ការដ្ឋានសំណង់នៅតែបន្តសរសេរអក្សរជាតិនៅខាងក្រោម ទោះក្រសួងហាម​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨​
http://vodhotnews.com

អភិបាលកិច្ចល្អ

ការដ្ឋានសំណង់ដែលប្រើបដាដែលមានសរសេរអក្សរបរទេស ដាក់នៅខាងលើអក្សរជាតិ (ហួត វុទ្ធី)


ការដ្ឋានសំណង់មួយចំនួននៅរាជធានីភ្នំពេញនៅតែបន្តប្រើប្រាស់បដាដែលមានសរសេរអក្សរបរទេស ដាក់នៅខាងលើអក្សរជាតិក្នុងគោលបំណងផ្សព្វផ្សាយផ្សេងៗ បើទោះបីជាក្រសួងបានណែនាំឲ្យប្រើប្រាស់អក្សរខ្មែរដាក់ខាងលើដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិក៏ដោយ។​

កាលពីចុងខែធ្នូឆ្នាំ២០១៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំ ឲ្យមន្រ្តីរាជធានីខេត្តនិង​មន្រ្តីក្រោមឱវាទឲ្យពិនិត្យការ​ប្រើប្រាស់អក្សរខ្មែរឲ្យបានត្រឹមត្រូវនៅតាមការដ្ឋានសំណង់ គឺអក្សរខ្មែរត្រូវដាក់នៅខាងលើ។​

អ្នកនាំពាក្យក្រសួងដែនដីលោក សេង ឡូត មានប្រសាសន៍ថា ក្រសួងក៏បានដឹងដែរថា ក្រុមហ៊ុនមួយចំនួន​មិនទាន់អនុវត្តន៍តាមការណែនាំ។ លោកថា ក្រសួងមានក្រុមការងារជំនាញកំពុងធ្វើកិច្ចការងារនេះ។

បដាដែលមានសរសេរអក្សរបរទេសដាក់នៅខាងលើអក្សរជាតិ (ពៅ មេត្តា)

​លោកមានប្រសាសន៍ថា៖ «មិនមែនក្រសួងមិនដឹងទេ ក្រសួងមានអង្គភាពចំណុះហ្នឹងតាមដាន ហើយជំរុញឲ្យពួកគាត់ធ្វើ គ្រាន់តែថា ការធ្វើហ្នឹងវាអាច អ្នកខ្លះក៏បានភ្លាម អ្នកខ្លះមានការយឺតយ៉ាវតិចតួច។ ប៉ុន្តែបន្តិចទៀត នឹងអនុវត្តន៍តាមការណែនាំទាំងអស់ ព្រោះរឿងនេះជា រឿងងាយអត់លំបាកទេ»។

អ្នកស្រាវជ្រាវនិង ប្រឹក្សាយោបល់ឯករាជ្យ លោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា បើមិនមានការឲ្យតម្លៃទេ មនុស្សជំនាន់ក្រោយនឹងមិនចង់រៀនអក្សរសាស្ត្រជាតិទេ។​

លោកមានប្រសាសន៍ថា៖ «យើងតែងតែបារម្ភថា ក្មេងខ្មែរឥឡូវមិនចេះខ្មែរ និយាយខ្មែរ ឬ សរសេរខ្មែរមិនត្រូវមិនត្រូវជ្រុង ប៉ុន្តែបើគេមិនដឹងរៀនខ្មែរយកទៅប្រើអី! បើសូម្បីតែផ្លាកផ្សាយពាណិជ្ជកម្មគេមិនប្រើផង តើគេរៀនខ្មែរដើម្បីអ្វី?»។

លោកប៉ា ច័ន្ទរឿន លើកសរសើរដល់ចំណាត់របស់ក្រសួងដែនដី ហើយលោកក៏ជំរុញឲ្យមានការអនុវត្តវិធានការនេះឲ្យមានប្រសិទ្ធភាព។​ អ្នកស្រាវជ្រាវរូបនេះ​លើកឡើងថា នៅតាមបណ្តាលប្រទេសនានាមានពង្រឹងខ្លាំងក្នុងការប្រើប្រាស់អក្សរសាស្ត្រជាតិគេដូចជា ថៃ និង ម៉ាឡេស៊ីជាដើម។​

ការដ្ឋានសំណង់ដែលប្រើបដាដែលមានសរសេរអក្សរបរទេស ដាក់នៅខាងលើអក្សរជាតិ (ហួត វុទ្ធី)

ក្នុងលិខិតដែលមានហត្ថលេខារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ាកាលពីថ្ងៃទី ២៦ខែធ្នូ​ បានលើក ឡើងថា រាល់ការដាក់​តាំង​ផ្ទាំងគំនូរសំណង់ ឬ ផ្លាកសញ្ញាផ្សព្វ ផ្សាយនៅតាមការដ្ឋាន សំណង់ត្រូវគោរពតាមគោលការណ៍ដូចជា អក្សរ​ខ្មែរ​ត្រូវសរសេរ​ឲ្យបានធំជាងអក្សរបរទេស ហើយដាក់ខាងលើ ចំណែកអក្សរបរទេសសរសេរនៅខាងក្រោម និងមាន​ទំហំត្រឹមពាក់ កណ្ដាលនៃអក្សរខ្មែរ។

ជាមួយគ្នានោះដែរក្រសួងរៀបចំដែនដីក៏លើកឡើងដែរថារាល់ការសរសេរអក្សរខ្មែរត្រូវតែអនុវត្តតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ «ជួន ណាត» ដើម្បីលើកកម្ពស់អត្តសញ្ញាណ វប្បធម៌ជាតិខ្មែរ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles