តំណាងរាស្ត្រ ហ៊្វុនស៊ិនប៉ិច ២ រូប​ត្រូវ​បាន​ស្នើ​ឲ្យ​ដក​តំណែង

តំណាងរាស្រ្តហ៊្វុនស៊ិនប៉ិច ដែលបានពីការរំលាយ CNRP​ ពេលចូលស្បថនៅបរមរាជវាំង។ ផា លីណា


and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ ហ៊្វុនស៊ិនប៉ិច​ ២ ​រូប​ដែល​ជា​តំណាងរាស្រ្ត​បាន​តំណែង​ ក្រោយ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​លោក ប៉ោ ប៊ុន​ស្រ៊ឺ និង លោក យឹម សាវី កំពុង​ត្រូវ​បាន​​សមាជិក​​ក្នុង​បក្ស​​ធ្វើ​ញត្តិ​ថ្វាយ​សម្តេច​ក្រុម​ព្រះ​ ដើម្បី​ឲ្យ​បញ្ចប់​មុខ​តំណែង​ក្នុង​បក្ស​ពាក់​ព័ន្ធ​នឹង​រឿង​បក្ខ​ពួក​និយម​ ប៉ុន្ដែ​ មន្រ្តី​នោះ​ថា​ ការ​ផ្ដិត​មេ​ដៃ​ជា​ទង្វើ​ខុស​ឆ្គង។

លោក សេង ហាក់​ស្រ៊ុន អគ្គលេខាធិការរង និង​ជា​ទីប្រឹក្សា​សម្តេច​ក្រុម​ព្រះ​មួយ​រូប​ដែល​បាន​ចូលរួម​ក្នុង​រឿង​នេះ​បាន​​ឲ្យ​ដឹង​ កាល​ពី​ម្សិល​មិញ​ថា ការ​ប្រមូល​ស្នាម​មេ​ដៃ​នេះ​បាន​កើត​​ឡើង​ក្រោយ​ពី​មាន​មន្រ្តី​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​ចំពោះ​​ការ​តែង​តាំង​តែ​បក្ខ​ពួក​របស់​ខ្លួន។

លោក​ថា ឥឡូវ​នេះ​ប្រមូល​បាន​ ៦០ ​ភាគរយ ហើយ​ពេល​ល្ងាច​ [ម្សិលមិញ]​នឹង​ទទួល​បាន​ ៩០ ​ភាគរយ ព្រោះ​ខេត្ត​មួយ​ចំនួន​ផ្ញើ​តាម​ ហ្វេសប៊ុក។

លោក​បាន​បន្ត​ថា៖«ខ្ញុំ​មិន​អត្តនោម័ត​តែ​ឯង​ណា អ្នក​ដទៃ​ថាខ្ញុំ​ជា​មេ ​ជាកើយ តែ​នេះ​អត់​ទេ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ស្តាប់​ដំបូង​គេ​នៃ​សម្រែក​ស្រែក​យំ ស្រែក​អំពាវនាវ​នៃ​បណ្តា​អ្នក​ខាំ​ស្មៅ​ ហ៊្វុនស៊ិនប៉ិច ​ណា​នោះ។ អា​អ្នក​ខាំ​ស្មៅ​ហ្នឹងបាន​ត្រឹម​ស៊ី​ស្មៅ។ អ៊ី​ចឹង​អា​អ្នក​អត់​បាន​ខាំ​ស្មៅ​នោះយក​តែ​អា​អីរ៉ាហ្គូ យក​នំប៉័ងប៉ាតេ ​ស្ទេក​អីណា​អស់​ទៅ។​ អ៊ី​ចឹង​អាអ្នក​ខាំ​ស្មៅនៅ​បន្ត​ស៊ី​ស្មៅ​ដដែល​ទៅ។ អ៊ី​ចឹង​យើង​មិន​សុខ​ចិត្ត​ទេ ចំពោះ​ចំណាត់​ការ​មនុស្ស ​២ នាក់​ គឺ​ ប៉ោ​ ប៊ុនស្រ៊ឺ និង ​យឹម សាវី។ ការ​ពិត​គណៈកម្មការ​គឺ​ ៥ ​នាក់​ឯណោះ ​ប៉ុន្តែ​អ្នក​មេ​ខ្លោង​ទទួល​ខុស​ត្រូវ​ធំ​គឺ​ ២ នាក់​ហ្នឹង​ឯង»។

លោក​បញ្ជាក់​ថា៖ «គាត់​ដក​គេ​អស់​ហើយ គាត់​ត្រូវ​ដាក់​អ្នក​ថ្មី គ្រាន់​តែ​ថា គេ​ប្រជុំ គាត់​គំរាម​គេ​ថា បើ​អ្នក​ទាំង​អស់​គ្នា​មិន​យក​ឈ្មោះ​ដែល​គាត់​បាន​ដៅ​ឲ្យ​ហ្នឹង​មក​ទេ គាត់​នឹង​ដាក់​គណបក្ស ញឹក ប៊ុនឆៃ មុន​ហ្មង ដាក់​ជំនួស​ឲ្យ​គណបក្ស​ដទៃ​ហើយ។ …យើង​វា​មិន​ដែល កូន​យើង​ចែក​មិន​ទាន់​គ្រប់​ផង រឿងអី ចែក​កូន​គេ​ស៊ី។ គាត់​ធ្វើ​នេះគឺ​យុទ្ធសាស្ត្រ​រំលាយ​ដោយ​ខ្លួន​ឯង​ខាង​ CNRP រំលាយ​ដោយ​ច្បាប់ យើង​រំលាយ​ខ្លួន​ឯងអ្ហា ​បំផ្លាញ​មនុស្ស​ខ្លួន​ឯង​បក្ស​ខ្លួន​ឯង»។

លោក​បាន​បន្ថែម​ថា «យើង​អត់​បាន​បណ្តេញ​អី​ទេ យើង​ចង់​បញ្ចប់​តួនាទី​ក្នុង​បក្ស​បាន​ហើយ​ កុំ​ឲ្យ​គាត់​ដើរ​វាត​ទី​រហូត​ដល់​មូលដ្ឋាន។ គាត់​ដូរ​ពី ​ក ទៅ​ ខ អត់​បាន​ប្រជុំ​ឲ្យពួក​យើង​ដឹង​ទាំង​អស់…ខ្ញុំ​អត់​បាន​ទទួល​ដំណឹង​សោះ សូម្បី​តែ​តំណែង​ក៏​គេ​មិន​ឲ្យ​មក​ខ្ញុំ​ដែរ​ ហើយ​ឥឡូវ​គេ​ចង់​ដក​ខ្ញុំ​ទៀត ដក​ចេញ​ពី​បក្ស ដោយ​សារ​ខ្ញុំ​មេ​ខ្លោង ​អ៊ីចឹង​កាន់​តែ​ល្អ​ទៀត​ហើយ ព្រោះ​បើ​ដក​ខ្ញុំ​ក៏​បា​នដែរ​ ព្រោះ​ខ្ញុំ​អត់​បាន​ធ្វើ​វិទ្ធង្សនា​​អី​ទេ ញត្តិ​នេះ សូម​ឲ្យ​បញ្ចប់​មុខ​តំណែង​ ២ ​នាក់​ហ្នឹង​ទេ​ អត់​ឲ្យ​ដក​សភា​ឬធ្វើ​ឲ្យ​បក្ស​អន់​សាច់ អន់​ឈាម​អីទេ»។

ទោះ​យ៉ាង​ណា លោក ​យឹម សា​វី អគ្គលេខាធិការ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច និង​ជា​តំណាងរាស្ត្រ ដែល​រង​កា​រចោទ​ប្រកាន់​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ថា​ លោក​មិន​បាន​ដឹង​អំពី​រឿង​ប្រមូល​មេដៃ​នេះ​ទេ ប៉ុន្តែ​លោក​ថា នោះ​ជា​អំពើ​ខុស​ច្បាប់។

លោក​បាន​បញ្ជាក់​ថា៖ «គណបក្ស​ណា​ក៏​ដោយ​គេ​មាន​លក្ខន្ដិកៈច្បាប់ ​និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គេ​ ដូច្នេះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​តែ​ធ្វើ​តាម​ច្បាប់​ហ្នឹង​ហើយ​អ្វី​ដែល​ធ្វើ​ខុស​ច្បាប់​ហ្នឹង​គឺ​វា​មិន​ស្រប​ច្បាប់…នរណាក៏​ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អ៊ីចឹង​បាន​ទេ​ ប៉ុន្តែ​គាត់​ធ្វើ»។

លោក​បា​នបន្ត​ថា ដោយសារ​រូប​លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ច្បាស់​លាស់​វា​មាន​ការ​លំបាក​ក្នុង​ការ​វាយ​តម្លៃ​ ប៉ុន្តែ​លោក​ថា លោក​មិន​ចាប់​អារម្មណ៍​ពីរឿង​នេះ​ទេ​ ខណៈ​ដែល​វា​រំលោភ​ច្បាប់​ និង​លក្ខន្ដិកៈ​របស់​បក្ស។

លោក​ថា៖ ​«ខ្ញុំ​ថា​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ…ធម្មតា​លទ្ធិប្រជាធិបតេយ្យ​មិន​មែន​ធ្វើ​ខុស​ក្បូន​បែប​នេះ​ទេ។ បក្ស​គេ​ប្រាប់​ហើយ​តើ​ថា គេ​មាន​ក្រឹត្យ​ក្រម​និង​ក្រប​ខ័ណ្ឌ។ រឿង​នេះ​ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ផង។ គេ​មាន​នីតិវិធី​នៃ​ការងារ​របស់​គេ​មិន​អាច​ធ្វើ​អ្វី​តាម​ចិត្ត​នឹក​ឃើញ​បាន​ទេ​ ហើយ​កាល​ណា​យើង​ធ្វើ​តាម​ចិត្ត​នឹក​ឃើញ​មិន​មាន​ក្បួន​ មាន​ច្បាប់​វាទៅ​ជា​គណបក្ស​មួយ​អនាធិបតេយ្យ»។

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ លោក សាវី​ បាន​បញ្ជាក់​ថា «ខ្ញុំ​ធ្វើ​អ្វី​ក៏​ដោយ​ គឺ​តាម​របៀប​របប​ការ​ងារ​របស់​វា។ គណបក្ស​ណា​ក៏​ដោយ​មុន​គេ​សម្រេច​អ្វី​មួយ គេ​មាន​រៀបចំ​របស់​គេ​ត្រឹម​ត្រូវ និង​ច្បាស់​ណាស់​ មិន​មែន​ម្នាក់​ឬ​ពីរ​នាក់​បាន​ឯណា។ ខ្ញុំ​ធ្វើ​តាម​សិទ្ធិ​របស់​ខ្ញុំ។…​អ្នក​ដែល​ចង់​បាន​ ចេះ​តែ​ទាម​ទារ​ ប៉ុន្តែ​ទាម​ទារទៅ​តាម​ក្រឹត្យ​ក្រម​ហើយ​អ្នក​ឲ្យ​ក៏​តាម​ក្រឹត្យ​ក្រម​ដែរ​…»។

ដោយ​សំដៅ​ដល់​កិច្ច​ប្រជុំ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ​នៅ​ថ្ងៃទី​ ២៧ មករា​ខាង​មុខ​នេះ​លោក ហាក់​ស្រ៊ុន ​បាន​វាយ​តម្លៃ​ថា ជា​បក្ស​ប្រហារ​យ៉ាង​ត្រជាក់។

លោក​បាន​បញ្ជាក់ថា៖«ថ្ងៃ​ ២៧ ​គាត់​ប្រុង​យាង​លោក [សម្តេច​ក្រុម​ព្រះ] វេលា​ ១ និង ៣០​នាទី នៅ​ទន្លេបាសាក់​ ២ កម្មវិធី​គេ​ត្រឹម​ត្រូវ​អ្ហា។ បើ​នេះ​មែន​ទេ… ខ្ញុំ​វាយ​តម្លៃ​ថា ពួក​គេ​ធ្វើ​បក្ស​ប្រហារ​ដោយ​ត្រជាក់ ព្រោះ​ក្នុង​ហ្នឹង គេ​ឲ្យ​តែង​តាំង​ពួក​គេ​ជា​ប្រធាន​ភាគតិច ប្រធាន​គណៈប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហ្មង ហើយ​ខ្ញុំ​មើល​ឃើញ​គ្រោះ​ថ្នាក់​នៃ​គោល​ដៅ​គេ​ហ្នឹង ខ្ញុំ​ត្រូវ​តែ​ធ្វើអ្វី​មុន ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​គេ​ធ្វើ​បាន។ យើង​អ្នក​ទប់​ស្កាត់​មិន​ឲ្យ​គេ​ធ្វើ»។

បើតាម​ញត្តិ​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍ ​ទទួល​បាន​បញ្ជាក់​​ថា​៖ «អនាគត​នៃ​បក្ស​ហ៊្វុនស៊ិនប៉ិច ដក​មុខ​តំណែង​មនុស្ស​ ២ ឬ​ ៣ នាក់​គឺ​មិន​រលាយ​ទេ តែ​បើ​តែង​តាំង​មនុស្ស​ម្នាក់​ក្បត់​ប្រើ​អំណាច​ដើរ​ដក​គេ ១០០ ​ទៅ​ ២០០ ​នាក់​ទើប​រលាយ ​តើ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​គួរ​ជ្រើសរើស​យក​មួយ​ណា?»។

នេះ​មិន​មែន​ជា​លើក​ទី​១ ទេ​ដែល​គណបក្ស ហ៊្វុនស៊ិនប៉ិច មាន​ទំនាស់​ផ្ទៃ​ក្នុង តែ​ករណី​ស្រដៀង​គ្នា​នេះ​បាន​កើត​តាំង​ពី​ក្រោយ​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ ១៩៩៣ រហូត​បាត់​បង់​អាសនៈ​ទាំង​ស្រុង​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ ២០១៣៕


Contact authors: គួច ម៉ាស៊ី and ម៉ិច ដារ៉ា

What Next?

Recent Articles