ដោយ លោក ណាត សុភាព | ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨
http://vodhotnews.com

ទឹកខ្មៅកខ្វក់ចេញពីលូ ហូរចូលទឹកទន្លេ (ណាត សុភាព)
ទឹកខ្មៅកខ្វក់ចេញពីលូយ៉ាងតិចចំនួន៥កន្លែង ត្រូវបានគេបង្ហូចូលទឹកទន្លេ ចាប់ពីផ្សាររាត្រី រហូតដល់ស្ពានកោះពេជ្យថ្មី ក្បែរក្រសួងបរិស្ថាន។
តាមការចុះសង្កេតផ្ទាល់របស់អ្នកព័ត៌មានវីអូឌី គឺលូបង្ហូរទឹកស្អុយកខ្វក់យ៉ាងតិច៥កន្លែងបន្តបង្ហូរចូលទន្លេ ស្ថិតនៅម្តុំផ្សាររាត្រី មុខវត្តឧណ្ណាលោម ក្បែរព្រះបរមរាជវំាង ក្រោយសណ្ឋាគារកាំបូឌីយ៉ាណា និងក្រោមស្ពានកោះពេជ្យថ្មី ក្បែរក្រសួងបរិស្ថានជាដើម។ ការបង្ហូរទឹកកខ្វក់ចូលទន្លេនេះពលរដ្ឋប្រកបរបរនៅក្បែរៗនោះ បារម្ភពីសុខភាព។
រុញរទេះដើរលក់ភេសជ្ជៈនៅក្បែរច្រំាងមាត់ទន្លេ អ្នកស្រី ចែម ស្រីខួចរៀបរាប់ថា គាត់មានការព្រួយបារម្ភពីសុខភាពនៅពេលរុញរទេះដើរលក់ក្បែរច្រំាងទន្លេជិតទឹកកង្វក់នោះ ប៉ុន្តែគាត់ថា គ្មានជម្រើស ដោយសារគ្មានមុខរបរអ្វីក្រៅពីដើរលក់តាមមាត់ទន្លេ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។
អ្នកស្រីនិយាយថា«មានអារម្មណ៍ថា សុខភាពយើងមិនល្អដែរ…ធ្វើម៉េចបើយើងជារាស្ត្រ យើងនិយាយជាមួយគេម៉េចបាន យើងទៅលក់កន្លែងណា បើមានតែកន្លែងហ្នឹង ទៅលក់នៅក្នុងផ្សារត្រូវបង់កន្លែង ដ៏នៅទីនេះយើងអត់បង់កន្លែង តែគេចាប់ គេដេញ[សន្តិសុខ] រាល់ថ្ងៃលក់មួយថ្ងៃ ចាយមួយថ្ងៃដែរ»។
អ្នកដើរកំសាន្តតាមមាត់ទន្លេម្តុំ ព្រះបរមរាជវំាង លោក តេន វាសនា សង្កេតឃើញថា ទឹកខ្មៅកខ្វក់នេះ ត្រូវបានគេបង្ហូរចូលទឹកទន្លេជាច្រើនឆ្នាំហើយ។ លោកថា បើមិនមានអាជ្ញាធរទប់ស្កាត់ទេ នឹងធ្វើឲ្យទឹកទន្លេកាន់តែកខ្វក់ ករណីនេះ បើពលរដ្ឋមួយចំនួននៅក្រោមដៃទន្លេ ដងទឹកនោះយកទៅប្រើប្រាស់ អាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបរិស្ថានផងដែរ។
លោកយល់ថា«ទឹកស្អុយបង្ហូរចូលទៅក្នុងទឹកទន្លេ…មើលទៅវាបាត់សណ្តាប់ធ្នាប់ទឹកមួយ ពេលដែលគាត់ប្រើប្រាស់ គាត់អត់បានយកទៅចំអិនបានស្រួលបួល ធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូចជារាករួសជាដើម ជាពិសេសកូនរបស់គាត់គឺកុមារ ប៉ះពាល់មែនទែន»។
បើតាមអ្នកលក់ដូរចល័តនៅម្តុំលូទឹកខ្មៅកខ្វក់ និងអ្នកដើរកំសាន្តបានលើកឡើងប្រហាក់ប្រហែលគ្នាថា ទឹក នោះ ហូរចេញពីផ្ទះប្រជាពលរដ្ឋ ភោជនីដ្ឋាន និងសណ្ឋាគារ នៅម្តុំជួរមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ រួចហូរចូលក្នុង លូ ឬអាងស្តុបទឹកទំាង៥កន្លែងដែលស្ថាប័នរដ្ឋធ្វើនៅក្រោមដី ហើយនៅកន្លែងខ្លះត្រូវបានស្ថាប័នរដ្ឋ បង្ហូរចូលទន្លេជារៀងរាល់ថ្ងៃ ឬមួយសប្តាហ៍ម្តង។
ទាក់ទិនករណីនេះ កាលពីថ្ងៃទី២៣ ខែមករា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងក្នុងពិធីមួយរិះគន់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបង្ហូរទឹកស្អុយចូលទៅក្នុងទន្លេ ដោយលោកថា ការបង្ហូរនេះ វានឹងបង្កឲ្យមានបញ្ហាធំនាពេលអនាគត។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍ថា ក្រសួងនឹងធ្វើការដោះស្រាយចំពោះបញ្ហានេះ ដើម្បីកែលម្អចំណុចខ្វះចន្លោះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអះអាងថា លោកនឹងពិភាក្សាជាមួយមន្ត្រីជំនាញនៅក្រសួងបរិស្ថាន និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ពីបញ្ហាទឹកកខ្វក់នេះ។
លោកមានប្រសាសន៍ថា«ករណីហ្នឹង ដូចលោកបានជម្រាបជូន ខ្ញុំសូមដកឃ្លាបន្តិច ដើម្បីសុំការបំភ្លឺ ឬក៏ជូនទៅខាងមន្ទីរជំនាញ ទំាងក្រសួងបរិស្ថាន ទំាងក្រសួងសាធារណៈការ ដែលពាក់ព័ន្ធនឹងលូទឹក ឲ្យលោកបំភ្លឺខ្ញុំបន្តិចវិញសិន ទើបខ្ញុំជូនកិច្ចការលំអិត ព្រោះជាធម្មតាដូចជាមិនមានករណីហ្នឹង ត្រូវបង្ហូរហូតទៅឈានដល់ទឹកស្អុយ ដូចការលើកឡើងចូលទៅទន្លេផ្ទាល់តែម្តងទេ»។
កាលពីឆ្នាំ២០១៤ សាលារាជធានីភ្នំពេញទទួលបានជ័យលាភីជាពានរង្វាន់ និងវិញ្ញាបនបត្រ ផ្នែកទឹកស្អាត នៃទីក្រុងធំៗផ្សេងទៀត ក្នុងតំបន់អាស៊ាន។ បន្ទាប់ពីទទួលជ័យលាភីនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយលោក អៀង អូនី អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំប្រតិភូទៅទទួលដោយផ្ទាល់ពីគណៈកម្មការនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ៕