លាយ​ផ្គរ និង​រន្ទះ​ដ៏​កំណាច​ផង ​កំពុង​យាយី​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់​លំដាប់​ថ្នាក់។ ដំណាក់កាល​នេះ កញ្ញា​បញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ៗ ត្រូវ​តែ​អត់ធ្មត់ តស៊ូ និង​មិន​ភ្លេច​ងាក​មក​គិត​អំពី​ជីវភាព​ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន៖ «មិន​មែន​មាន​ន័យ​ថា យើង​បាត់បង់​ស្មារតី​នោះ​ទេ។ ក្រោយ​ព្យុះ ក្រោយ​ភ្លៀង ចេញ​សកម្មភាព​បន្ត​ទៀត»

សកម្មភាព​នយោបាយ​បន្ត​ទៀត​នេះ កញ្ញា​សំដៅ​លើ​ការ​បន្ត​បម្រើ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​សង្កាត់​អូរចារ ដែល​នៅ​តែ​បន្ត​សួរ​រក​កញ្ញា ដែល​ធ្លាប់​តែ​បម្រើ​សេវា​ជូន​ពួកគាត់​ដោយ​ឥត​យក​ប្រាក់ និង​ដោយ​ភាព​រួសរាយ​រាក់ទាក់ និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះសរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន៖ «ពលរដ្ឋ​ស្ថិត​នៅ​ក្នុង​ដួងចិត្ត​ខ្ញុំ។ អ្វី​ដែល​ជា​ទុក្ខ​របស់​គាត់ គាត់​បង្ហាញ​ប្រាប់​ខ្ញុំ និង​គិត​ថា ខ្ញុំ​អាច​ជួយ​ពួកគាត់​បាន»

​ចៅសង្កាត់​អូរចា ក្រុង​បាត់ដំបង ពី​ខាង​គណបក្ស​ប្រឆាំង​រូប​នេះ ក៏​ដូចជា​មេឃុំ​-​សង្កាត់ និង​ក្រុមប្រឹក្សា​គណបក្ស​ប្រឆាំង​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​រដ្ឋ​អំណាច​បណ្ដេញ​ចេញ​ពី​ការងារ បន្ទាប់ពី​គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​រម្លាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ សមាជិក​ក្រុមប្រឹក្សា​ជា​ច្រើន​ដែល​មានៈ​មិន​លក់​ឧត្ដមគតិ ត្រូវ​បង្ខំ​ចិត្ត​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​ល្បួង​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។

សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស​ចំណាត់​ការ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន បែប​នេះ ដោយ​ចាត់​ទុក​ថា ជា​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ជា​លទ្ធផល រដ្ឋាភិបាល​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម ដោយ​បិទ​ទិដ្ឋាការ ឬ វីសា ចំពោះ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ​ដែល​ចូល​ដៃ​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល​អាមេរិក​បែប​នេះ ថា​ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ជាង​បី​លាន​នាក់ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង ដើម្បី​ឲ្យ​មាន​ប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ពិត​ប្រាកដ​មួយ​នៅ​កម្ពុជា៖ «នេះ​ជា​ការ​ផ្តល់​សេចក្ដី​សង្ឃឹម​ដល់​ពលរដ្ឋ​ខ្មែរ»

ដោយសារ​សម្ពាធ​អន្តរជាតិ កាន់​តែ​មាន​ភាព​សន្ធាប់​ឡើង និង​ដោយសារ​តែ​ជំហរ​មិន​ងាករេ​របស់​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដ៏​ច្រើន​លើសលប់​បែប​នេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​មាន​ដំណោះស្រាយ​នយោបាយ​ក្នុង​ពេល​ឆាប់ៗ ហើយ​យុត្តិធម៌ និង​បន្ត​កើត​មាន​ចំពោះ​គណបក្ស​ប្រឆាំង​ដែល​កញ្ញា​ហៅ​ថា ជា​ជនរងគ្រោះ​ដោយ​ការ​ធ្វើបាប​ពី​សំណាក់​បក្ស​កាន់​អំណាច៖ «អំពើ​ល្អ​នឹង​ឈ្នះ​អំពើ​អាក្រក់។ យុត្តិធម៌​នឹង​ឈ្នះ​អំពើ​អយុត្តិធម៌។ ឲ្យ​តែ​ព្រះអាទិត្យ​នៅ​តែ​រះ យើង​នឹង​នៅ​តែ​មាន​សង្ឃឹម»

​ជា​ការ​ពិត​ណាស់ ទោះ​បី​ជា​មាន់​មិន​រងាវ ក៏​ព្រះអាទិត្យ​នៅ​តែ​រះ។ ហាង​បាយ​ថ្មី​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ក៏​ចាប់​បើក​ថ្ងៃ​នេះ​ដែរ។ អតិថិជន​ដែល​គាំទ្រ​ស្នាដៃ​របស់​ម្ចាស់​ហាង​វ័យក្មេង និង​មាន​ងា​ជា​ចៅសង្កាត់​ផង​នោះ គឺ​អាស្រ័យ​លើ​ភាព​ស្មោះត្រង់​ក្នុង​ការ​យកចិត្តទុកដាក់​ធ្វើ​ម្ហូប និង​បម្រើ​សេវា​ឲ្យ​បានល្អ​ជូន​ភ្ញៀវ ឲ្យ​ភ្ញៀវ​ពេញ​ចិត្ត។ យើង​នៅ​រង់​ចាំមើល ថា​តើ​ទៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​អាហារដ្ឋាន​ថ្មី ដែល​ជា​ស្នាដៃ​របស់​មន្ត្រី​បក្ស​កាន់​អំណាច អាច​នឹង​ទៅ​បើក​ទន្ទឹម​នឹង​ហាង​របស់​កញ្ញា​បក្ស​ប្រឆាំង​មួយ​នេះ​ដែរ ឬ​យ៉ាង​ណា? ឬ​ក៏​អាជ្ញាធរ​អាច​យក​លេស​បិទ​ហាង​នេះ​ចោល​តែម្តង ដោយសារ​មូលហេតុ​នយោបាយ​ក៏​ថា​បាន?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

6 Responses to "មេ​ឃុំ​អូរចារ​ស៊ូ​លក់​នំ​បញ្ចុក​មិន​សុខ​ចិត្ត​លក់​ឧត្ដមគតិ"

  1. Anonymous says:

    Chheang Vun viendra manger chez vous !

  2. Sam says:

    សូមអ្នកគាំទ្រចូលរួមពិសារអាហារហាងនាង។​ បើសិនជាលក់ដាច់
    មន្ត្រីរដ្ឋាបាលប្រហែលជារករឿង​ថាហាងនាង​ខ្វះអនាម័យ​ឬ ប៉ះបាល់បរិយាកាសឬ ចរាចរគ្មានសណ្តាប់ធ្នាប់។

  3. ?? says:

    to all Cambodian as I have mentioning for a while ago . HUN SEN will have his day in today situation HUN SEN come to the situation of do or die. I have note every thing was late to go back to a normal situation. the only one solution is >>> No 1 release KIM SOKHA from prison, No 2 release all political prisoner No 3 let all human right organization doing their job freely in Cambodia. No 4 stop all policy of eliminated any opposition in free and fair election in 2018. No 4 Cambodian military have to be neutral by not taking side, the last importance cases is free and fair election who ever lost have to step down . international community will monitor in this election to make sure every thing is clean that they can take and recognize the new leader of Cambodia. GOD bless Cambodia and it’s people

  4. people says:

    We are cambodian around the globe so happy to see ms rozet not betray cambodian people’ not betray conscience . Once the situation go back you will be bright in future’ .GOD bless all cambodian people’

  5. PHKA says:

    សូមសសើរដល់ “ឩត្តមគតិ” យ៉ាងខ្ពស់របស់នាង។ទុកជានាងទៅលក់”បញ្ចក” ឩត្តមគតិនាងកានខ្ពស់ទៅទៀត ជាសញ្ញានៃការតស៊រដើម្បីជាតិ។

  6. PHKA says:

    សូមសសើរដល់ “ឩត្តមគតិ” យ៉ាងខ្ពស់របស់នាង។ទុកជានាងទៅលក់”បញ្ចក” ឩត្តមគតិនាងកានខ្ពស់ទៅទៀត ជាសញ្ញានៃការតស៊រដើម្បីជាតិ