ដោយ សួង សុភារី
11/12/2017
RFI

រូបភាពតំណាង៖ ក្រុមការងារនៃអាជ្ញាធរមីនកម្ពុជា (@facebook/cmac)
ក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមីនៃអង្គការសហប្រជាជាតិ (United Nation-Organization for the Prohibition of Chemical Weapons) ឬ ហៅកាត់ថា (UN-OPCW) បានមកដល់ប្រទេសកម្ពុជាហើយ កាលពីយប់ថ្ងៃទី ១០ធ្នូ។ ដូចនេះ ចាប់ពីថ្ងៃទី ១២ធ្នូតទៅ ក្រុមបច្ចេកទេសនេះ នឹងផ្តើមប្រតិបត្តិការរុករក និងដោះគ្រាប់បែកគីមី ក្នុងខេត្តចំនួន ៣នៃប្រទេសកម្ពុជា រួមមាន ស្វាយរៀង មណ្ឌលគិរី និងត្បូងឃ្មុំ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
លោក ទៀ បាញ់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្រោយពិធីផ្សព្វផ្សាយផែនការសកម្មភាពជាតិគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១១ធ្នូនេះថា ក្រុមបច្ចេកទេសរបស់រដ្ឋាភិបាលកម្ពុជា នឹងចូលរួមអមដំណើរជាមួយក្រុមបច្ចេកទេស OPCW របស់អង្គការសហប្រជាជាតិ ដើម្បីស្វែងរកគ្រាប់បែកគីមី ដោយយោងតាមសភាពជាក់ស្តែង ឥតមានកំណត់ពេលនោះទេ។ គ្រាប់បែកគីមី ដែលលោកទៀ បាញ់ បានលើកឡើងថា មានសកម្មភាពក្តៅៗ និងមានច្រើនកន្លែងជាងគេ ក្នុងខេត្តស្វាយរៀង។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា រំពឹងថា ខាងអង្គការសហប្រជាជាតិ នឹងបង្ហាញអត្តសញ្ញាណនៃគ្រាប់បែកគីមីនោះ ឲ្យពិភពលោកបានស្គាល់ច្បាស់ ដើម្បីឲ្យអាមេរិក អាចទទួលស្គាល់ការពិត ហើយឈប់ដាក់គំនាបលើកម្ពុជាបន្តទៀត។ តាមលោក ទៀ បាញ់ កន្លងមកកម្ពុជា ជាប្រទេសដែលតែងតែរក្សាសន្តិភាព ហើយប្រឹងប្រែងអនុវត្តប្រជាធិបតេយ្យ។ ប៉ុន្តែសហរដ្ឋអាមេរិកឯណោះទេ ដែលតែងលាក់បាំង ហើយបង្កអសន្តិសុខដល់កម្ពុជា ហើយបំលែងថាខ្លួនជាប្រទេសដែលគិតគូដល់កម្ពុជាទៅវិញ តួយ៉ាងដូចជា ការទម្លាក់គ្រាប់បែកគីមី ដោយអាមេរិក ក្នុងសម័យខ្មែរក្រហម ហើយបែរជាបង្ខំឲ្យកម្ពុជាសងបំណុលទៅវិញ។
គួរជម្រាបជូនថា ការសម្រេចបញ្ជូនក្រុមបច្ចេកទេសរបស់អង្គការ OPCW មកកម្ពុជានេះ ធ្វើឡើង ក្រោយពេលរដ្ឋាភិបាលកម្ពុជា ដាក់លិខិតផ្លូវការ ស្នើឲ្យអង្គការមួយនេះ បញ្ជូនក្រុមបច្ចេកទេសខាងអាវុធគីមី មកពិនិត្យវាយតម្លៃ និងចូលរួមបោសសម្អាតគ្រាប់បែកគីមី ដែលរកឃើញនៅលើទឹកដីខេត្តស្វាយរៀង នៃប្រទេសកម្ពុជា ស្របតាមអនុសញ្ញាស្តីពីអាវុធគីមី របស់អង្គការសហប្រជាជាតិ។
រដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរគីមី និងអាជ្ញាធរកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា គេបានរកឃើញ មានគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក ចំនួន ២២ទីតាំងថ្មីទៀត នៅក្នុងឃុំគគីរ និងឃុំផ្សេងទៀត ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ ហើយក៏មានគ្រាប់បែក១គ្រាប់ ត្រូវបានបញ្ជាក់ថា បានរកឃើញនៅក្នុង បរិវេណសាលាបឋមសិក្សាគគីរ។ គ្រាប់បែកទាំងនោះ ត្រូវបានរដ្ឋាភិបាលប្រកាសថា កំពុងតែធ្វើទុក្ខបុកម្នេញសុខភាពរបស់ប្រជាជនក្នុងតំបន់នោះយ៉ាងខ្លាំង ដោយសារតែសារធាតុគីមីរបស់វា។ យ៉ាងណាក៏ដោយ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ថា នោះមិនមែនជាគ្រាប់បែកគីមីទេ វាគ្រាន់តែជាឧស្ម័នបង្ហូរទឹកភ្នែកប៉ុណ្ណោះ។
សូមរម្លឹកជូនដែរថា អាមេរិក មានប្រវត្តិទម្លាក់គ្រាប់បែក ក្នុងប្រទេសកម្ពុជា កាលពីសម័យសង្គ្រាមទស្សវត្ស ៧០ ហើយមានទិន្នន័យមិនពេញលេញរបស់អាជ្ញាធរជាតិកំចាត់មីនកម្ពុជា អះអាងថា គ្រាប់បែកដែលទម្លាក់នោះ មានជាង ២លាន៥សែនគ្រាប់។ យ៉ាងណាមិញ អាមេរិក នៅតែបន្តទាមទារបំណុលពីកម្ពុជា ដែលបានជំពាក់ក្នុងសម័យនោះ ខណៈរដ្ឋាភិបាលកម្ពុជា យល់ថា ហេតុអ្វីប្រទេសរងគ្រោះ ត្រូវសងបំណុលប្រទេសបង្កគ្រោះ?