ដោយ វ៉ា សំណព្វ
10/12/2017
RFI

គ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក នៅខេត្តស្វាយរៀង។ @សហការី
ក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមី (OPCW) នៃអង្គការសហប្រជាជាតិ នឹងមកដល់ប្រទេសកម្ពុជានៅយប់នេះ ដើម្បីចូលរួមប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅក្នុងខេត្តស្វាយរៀង កាលពីអំឡុងទសវត្សន៍ឆ្នាំ១៩៧០។ ក្រុមបច្ចេកទេសនេះ មានគ្នា៥នាក់ ម្នាក់នឹងចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិគីមីជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា ដែលនឹងធ្វើឡើងនៅឯសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែធ្នូ។
ក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons – OPCW) ចំនួន៥នាក់នេះ នឹងចូលរួមពិនិត្យវាយតម្លៃ ក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមីនៅក្នុងខេត្តស្វាយរៀង ដែលអាជ្ញាធរកម្ពុជា បានសន្មត់ថា ជាគ្រាប់បែកគីមីដែលទម្លាក់ដោយសហរដ្ឋអាមេរិក កាលពីអំឡុងសម័យសង្គ្រាម។ ប្រតិបត្តិការនេះ អាចនឹងចាប់ផ្តើមនៅត្រឹមចុងសប្តាហ៍ទី២ខែធ្នូ ឆ្នាំ២០១៧នេះ។ បើតាមការលោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមីនៃក្រសួងការពារជាតិកម្ពុជា ដែលបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ឈ្មោះ (Fresh News) នៅរសៀលថ្ងៃទី១០ ខែធ្នូនេះ។
គួរជំរាបជូនថា ការសម្រេចបញ្ជូនក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (OPCW) មកកម្ពុជានេះ គឺធ្វើឡើងតាមសំណើររបស់រដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋមន្ដ្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានដាក់លិខិតមួយ ទៅកាន់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៦ តុលា ដោយបានស្នើឲ្យអង្គការអន្ដរជាតិមួយនេះបញ្ជូនអ្នកបច្ចេកទេស ចុះមកពិនិត្យនិងផ្ទៀងផ្ទាត់លើគ្រឿងផ្ទុះ ដែលកម្ពុជាបានចាត់ទុកថា ជាអាវុធគីមីដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម និងថា បានធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរបស់ខ្លួន។
បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក កេ ដា ក្នុងចំណោមក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិទាំង៥នាក់នោះ មាន៤នាក់ជាក្រុមបច្ចេកទេសដែលនឹងត្រូវចុះទៅពិនិត្យនិងវាយតម្លៃលើគ្រាប់បែកគីមី ដែលស្ថិតនៅក្នុងខេត្តស្វាយរៀងតែម្តង ចំណែកឯម្នាក់ទៀត គឺជាតំណាងរបស់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (OPCW) ដែលនឹងត្រូវចូលរួមនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ពីផែនការសកម្មភាពជាតិគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លអ៊ែរ នៅព្រឹកថ្ងៃទី១១ ខែធ្នូ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ ផង។
គួរជំរាបជូនដែរថា កាលពីខែកុម្ភៈកន្លងទៅ អាជ្ញាធរកម្ពុជាបានអះអាងថា ខ្លួនបានរកឃើញគ្រាប់បែកគីមីចំនួន២គ្រាប់ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាគគីរ ឃុំគគីរ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលកម្ពុជាខ្លួនឯងបានសន្មត់ថា ជាគ្រាប់បែកគីមីដែលទម្លាក់ចេញពីលើយន្តហោះរបស់អាមេរិក។ បើផ្អែកតាមលិខិតរបស់លោកប្រាក់ សុខុន កាលពីខែតុលា បានអះអាងថា មានទីតាំងអាវុធគីមីប្រមាណជា៣៤កន្លែង ដែលកម្ពុជាបានស្នើឲ្យអង្គការអន្តរជាតិមួយនេះ ចុះមកត្រួតពិនិត្យដោយមួយចំនួនត្រូវបានគេរកឃើញនៅខេត្តមណ្ឌលគីរី និងមួយចំនួនទៀត ស្ថិតនៅក្នុងខេត្តស្វាយរៀង៕
On 11/Dec/2017
Dear Officer,
This good news for us to tell the true to the world.
What happened in the past in Cambodia ?.
Who is the one made fire in Cambodia ?.
Their Chemical Bomb affect our people from the past till now.
Please trying ask for widely responsible through multi scenario.
One proverb say that ”paper can’t package fire”.
God bless all Cambodian to take over!
Cheer!!!
Thank a lots.