តុលាការ​ខេត្ត​កោះ​កុង​​ផ្តន្ទាទោស​សកម្ម​ជនបរិស្ថាន២រូប​ជាប់​ពន្ធ​នាគារម្នាក់​ៗ​​១ឆ្នាំ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨​ | ម៉ោង 6:33 PM
http://vodhotnews.com

សិទ្ធិមនុស្ស

សកម្មជនមាតាធម្មជាតិ២នាក់ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន (FB: Mot Kimry)


សាលា​ដំបូង​ខេត្ត​កោះ​កុ​ង នៅរសៀលថ្ងៃសុក្រនេះ ​សម្រេច​ផ្តន្ទាទោស​សកម្ម​ជនបរិស្ថាន​២នាក់ ឲ្យ​ជាប់​ពន្ធ​នាគារ​ម្នាក់ៗ១ឆ្នាំ តែតុលាការកាត់​តម្រូវ​ឲ្យ​អនុវត្តន៍​ទោសតែ​៥​ខែ ពីបទ​ញុះ​ញង់និង​ប៉ះពាល់​សិទ្ធិ​រូប​ភាព​នៃ​បុគ្គល​ ​ប្តឹង​ដោយ​ក្រុម​ហ៊ុន ដែលគេថាជា​របស់​លោកឧកញ៉ា ​លី យ៉ុងផាត់។

កាលពីខែកញ្ញាឆ្នាំ២០១៧ សមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនសកម្មជនមាតា​ធម្មជាតិ​ពីរ​នាក់ ​ឈ្មោះ ឌឹម គុណឌី និងឈ្មោះ ហ៊ុន វណ្ណៈ តបតាម​បណ្តឹងរបស់​ក្រុម​ហ៊ុន​បូម​ខ្សាច់មួយ ដែលគេថា ជារបស់ឧកញ៉ា លី យ៉ុងផាត់ ក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះ​កុង ហើយក្រុមហ៊ុននេះ បានចោទ​ពួកគេថា ​បានចូល​ទៅ​ថតសកម្មភាពនានា ​គ្មាន​ការ​អនុញ្ញាត្តិ។

មន្ត្រី​សម្របសម្រួល​អង្គកា​រ​លី​កាដូ ​ប្រចាំ​ខេត្ត​កោះ​កុង​ លោក អ៊ិន គង់ជិត ប្រាប់វី​អូ​ឌីថា សកម្ម​ជន​ទាំង​ពីរនាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កោះ​កុង នៅថ្ងៃសុក្រ​​នេះ ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគារ​ចំនួន​១​ឆ្នាំ តែត្រូវ​ព្យួរ​ទោស៧ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុ​ង​ម្នាក់​ចំនួន​១លាន​រៀល។

លោកថា៖ «អនុវត្តន៍​ទោស​៥​ខែ​ហ្នឹង​ ចាប់​ពី​ថ្ងៃ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ថ្ងៃ​ទី​១៣ កញ្ញា (២០១៧) មក​។ មក​ដល់​ពេល​នេះ ដូច​ជា​​៤ខែ​និង​១៣​ថ្ងៃ​ហើយ»

លោក គង់ជិត យល់​ថា ការ​សម្រេច​ផ្តន្ទាទោស​នេះ ​ជា​រឿង អយុត្តិ​ធម៌​មួយ​សម្រាប់​ពួកគេ ដោយ​សារ​ការ​ពិនិត្យ​ទៅ​លើ​ផ្លូវ​ច្បាប់​ពុំបានឃើញ​ថា ​អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្តិ​បទ​ល្មើ​ស​អ្វី​នោះ​ទេ ដោយលោកថា តុលាការ គួរ​ដោះ​លែង​ពួកគេ​ និងមិន​គួរ​ណា​ចោទ​ប្រកាន់ ​និង​ផ្តន្ទាទោស​នោះ​ឡើយ។

​គួរ​រំលឹក​ផង​ដែរ​ថា ការ​ចាប់​ខ្លួននិង​ផ្តន្ទាទោស​សកម្មជន​មាតា​ធម្មជាតិ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពីពួកគេ ​បាន​ចេញ​វីដេអូ​​ថ្មី​មួយ​ទៀត​របស់​ខ្លួន ​ដែល​បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឲ្យ​បាត់​ចំណូលជាតិ​រាប់​លាន​ដុល្លា​រ​បន្ថែម​ទៀត​ ទៅ​លើការ​បូម​ខ្សាច់​លក់ ​ទៅ​កាន់​ប្រទេស​តៃ​វ៉ាន់៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles