Fri, 26 January 2018
បែន សុខហ៊ាន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលមានធនធានមនុស្សមកពីអង្គការសង្គមស៊ីវិល បាននិងកំពុងអំពាវនាវឲ្យអ្នកបោះឆ្នោតគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខដើម្បីឲ្យមានសំឡេងគណបក្សប្រឆាំងមួយដ៏ពិតប្រាកដខណៈដែលសមាជិកសភានាពេលបច្ចុប្បន្នមិនមានសំឡេងជំទាស់នឹងរាជរដ្ឋាភិបាល។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្ត្រីគណបក្សប្រឆាំងដែលមិនត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ ឲ្យបង្កើតគណបក្សថ្មីមួយដើម្បីចូលរួមការបោះឆ្នោតជាតិដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោកសាម អ៊ីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យGDPថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា គណបក្សប្រឆាំងដែលមានពលរដ្ឋច្រើនគាំទ្រ បូកនឹងកម្លាំងរបស់ GDP នឹងអាច«បំបែកបាននូវសំឡេងរបស់គណបក្សប្រជាជនកម្ពុជាបានដោយសារពលរដ្ឋខ្មែរចង់ឲ្យមានការផ្លាស់ប្ដូរមួយក្រោយការបោះឆ្នោត។
លោកថ្លែងថា៖«ព្រោះយើងគិតថា ប្រជាពលរដ្ឋជាច្រើនគាត់នៅគាំទ្រ ហើយគាត់នៅមើលឃើញកម្លាំងសង្គ្រោះជាតិ ជាកម្លាំងសំខាន់មួយ ដូច្នេះយើងគិតថា ការចូលរួមរបស់សង្គ្រោះជាតិ វាអាចលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមានទឹកចិត្ត និងក្ដីសង្ឈឹម ដើម្បីចូលរួមការបោះឆ្នោត ហើយយើងជឿជាក់ថាឈានទៅបំបែកសំឡេងរបស់គណបក្សប្រជាជន។ កុំឲ្យគណបក្សប្រជាជនគាត់អាចសម្រេចចិត្តបង្កើតរដ្ឋាភិបាល រួចអាចធ្វើច្បាប់អីបានស្រេចតែចិត្ត និងកុំឲ្យជិះសេះលែងដៃ»។
លោកថ្លែងថា៖«យើងសង្កេតឃើញមហាជនគាត់ ភាគច្រើនចង់បានការផ្លាស់ប្ដូរនយោបាយថ្មីគឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងបង្កើតបាននយោបាយថ្មី។ គណបក្សកាន់អំណាចគាត់មើលឃើញពីផ្លូវរបស់គាត់ប៉ុន្តែយើងត្រូវសម្រេចចិត្តតាមផ្លូវរបស់យើង តាមយុទ្ធសាស្ត្ររបស់យើង»។
លោកទាវ វណ្ណុល ប្រធានស្ដីទីគណបក្សភ្លើងទៀនដែលបានដូរឈ្មោះពីគណបក្សសម រង្ស៊ី ថ្លែងថា លោកក៏មិនទាន់បានឃើញពីការអំពាវនាវរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅឡើយទេ ហើយក៏មិនទាន់មានការសម្រេចចិត្តថានឹងចូលរួមការបោះឆ្នោតនៅឡើយទេ។
លោកថ្លែងថា៖ «ពីព្រោះ យើងឃើញស្ថានការណ៍នយោបាយវាអាក្រក់ខ្លាំង យើងឃើញបក្សកាន់អំណាច បានរិតត្បិតអ្នកប្រជាធិបតេយ្យ បានន័យថាហាក់បីដូចជាសម្លាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើង។ ដូច្នេះយើងត្រូវពិចារណាថា គួរចូលរួមឬមិនចូលរួម ឧបមាថាយើងចូលទៅឈ្នះ សំណួរសួរថាតើ ប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យដែលអាចឡើងកាន់អំណាចទៀតឬទេ?»។
លោក សឺន ស៊ូប៊ែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្សថ្លែងកាលពីម្សិលមិញហាក់មិនគាំទ្រនឹងការអំពាវនាវរបស់GDP ឲ្យចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខនោះទេព្រោះគ្មានប្រយោជន៍។
លោកថ្លែងថា៖«ខ្ញុំមិនជឿថាអាចបំបែកបានទេ កុំចូលរួមការបោះឆ្នោតទៅវាល្អជាង…អន្តរជាតិមិនទទួលស្គាល់ទេ»។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រកាសស្វាគមន៍ដល់គណបក្សណាដែលចង់ប្រកួតប្រជែងជាមួយនឹងបក្សកាន់អំណាច។
លោកថ្លែងថា៖«យើងស្វាគមន៍ឲ្យគណបក្សនានាដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ចូលរួមប្រកួតប្រជែងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយស្មើមុខ ស្មើមាត់គ្នាចំពោះមុខច្បាប់ស្ដីពីគណបក្សនយោបាយ ស្ដីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…វាជាសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋ»។
ទោះបីជាយ៉ាងណាក៏ដោយលោក អ៊ីន ថ្លែងកាលពីម្សិលមិញដែរថា នៅពេលទទួលបានសំឡេងគាំទ្រនាពេលបោះឆ្នោតក្នុងខែកក្កដានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានគោលនយោបាយនឹង បង្រួមក្រសួងរបស់រដ្ឋដែលមានជិត ៣០ មកត្រឹម ១៥ ប៉ុណ្ណោះដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋលើការងារមិនចាំបាច់។ ដើម្បីធ្វើវិមជ្ឈការអំណាច និងធនធានទៅថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ឃុំ-សង្កាត់ និងក្រុង-ស្រុក-ខណ្ឌ ក្នុងការដឹកនាំការអភិវឌ្ឍនិងធ្វើឲ្យប្រសើរ នូវការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។
លោក អ៊ីន បានថ្លែងថា៖«បើយើងបង្រួមក្រសួងណាដែលមានកិច្ចការទាក់ទងគ្នាច្រើន មកក្រសួងតែមួយ គឺវានឹងជួយសម្រួលឲ្យការងារសម្របសម្រួលចាត់ចែងវាមានប្រសិទ្ធភាពខ្ពស់ជាង។ យើងមិនចង់ឲ្យការចាយវាយធនធានរបស់ជាតិខ្ជះខ្ជាយដោយការបង្កើតក្រសួងជាច្រើន ដែលមានមនុស្សជាច្រើនទទួលខុសត្រូវដោយមិនចាំបាច់ ជាពិសេសកម្រិត រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអីហ្នឹង គឺជាការចាយវាយធនធានមនុស្សដែលវាមិនចាំបាច់»។
លោក បន្តថា៖«យើងជជែកគ្នានៅក្នុងក្រុមប្រឹក្សាគោលនយោបាយដើម្បីឲ្យរដ្ឋាភិបាលមួយដែលមានប្រសិទ្ធភាព ចាត់ចែងការងារសម្របសម្រួលកិច្ចការដែលមានទំនាក់ទំនងគ្នាមានប្រសិទ្ធភាព វាអត់ចាំបាច់ត្រូវការមានក្រសួងច្រើនទេ វាអាចកាត់បន្ថយការចំណាយថវិកាជាតិទៅលើអ្នកដឹកនាំជាន់ខ្ពស់ មួយចំនួនដែលមិនចាំបាច់តែម្ដង»។
ទោះជាយ៉ាងក៏ដោយ លោកសុខ ឥសាន ថ្លែងថា ក្រោយការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៧៩រដ្ឋាភិបាលកម្ពុជាមានក្រសួងតែជាង៤ប៉ុណ្ណោះ ប៉ុន្តែចំនួននេះបានកើនឡើងជាលំដាប់ដោយសារស្ថានភាព និងតម្រូវការ ចាំបាច់។
លោកបានថ្លែងទៀតថា៖«វាអាស្រ័យដោយការរីកចម្រើនរបស់ប្រទេសជាតិ។ តួនាទីភារកិច្ចរបស់ក្រសួង វាចេះតែរីកអ៊ីចឹង វាត្រូវបំបែកដើម្បីឲ្យមានការទទួលខុសត្រូវដោយឡែកៗពីគ្នា។ បើគ្មានការរីកចម្រើន ចាំបាច់បង្កើតធ្វើអី»។
លោកថ្លែងបន្ថែមថា៖ «ការគិតគូរ វាជារឿងផ្ទៃក្នុងរបស់គាត់ មិនមានបញ្ហាអីដែលយើងត្រូវជំទាស់ជាមួយនឹងថ្នាក់ដឹកនាំគណបក្សគាត់ដែលរៀបចំកម្មវិធីនយោបាយនោះទេ ទោះបីជាគាត់បង្កើតតែ ៣ ក្រសួង ក៏បាន បង្កើត៥ក្រសួងក៏បាន វាជារឿងគាត់។ នេះជាកម្មវិធីនយោបាយ ហើយគាត់យកទៅឃោសនាជាមួយប្រជាជនទៅ បើប្រជាជនគាំទ្រអាហ្នឹងបោះឆ្នោតជូនគាត់ទៅ បើសិនណាជាប្រជាជនលោកមិនឯកភាពទេ អាហ្នឹងលោកមិនបោះឆ្នោត ជូនទេ។ គាត់នឹងបោះឆ្នោតជូនគណបក្សណាដែលគាត់ជឿទុកចិត្ត»។
លោក មាស នី អ្នកវិភាគនយោបាយ នៅក្នុងសង្គមស៊ីវិលបានថ្លែងថា ជាគោលការណ៍ រដ្ឋាភិបាលកម្ពុជាមានក្រសួងច្រើនណាស់ ខណៈដែលបច្ចុប្បន្នមានចំនួន ២៨ក្រសួង។
លោកបានចង្អុលបង្ហាញថា ក្រសួងនានាជារឿយៗធ្វើការ «ត្រួតគ្នា» និងខ្វែងគំនិតគ្នាក្នុងចំណោមពួកគេ។
លោកនីថ្លែងថា៖«ឧទាហរណ៍ថា ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម មានសិទ្ធិផ្តល់សម្បទានដីសេដ្ឋកិច្ចដូចគ្នាហើយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងដឹកជញ្ជូនក៏មានអំណាចក្នុងការកសាងផ្លូវថ្នល់ដូចគ្នាផងដែរ។ រដ្ឋាភិបាលកម្ពុជាមានក្បាលធំ ប៉ុន្តែខ្លួនតូច»៕
រាយការណ៍បន្ថែមដោយ Andrew Nachemson
Contact author: បែន សុខហ៊ាន
