ដោយ តាំង សារ៉ាដា
2018-01-25
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្នុងពិធីមួយនាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ រូបឯកសារ (AFP)
![]()
អ្នកឃ្លាំមើលសង្គមអះអាងថា លោក ហ៊ុន សែន ដឹកនាំកម្ពុជា បច្ចុប្បន្នគឺជាការដឹកនាំបែបយោធានិយម ផ្ដាច់ការ និងជាការដឹកនាំមួយដែលក្រុមយោធាព្យាយាមដំឡើងបុណ្យសក្ដិទាយាទរបស់ខ្លួនឲ្យស្នងតំណែងបន្ត ដើម្បីការពារអំណាចទ្រព្យសម្បត្តិ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចបដិសេធការចោទប្រកាន់នេះ។
ក្រុមអ្នកវិភាគវាយតម្លៃថា កម្ពុជាកំពុងបោះជំហានដ៏ធំរបស់ខ្លួនទៅរកវណ្ណៈយោធាផ្ដាច់ការនិយមមួយដែលកំពុងចាក់ឫសជ្រៅទៅក្នុងស្រទាប់សង្គមដ៏ស្មុគស្មាញញាំញីទៅដោយគ្រួសារនិយម បក្ខពួកនិយម ក្នុងបុព្វហេតុការពារអំណាច ទ្រព្យសម្បត្តិ និងការក្ដោបក្ដាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា ក្រុមយោធាជាតិបានចាប់ផ្ដើមរំលោភភារកិច្ចរបស់ក្រសួងមហាផ្ទៃ ដូចជាករណីរៀបចំសណ្ដាប់សាធារណៈជាជាងកិច្ចការព្រំដែន និងបានចាប់ផ្ដើមចេញមុខស៊ើបអង្កេតក្នុងហេតុផលប្រឆាំងនឹងបដិវត្តន៍ពណ៌។ នៅស្របគ្នានេះ ដឹកនាំយោធាក៏បានចាប់ផ្ដើមប្រញាប់ប្រញាល់តែងតាំងទាយាទ និងសាច់ញាតិរបស់ខ្លួនជាបន្តបន្ទាប់ដែរ៖ «របបយោធានេះមិនមែនមានទម្រង់តែរបបយោធាធម្មតាទេ ប៉ុន្តែវាជារបបយោធាតពូជ។ គឺក្នុងគ្រួសារមួយចេះតែតគ្នាអ៊ីចឹងទៅ»។
ការតែងតាំងក្រុមទាយាទរបស់មន្ត្រីយោធាជាន់ខ្ពស់ ធ្វើឡើងរាប់ចាប់តាំងពីកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់មន្ត្រីយោធាគ្រាក់ៗមួយចំនួនទៀត។
លោក ហ៊ុន សែន បានតែងតាំងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឲ្យមានតួនាទីជាច្រើននៅក្នុងជួរកងទ័ព ក្នុងនោះតែងតាំងទៅជាឧត្ដមសេនីយ៍ឯកផ្កាយមាស៣ កាន់តំណែងជាអគ្គមេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការរងកងអង្គរក្ស ជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។
បន្ទាប់មក នៅឆ្នាំ២០១៧ លោក ហ៊ុន សែន បានតែងតាំងកូនប្រុសទីពីររបស់លោក គឺលោកឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ានិត ឲ្យធ្វើជាប្រធាននាយដ្ឋានស្រាវជ្រាវខាងផ្នែកចារកិច្ច។ ក្រោយមកទៀត នៅខែចុងខែធ្នូ ឆ្នាំ២០១៧ លោក ហ៊ុន សែន បានតែងតាំងក្មួយប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន ជា ពីឋានន្តរសក្ដិជាឧត្ដមសេនីយ៍ទោ ទៅជាឧត្ដមសេនីយ៍ឯកផ្កាយមាសបី នៃក្រសួងការពារជាតិ។ ក្នុងរយៈពេលមិនដល់មួយខែផង គឺនៅពាក់កណ្ដាលខែមករា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងកូនប្រសារបស់លោក គឺលោក ឌី វិជ្ជា ឱ្យធ្វើជាអគ្គស្នងការរងនគរបាលជាតិ។
នេះនៅមិនទាន់គិតដល់កូនមន្ត្រីសមត្ថកិច្ចកំពូលៗជាច្រើនផ្សេងទៀត ដូចជាកូនប្រុសពីរនាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង គឺលោក ស សុខា និង ស រដ្ឋា ត្រូវបានតែងតាំងពីថ្នាក់ឧត្ដមសេនីយ៍ត្រី ផ្កាយមាសមួយ ទៅជាឧត្ដមសេនីយ៍ទោ ផ្កាយមាសពីរ។ លោក ស សុខា ក្រៅពីមានតួនាទីជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោកក៏មានតួនាទីជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង។
រីឯកូនប្រុសរបស់លោក ទៀ បាញ់ ឈ្មោះ ទៀ សីហា វិញក៏មានឋានន្តរសក្ដិមិនតូចនោះដែរ។ លោក ទៀ សីហា ក្រៅពីមានតួនាទីជាឧត្ដមសេនីយ៍ទោ ពាក់ផ្កាយមាសពីរ ខាងផ្នែកយោធាហើយនោះ លោកក៏ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ថែមទៀត។
រីឯមន្ត្រីយោធាតស៊ូការពារនៅតាមព្រំដែនវិញ ដែលគ្មានសែរយៈធំៗ កម្រឃើញមានការតែងតាំងឲ្យឡើងតួនាទី ឋានៈ បានខ្ពង់ខ្ពស់ដូចកូនមន្ត្រីធំៗបែបនេះណាស់។ កងកម្លាំងយោធាខ្លះទៀត បានពលីជីវិតនៅក្នុងសមរភូមិ បន្សល់ទុកនូវប្រពន្ធកូនក្រលំបាក តោកយ៉ាកក៏មាន។ យោធាខ្លះរងគ្រោះពិការដៃ ដាច់ជើង ហើយធ្លាក់ខ្លួនជាអ្នកសុំទានដើម្បីចិញ្ចឹមក្រពះប្រចាំថ្ងៃថែមទៀត។
អ្នកវិភាគនយោបាយបណ្ឌិត ឡៅ ម៉ុងហៃ កត់សម្គាល់ថា ការតែងតាំងមុខតំណែងមន្ត្រីជាន់ខ្ពស់ក្នុងក្របខ័ណ្ឌសន្តិសុខជាតិ និងវិស័យការពារជាតិនៅកម្ពុជា បច្ចុប្បន្ន ធ្វើឡើងតាមរយៈសាច់សាលោហិត និងបក្ខពួកនិយម ច្រើនជាងគុណបំណាច់ និងសមត្ថភាពជាក់ស្ដែងរបស់យោធាមួយចំនួនធំទៀត ដែលខំតស៊ូបម្រើជាតិរាប់សិបឆ្នាំមកនោះ។ លោកថា ការធ្វើបែបនេះជាសញ្ញាបង្ហាញថា កម្ពុជាកំពុងក្លាយជាប្រទេសដែលផ្ដាច់ការយោធានិយម និងគ្រួសារនិយម។
ចំណែកប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ធ្លាប់មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាគ្រួសារនិយម និងបក្ខពួកនិយម កម្ពុជាគួរមានច្បាប់មួយស្ដីពីទំនាស់ផលប្រយោជន៍ ដែលត្រូវចែងឱ្យបានច្បាស់អំពីការតែងតាំងមុខតំណែង និងតួនាទីរបស់កូនចៅ និងសាច់សាលោហិតរបស់មេដឹកនាំទាំងនោះ។
លោក សន ជ័យ៖ «ប្រសិនបើមានមន្ត្រីផ្សេងៗដែលបានបំពេញការងារយូរមកហើយ ជាពិសេសមន្ត្រីដែលមានវ័យចំណាស់ដែលពួកគាត់មិនបានឡើងបុណ្យសក្ដិ តែអ្នកផ្សេងដែលមានជាប់សែស្រឡាយរបស់ថ្នាក់ដឹកនាំបែរជាបានឡើងបុណ្យសក្ដិ នោះហើយគឺជាការឈានទៅរកគ្រួសារនិយម។ ក៏ប៉ុន្តែពេលវេលានៃការឡើងបុណ្យសក្ដិនេះ មិនមែនកើតឡើងចំពោះតែក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹងតែមួយនោះទេ វាក៏មានការដំឡើងឋានៈដល់មន្ត្រីផ្សេងៗទៀតនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធហ្នឹងដែរ។ បើយើងមិនទាន់មានច្បាប់ស្ដីពីទំនាស់ផលប្រយោជន៍ និងមានការចែងឱ្យច្បាស់ពីទំនាស់ផលប្រយោជន៍នេះទេ ខ្ញុំគិតថា សង្គមកម្ពុជា យើងនឹងត្រូវបានគេមើលឃើញរបៀបនេះតទៅទៀត»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចោលការចោទប្រកាន់ទាំងឡាយដែលថា កម្ពុជាជាប្រទេសកំពុងមានការដឹកនាំបែបយោធាផ្ដាច់ការនិយម និងគ្រួសារនិយមនោះ។ លោកអះអាងថា ការតែងតាំងមុខតំណែងកូនៗរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា អោយមានតំណែងខ្ពស់នោះ គឺជាការសក្ដិសមបំផុតដោយសារពួកគេមានសមត្ថភាពពិតប្រាកដ។
មន្ត្រីនាំពាក្យគណបក្សកាន់អំណាចរូបនេះអះអាងថា ប្រសិនបើកម្ពុជា កាន់អំណាចផ្ដាច់ការមែននោះ អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះឡើយ៖ «ប្រសិនបើរបបយោធានិយមមែន វាអត់ស្ថិតស្ថេររហូតដល់ ៣០ ៤០ឆ្នាំអ៊ីចឹងទេ»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានស្នើអោយលោក សុខ ឥសាន គួរតែផ្លាស់ទៅរស់នៅពិភពព្រះអង្គារវិញទៅប្រសើរជាង ប្រសិនមន្ត្រីបក្សប្រជាជនកម្ពុជា រូបនេះ មើលមិនឃើញថា ប្រទេសកម្ពុជា កំពុងតែរំលោភអំណាច រំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យទេនោះ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃទី២៥ ខែមករា ថា ប្រទេសដែលកាន់របបប្រជាធិបតេយ្យគឺគ្មានការរំលាយគណបក្សប្រឆាំង គ្មានចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង គ្មានការបិទស្ថាប័នសាព័ត៌មានឯករាជ្យ គ្មានការចាប់ខ្លួនអ្នកកាសែត និងគ្មានការហាមអ្នកនយោបាយមិនឲ្យធ្វើនយោបាយនោះឡើយ៖ «ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ គេមានតុលាការឯករាជ្យ គេមានបណ្ដាញសាព័ត៌មានឯករាជ្យ គេមាននគរបាល ប្រព័ន្ធយុត្តិធម៌ និងយោធាដែលមានវិជ្ជាជីវៈ។ ជាងនេះទៅទៀត ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យគឺមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយគ្មានការប្រើអំពើហិង្សា ការគំរាមកំហែង និង ការបំភិតបំភ័យ។ ជនណាដែលនិយាយថា កម្ពុជាជាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ជននោះកំពុងកុហកខ្លួនឯង និងកុហកដល់មហាជនទូទៅ។ ម្យ៉ាងទៀតដោយសារជននោះបានទទួលប្រាក់ខែពីលោក ហ៊ុន សែន បើមិនអ៊ីចឹងទេ ក៏ជននោះមិននិយាយសម្ដីបែបឆ្កួតលីលាដូច្នេះទេ»។
ក្រុមអ្នកវិភាគនិយាយថា មេដឹកនាំផ្ដាច់ការជាច្រើននៅលើពិភពលោក បានប្រើវិធីស្រដៀងគ្នាទៅនឹងមេដឹកនាំនៃប្រទេសកម្ពុជាដែរ ក្នុងការតែងតាំងកូនៗរបស់ខ្លួនឲ្យមានតួនាទីធំៗនៅក្នុងជួរកងទ័ព ជាពិសេស លោក សាអាឌី កាដាហ្វី (Saadi Gaddafi) កូនប្រុសរបស់លោក មូអាមើ ហ្កាដាហ្វី (Muammar Gaddafi) អតីតមេដឹកនាំប្រទេសលីប៊ី (Libya) ធ្លាប់ត្រូវបានឪពុករបស់លោកតែងតាំងជាមេបញ្ជាការនៃកងកម្លាំងពិសេសរបស់ប្រទេសលីប៊ី កាលពេលលោកនៅមានអំណាច។
ក្រោយមក លោក សាអាឌី ត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋកម្មទៅលើប្រជាជនលីប៊ី។ រីឯអតីតមេដឹកនាំប្រទេសអ៊ីរ៉ាក់ (Iraq) លោក សាដាម ហ៊ូសេន (Saddam Hussein) ក៏ធ្លាប់តែងតាំងកូនប្រុសរបស់លោកមួយចំនួនអោយមានតំណែងកំពូលក្នុងជួររដ្ឋាភិបាលរបស់លោកដែរ ដូចជាលោក អ៊ូដា ហ៊ូសេន (Uday Hussein) ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការដែលមានអំណាចលើកម្លាំងប៉ូលិស យោធា និងស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាល។ កូនប្រុសរបស់លោក សាដាម ហ៊ូសេន ម្នាក់ទៀតឈ្មោះ ឃូស៊យ ហ៊ូសេន (Qusay Hussein) ក៏ត្រូវបានលោក សាដាម ហ៊ូសេន តែងតាំងជាបញ្ជាការកំពូលខាងផ្នែកកងទ័ពជើងទឹក និងជើងអាកាសថែមទៀត។
ទោះអ្នកវិភាគលើកឡើងថា ទោះបីជាលោក ហ៊ុន សែន ដឹកនាំប្រទេសដោយប្រើវិធីសាស្ត្រផ្ដាច់ការ និងតែងតាំងកូនចៅរបស់ខ្លួនឲ្យកាន់មុខតំណែងនៅក្នុងជូរកងទ័ពយ៉ាងច្រើនស្អេកស្កះដូច្នេះក្តី ប៉ុន្តែបរិបទពិភពលោកបច្ចុប្បន្ន ប្រទេសដែលដឹកនាំបែបផ្ដាច់ការនេះ មិនបានស្ថិតស្ថេរយូរអង្វែងនោះឡើយ ជាក់ស្ដែងអំណាចផ្ដាច់ការនៅតាមបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាកំពុងដួលរលំជាបន្តបន្ទាប់៕
Like father, like other person’s son. Go to take DNA test. You are not look alike. Ah KVAK has only one blind eye, and son of the bitch eyes look like Mr. LEI.
according to my record HUN SEN said he is not a dictator but he just stay in powers YOU THEIR . excuse me Mr what did you say do you think world community are dumb like you. not even that HUN SEN the evil uneducated man was so proud of himself of being in powers longer then any leaders in the whole world. my question is the world hated dictator why this HUN SEN guy was so proud to be dictator.??? too bad CAMBODIA right now is belonging to HUN families which is a metal uneducated man in Cambodia. I’m wonder there are at lease some educated men in CPP that was not metal but the whole group seem to be sick never getting well. that was not counting ROYAL families which was not responsible for there own nation. after all Cambodia is the only place for burry it own innocent people . GOD bless Cambodia and it’s people
according to my record HUN SEN said he is not a dictator but he just stay in powers YOU THEIR . excuse me Mr what did you say do you think world community are dumb like you. not even that HUN SEN the evil uneducated man was so proud of himself of being in powers longer then any leaders in the whole world. my question is the world hated dictator why this HUN SEN guy was so proud to be dictator.??? too bad CAMBODIA right now is belonging to HUN families which is a metal uneducated man in Cambodia. I’m wonder there are at lease some educated men in CPP that was not metal but the whole group seem to be sick never getting well. that was not counting ROYAL families which was not responsible for their own nation. after all Cambodia is the only place for burry it own innocent people . GOD bless Cambodia and it’s people