“អន្តរាគមន៍​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ដាក់​សម្ពាធ​លើ​កម្ពុជា​បន្ថែម​នៅ​ អ.ស.ប ​នឹង​គ្មាន​ប្រសិទ្ធភាព”

ដោយ ហេង សកល
2018-01-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​រំលាយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ ទោះ​បី​សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល ហើយ​ផ្អាក​ជំនួយ​ដល់​ការ​បោះឆ្នោត​ក៏​ដោយ​ចុះ។ នៅ​សប្ដាហ៍​នេះ សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ពី​ខាង​ទាំង​២​គណបក្ស គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​ពី​ខាង​គណបក្ស​សាធារណរដ្ឋ បាន​បន្ត​ស្វែង​រក​គំនាប​បន្ថែម​ទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​​អោយ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ឡើង​វិញ។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​តែង​តែ​ចំអក​ថា យន្តការ​ស្វែង​រក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ជា​យន្តការ​គ្មាន​ប្រសិទ្ធភាព ទោះ​ជា​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក ក៏​ដោយ។

មន្ត្រី​នាំ​ពាក្យ​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច គឺ​លោក សុខ ឥសាន ថ្លែង​នៅ​ថ្ងៃ​ទី​២៦ មករា ថា កិច្ច​ប្រឹងប្រែង​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដែល​ស្នើ​សុំ​ទៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ឲ្យ​បង្កើន​សម្ពាធ​លើ​កម្ពុជា នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ។

លោក សុខ ឥសាន៖ «កន្លង​ទៅ​នេះ កូនស្រី​លោក កឹម សុខា ហ្នឹង ក៏​បាន​ទៅ​ប្រជុំ​ជាមួយ​លោកស្រី ហាលី (Niki Haley) ទៅ​ប្រជុំ​ជាមួយ​អចិន្ត្រៃយ៍​ប្រចាំ​អង្គការ​សហប្រជាជាតិ​របស់​អាមេរិក ហើយ​និង​អចិន្ត្រៃយ៍​អ៊ី.យូ (EU) ជាមួយ​គ្នា​ម្ដង​ហើយ កាល​ពី​ពីរ​ខែ​មុន ចង់​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ។ ខ្ញុំ​យល់​ថា រាល់​សំណើ​នេះ មិន​សម្រេច​លទ្ធផល​ទេ ពីព្រោះ​វា​ផ្ទុយ​អំពី​ខ្លឹមសារ​នៃ​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ ដែល​ណែនាំ​មិន​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ហ្នឹង»

សេចក្ដី​ថ្លែង​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ដែល​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា បាន​សរសេរ​លិខិត​ដាក់​ទៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ គឺ​អ្នកស្រី នីគី ហាលី (Niki Haley) ដើម្បី​ឲ្យ​បង្កើន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ខុស​ច្បាប់ ការ​រំលាយ​បក្ស​ប្រឆាំង ការ​ចាប់​មេ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ព្រម​ទាំង​ហាម​មិន​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ជាង ១០០​នាក់ ធ្វើ​នយោបាយ​ទៀត​ផង។

សមាជិក​ព្រឹទ្ធសភា​ទាំង​នេះ ក៏​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​កម្ពុជា បាន​កាត់​ទោស​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ៣៥​នាក់ ​ដោយ​មិន​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​សោះ។

ទាក់ទង​បញ្ហា​គណបក្ស​ប្រឆាំង ត្រូវ​បាន​លោក សុខ ឥសាន ការពារ​ថា ជា​ការ​អនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ ដែល​ចោទ​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋភាព ឬ​ភាព​ត្រូវរ៉ូវ​គ្នា​ជា​មួយ​បរទេស​បង្ក​អំពើ​ប្រទូសរ៉ាយ​មក​ដល់​ប្រទេស​ជាតិ​ខ្លួន​ឯង ហើយ​មិន​មែន​ជា​ការ​គាប​សង្កត់​បក្ស​ប្រឆាំង​ទេ៖ «អា​ហ្នឹង​គឺ​រាជ​រដ្ឋាភិបាល​លោក​អនុវត្ត​តែ​ផ្លូវ​ច្បាប់​ទេ។ ប៉ុន្តែ​បើ​សិន​ណា​គណបក្ស​ប្រឆាំង ឬ​មេ​បក្ស​ប្រឆាំង​មិន​មាន​ប្រព្រឹត្ត​បទល្មើស​ទេ វា​អត់មាន​ហេតុផល​ណា​ត្រូវ​តុលាការ​កំពូល​រំលាយ​គណបក្ស​ប្រឆាំង​ហ្នឹង​ចោល​ទេ ឬ​មួយ​ក៏​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​សមត្ថកិច្ច​មិន​មាន​ហេតុផល ឬ​មួយ​មូលដ្ឋាន​ណា​ចាប់​ឯកឧត្ដម កឹម សុខា មក​ដំណើរការ​នីតិវិធី​តាម​គោលការណ៍​ច្បាប់​ទេ។ អា​ហ្នឹង​វា​មាន​បញ្ហា​អ៊ីចឹង»

លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​បន្ត​ទៀត​ថា ការ​វាយ​ប្រហារ​ទូទៅ​របស់​រដ្ឋាភិបាល​កម្ពុជា លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ គឺ​កំពុង​តែ​បង្ហាញ​ពី​ការ​វាយប្រហារ​ដែល​មិន​ធ្លាប់​មាន​លើ​ប្រជាធិបតេយ្យ​ដែល​កំពុង​ដុះ​ពន្លក និង​ផុយ​ស្រួយ​របស់​កម្ពុជា។ ហេតុផល​ទាំង​នេះ​ហើយ ទើប​យើង​អំពាវនាវ​ឲ្យ​អ្នកស្រី​អំពាវនាវ​ឲ្យ​បាន​ខ្លាំងក្លា​ដល់​ដៃគូ និង​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​អំពី​បញ្ហា​ទាំង​នេះ​នៅ​ឯ​សន្និបាត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ក្នុង​ពេល​ខាង​មុខ​នេះ។ លើស​ពី​នេះ​ទៀត សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ស្នើ​សុំ​អ្នកស្រី​ពិភាក្សា​ជាមួយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​កម្ពុជា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផង។ សមាជិក​ព្រឹទ្ធ​សភា​អាមេរិក នៅ​ក្នុង​សន្និសីទ​ពិសេស​នេះ ក៏​ទទូច​ឲ្យ​អ្នកស្រី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​នានា ឲ្យ​ចេញ​សេចក្ដី​សម្រេច​ចិត្ត​ខ្លាំងក្លា​មួយ​ដែល​ដាក់​ប្រកាស​អំពី​រដ្ឋាភិបាល​កម្ពុជា នៅ​លើ​វេទិកា​អន្តរជាតិ។

ក្នុង​លិខិត​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក ចំនួន ៧​រូប ដែល​ដឹក​នាំ​ដោយ​សមាជិក​ព្រឹទ្ធសភា លោក បិន ខាឌីន (Ben Cardin) ដែល​ស្នើ​សុំ​ទៅ​អ្នកស្រី នីគី ហាលី ឲ្យ​ប្រើប្រាស់​ឥទ្ធិពល​ការិយាល័យ​របស់​អ្នកស្រី និង​យន្តការ​អង្គការ​អន្តរជាតិ ​ដាក់​រដ្ឋាភិបាល​កម្ពុជា អោយ​នៅ​ឯកោ​ដើម្បី​កុំ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ទទួល​បាន​ភាព​ស្រប​ច្បាប់​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​មិន​សេរី និង​មិន​យុត្តិធម៌​នៅ​ខែ​កក្កដា ខាង​មុខ​នេះ។ សមាជិក​ព្រឹទ្ធសភា​ក៏​ស្វាគមន៍​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន ដែល​ផ្ដាច់​ជំនួយ​ដល់ គ.ជ.ប កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "“អន្តរាគមន៍​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ដាក់​សម្ពាធ​លើ​កម្ពុជា​បន្ថែម​នៅ​ អ.ស.ប ​នឹង​គ្មាន​ប្រសិទ្ធភាព”"

  1. Anonymous says:

    Your family donut shop is on the run, SOS. Mr.???

  2. Anonymous says:

    I knew you and your master HUN SEN hated your enemy AMERICKANG . I want to tell you that your enemy is a democracy country and the most wealthy countries is democracy nation. did you remember that you and your master promising to obey PARIS peace agreement by took democracy as the main policy to leaded this poor nation. even right now you and your leadership still saying you hold the democracy policy . my question is what kind of democracy do your leadership doing every day. do you think no one knew any thing at all ?? we knew you and your leader is 90% to either communist CHINA and Vietcong. do not lei to us you will see in a very short time what will happen to your leadership. Mr HUN SEN is too late to change every thing is over do not blame to any one it is you who wanted it. GOD bless Cambodia and all Cambodian

  3. អ្នកនុំពេន says:

    បងសានអែងចេះតែថា ខ្ញុំចាំមើលតើ?