ដោយលោក មាន ឫទ្ធិ
2018-03-06
RFA

ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា ឲ្យគោរពសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងដោះលែង លោក កឹម សុខា នៅរដ្ឋវ៉ិកតូរីយ៉ា (Victoria) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។ Photo provided
ពលរដ្ឋខ្មែរ-អូស្ត្រាលីប្ដេជ្ញាធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងវត្តមានលោក ហ៊ុន សែន
វត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧-១៨ មីនា បានក្លាយជាប្រធានបទដ៏ប្រទាញប្រទង់មួយ ក្រោយពេលដែលលោក ហ៊ុន សែន បានគំរាមប្រើប្រាស់អំពើហិង្សាតាមវាយដល់ផ្ទះចំពោះពលរដ្ឋខ្មែរ-អូស្ត្រាលីទាំងឡាយណា ដែលហ៊ានចេញមុខតវ៉ា និងដុតទីងមោងដែលតំណាងឲ្យរូបលោក ក្នុងអំឡុងពេលដែលលោកទៅចូលរួមកិច្ចប្រជុំនេះ។ សារគំរាមរបស់លោក ហ៊ុន សែន បែបនេះ មិនបានរារាំង និងធ្វើឲ្យពលរដ្ឋខ្មែរអូស្ត្រាលី មានអារម្មណ៍ភ័យខ្លាច តក់ស្លុត និងរួញរាឡើយ ក្រៅតែពីបានបង្កឲ្យមានភាពក្តៅក្រហាយក្នុងចំណោមសហគមន៍ខ្មែរនៅអូស្ត្រាលីជាពិសេស និងក្នុងចំណោមសហគមន៍ខ្មែរនៅក្រៅប្រទេសជារួម ប៉ុន្តែសារនេះរឹតតែជំរុញឲ្យពលរដ្ឋខ្មែរអូស្ត្រាលី ប្តេជ្ញាចិត្តបន្ថែមទៀតកាន់តែខ្លាំងក្លាជាពេលណាៗទាំងអស់ ដើម្បីនាំគ្នាចេញមកធ្វើបាតុកម្ម រង់ចាំស្វាគមន៍វត្តមានដ៏ចម្រូងចម្រាស់របស់លោក ហ៊ុន សែន នៅក្នុងទឹកដីអូស្ត្រាលី។
ពលរដ្ឋខ្មែរអូស្ត្រាលីម្នាក់ គឺអ្នកស្រី វ៉ា ម៉ាលីណា អះអាងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី០៥ មីនា ម្សិលម៉ិញថាក្រុមពលរដ្ឋខ្មែរ-អូស្ត្រាលី នឹងដឹកនាំធ្វើបាតុកម្មដ៏ធំមួយប្រឆាំងនឹងលោក ហ៊ុន សែន ដើម្បីសម្តែងការមិនពេញចិត្តរបស់ពួកគេចំពោះការដឹកនាំរបស់លោក ហ៊ុន សែន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យជាស្ថាពរនៅកម្ពុជា។ អ្នកស្រីថា បាតុកម្មនេះ គឺដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ដោះលែងអ្នកទោសនយោបាយ ទាមទារឲ្យមាននូវដំណោះស្រាយនយោបាយយូរអង្វែងមួយ តាមរយៈការធានាឲ្យមាននូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងការវិលត្រលប់មកវិញនូវការគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដែលមានការគោរពសិទ្ធិមនុស្ស គោរពនីតិរដ្ឋ និងគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ។
អ្នកស្រី វ៉ា ម៉ាលីណា ថ្លែងប្រាប់អាស៊ីសេរីអំពីជំហរដ៏មោះមុត មិនរួញរារបស់អ្នកស្រីដែលនឹងទៅចូលរួមធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន នេះ បើទោះបីជាអ្នកស្រីត្រូវចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ។ អ្នកស្រីបន្តថា ការណ៍ដែលអ្នកស្រី មានការប្តេជ្ញាចិត្តយ៉ាងដូច្នេះគឺដោយសារតែអ្នកស្រីមាន ការឈឺចាប់នឹងការគំរាមកំហែងមិនឈប់ឈររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនត្រឹមតែគំរាមពលរដ្ឋក្នុងប្រទេសប៉ុណ្ណោះទេ តែថែមទាំងគំរាមពលរដ្ឋខ្មែរនៅក្រៅប្រទេសទៀត។
សំឡេងអ្នកស្រី វ៉ា ម៉ាលីណា៖
«ព្រាត់ប្រាស់បងប្អូនអត់បាននៅក្នុងប្រទេសខ្លួនឯង វាកំសត់មួយហើយ។ ហើយស្អីដែលកំសត់ ស្អីដែលគួរឲ្យខឹងនឹង ហេតុអីបានជានាយករដ្ឋមន្ត្រីរបស់ប្រទេសខ្លួនឯងហ្នឹងតាមចង់វាយពលរដ្ឋខ្លួនឯងដល់ទឹកដីគេទៀត? អារម្មណ៍មួយទៀត គឺខ្ញុំមានអារម្មណ៍ខ្មាសគេមែនទែន នៅពេលដែលគាត់គំរាមវាយពលរដ្ឋខ្លួនឯងនៅលើទឹកដីរបស់គេ…។ ជាពិសេសនៅពេលដែលខ្ញុំទៅធ្វើការមិត្តភក្តិបរទេសរបស់ខ្ញុំប្រាប់ថា ខ្ញុំឮថានាយករដ្ឋមន្ត្រីអ្នកឯងចង់វាយអ្នកឯងដល់ផ្ទះ។ អ្នកឯងឈឺចាប់ដែរឬអត់? អញ្ចឹងខ្ញុំខ្មាស់គាត់មែនទែន។ ហើយអារម្មណ៍មួយទៀត ខ្ញុំអាណិតនាយករដ្ឋមន្ត្រីខ្មែរ។ ខ្ញុំគិតថាគាត់ខំស្នាដៃមកជាង៣០ឆ្នាំមកហើយ។ ប៉ុន្តែ ហេតុអីគាត់តែងតែបញ្ចេញអត្តចរិកបែបឃោឃៅ មិនព្រមបន្សល់នូវអ្វីដែលល្អសម្រាប់ក្មេងជំនាន់ក្រោយ ហេតុអីគាត់តែងបញ្ចេញចរិតបែបហ្នឹង? ក្នុងនាមខ្ញុំជាខ្មែរម្នាក់ ខ្ញុំពិតជាអាណិតគាត់មែនទែន! ពីព្រោះយ៉ាងណាក៏ដោយពួកយើងក៏ជាខ្មែរដែរ។ ហើយមានអ្នកដឹកនាំបែបហ្នឹង ដើរទៅណាពេលគេសួរអញ្ចឹង ខ្ញុំមានអារម្មណ៍ថាខ្មាស់គេណាស់!»។
អ្នកស្រី វ៉ា ម៉ាលីណា ឲ្យដឹងទៀតថា ក្រុមពលរដ្ឋដែលនឹងមកចូលរួមធ្វើបាតុកម្មនេះ មានមកពីតាមទីក្រុងនានាក្នុងប្រទេសអូស្ត្រាលី រួមមានទីក្រុងមែលប៊ន ទីក្រុងអាល់ដឺឡែត ពីរដ្ឋ Queensland។ ក្រុមបាតុករ នឹងចេញដំណើរនៅល្ងាចថ្ងៃសុក្រថ្ងៃទី១៦ មីនា ហើយមកជួបជុំគ្នានៅកន្លែងបាតុកម្មក្នុងក្រុងស៊ីដនី ថ្ងៃទី១៧មីនា វេលាម៉ោង១១ព្រឹក។
កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីនេះ ធ្វើឡើងស្របពេលដែលកម្តៅ នយោបាយនៅកម្ពុជាកំពុងតែកើនឡើងជាលំដាប់ ក្រោយពេលដែលរបបលោក ហ៊ុន សែន បានសម្រេចជាស្ថាពរក្នុងរម្លាយប្រជាធិបតេយ្យនៅកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវគេមើលឃើញថា អាចជាឱកាសមួយដែលសហគមន៍អន្តរជាតិ អាចលើកយកបញ្ហារបស់កម្ពុជា មកដាក់លើតុដើម្បីស្វែងរកដំណោះស្រាយ។
បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានផ្ទួនៗជាបន្តបន្ទាប់អំពីលទ្ធភាពដែលលោកអាចធ្វើពហិការមិនទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីនេះ និងថាកិច្ចប្រជុំកំពូលអាស៊ាន–អូស្ត្រាលី នឹងប្រែក្លាយជាគ្មានន័យ ប្រសិនបើគ្មានវត្តមានរបស់លោក ក៏ដោយ ដោយសារតែកិច្ចប្រជុំនេះនឹងមិនអាចចេញសេចក្តីថ្លែងការណ៍ណាមួយបាននោះ លោក ហ៊ុន សែន កាលពីថ្ងៃចន្ទទី០៥ មីនា បានប្រកាសសារជាថ្មីថា លោកនឹងនៅតែទៅចូលរួមកិច្ចប្រជុំកំពូលនេះ ទោះបីជាមានការធ្វើបាតុកម្មប្រឆាំងនឹងរូបលោកយ៉ាងណាក៏ដោយ។
សំឡេងលោក ហ៊ុន សែន៖
«ឯខ្ញុំទៅ គឺបញ្ជាក់ថា ខ្ញុំទៅដោយមិនចាត់តាំងអ្នកណានោះទេ គឺខ្ញុំចង់ផ្តល់កិត្តិយសឲ្យអូស្ត្រាលី ព្រោះអូស្ត្រាលីក៏ធ្លាប់ពឹងពាក់ខ្ញុំ តាំងពីឆ្នាំ២០០២ណោះ ក្នុងការប្រែក្លាយខ្លួនទៅជាដៃគូសន្ទនាប្រចាំឆ្នាំ ក្នុងកម្រិតខ្ពស់ ដែលខ្ញុំធ្លាប់ទទួល បានជោគជ័យ ក្នុងការដឹកដៃឥណ្ឌា ចូលប្រជុំអាស៊ានឥណ្ឌាលើកដំបូង នៅទីក្រុងភ្នំពេញ ក្នុងឋានៈកម្ពុជា ជាប្រធានអាស៊ាននៅពេលនោះ»។
លោក ហ៊ុន សែន ក៏ធ្លាប់បានថ្លែងដោយមោទនភាពថា វត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលនេះ គឺជាកិត្តិយសធំមួយសម្រាប់រដ្ឋាភិបាលអូស្ត្រាលី ដែលរដ្ឋាភិបាលអូស្ត្រាលី គួរតែអរគុណលោកទៅវិញទេ ហេតុដូច្នេះហើយលោកថា រដ្ឋាភិបាលអូស្ត្រាលី ត្រូវតែទទួលខុសត្រូវពីវត្តមានរបស់លោកនៅអូស្ត្រាលីនេះ។
ប្រសិនបើលោក ហ៊ុន សែន ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនៅអូស្ត្រាលីដូចតាមការអះអាងរបស់លោកមែន នេះគឺជាលើកទីមួយហើយដែលលោក ហ៊ុន សែន ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសលោកសេរី ក្រោយពេលដែលលោកត្រូវបានភ្នាក់ងារចារកិច្ចអាមេរិកាំង ចាត់ទុកជាមេដឹកនាំដែលបង្កការគំរាមកំហែងប្រចាំតំបន់អាស៊ីអាគ្នេយ៍។
អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី មើលឃើញថា ការគ្រោងធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន និងការចាត់ទុកលោក ហ៊ុន សែន ចូលក្នុងបញ្ជីក្រុមមេដឹកនាំបង្កការគំរាមកំហែងដល់តំបន់នេះ គឺជាកត្តាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងរូបភាពរបស់លោក ហ៊ុន សែន នៅលើឆាកអន្តរជាតិ។
សំឡេងលោកបណ្ឌិត មាស នី៖
«ការទៅប្រជុំអញ្ចឹង បើសិនណាជាមេដឹកនាំនោះ គាត់មានបញ្ហាអីផ្សេងៗផ្ទាល់ខ្លួនគាត់ ចឹងពេលដែលមានការតវ៉ាអីមក វានាំឲ្យខូចកិត្តិយសរបស់អ្នកដឹកនាំរូបនោះខ្លួនឯង។»
លោកបណ្ឌិត មាស នី ផ្តល់អនុសាសន៍ថា ជាការប្រសើរដែលមេដឹកនាំប្រទេសត្រូវតែមានភាពឆ្លាតវៃ និងត្រូវធ្វើយ៉ាងណាជៀសវាងកុំឲ្យមាននូវរឿងអាស្រូវណាមួយកើតឡើងនៅក្នុង ពេលបំពេញទស្សនកិច្ចនៅក្រៅប្រទេស ដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយសមេដឹកនាំខ្លួនឯងផង និងកិត្តិយសរបស់ជាតិដែលមេដឹកនាំរូបនោះជាអ្នកតំណាងផង។
សំឡេងលោកបណ្ឌិត មាស នី៖
«រឿងសំខាន់គឺអ្នកដឹកនាំត្រូវតែមានភាពឆ្លាតវៃ ធ្វើម៉េចកុំឲ្យមានភាពអាស្រូវទាំងអស់នោះកើតឡើង។ ទៅណាឲ្យមានពលរដ្ឋខ្លួនឯងទទួលស្គាល់ អបអរសាទរទៅ ដូចអ្នកដឹកនាំដទៃ អាហ្នឹងវាជារឿងប្រសើរបំផុតសម្រាប់មេដឹកនាំគ្រប់រូប។»
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧-១៨ ខែមីនា ខាងមុខនេះ នៅទីក្រុងស៊ីដនី និងដឹកនាំធ្វើម្ចាស់ផ្ទះដោយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ម៉ាល់ខុម ធឺនប៊ល (Malcolm Turnbull)។ នេះជាលើកទីមួយហើយដែលប្រទេសអូស្ត្រាលី រៀបចំឲ្យមានឡើងនូវកិច្ចប្រជុំពិសេសមិនធ្លាប់មានពីមុនមក ជាមួយក្រុមប្រទេសជារដ្ឋសមាជិកប្លុកអាស៊ាននេះ។ កិច្ចប្រជុំនេះ ក៏ជាឱកាសមួយសម្រាប់ប្រទេសក្នុងប្លុកអាស៊ាន ពង្រឹងដៃគូយុទ្ធសាស្ត្រ និងឱកាស ទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ជាមួយប្រទេសអូស្ត្រាលី។
សមាគមន៍អាស៊ាន ដែលមានប្រជាជនសរុបជិត ៦៥០លាននាក់ គឺជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតទីបី របស់ប្រទេសអូស្ត្រាលី ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ទៅជាង ៧២,១១ ពាន់លានដុល្លារ។ ក្រៅពីជំនួបរវាងក្រុមមេដឹកនាំកំពូលប្រចាំតំបន់អាស៊ាន និងអូស្ត្រាលីនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីនេះ ក៏នឹងមានកិច្ចប្រជុំសំខាន់ៗចំនួនពីរផ្សេងទៀតផងដែរ គឺកិច្ចប្រជុំវិស័យធុរកិច្ចអាស៊ាន-អូស្ត្រាលី ដើម្បីជំរុញឲ្យមានការបង្កើតការងារ វិនិយោគ និងជំនួញរវាងតំបន់អាស៊ាន និងអូស្ត្រាលី និងកិច្ចប្រជុំស្វែងរកយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្ម៕
Bravo’ brothers&sisters’ in Australia’ we are cambodian people around the world support you all and must let the world and australian government know that dictator must go to hell ‘.
Thank you all for your preparation in favor the peaceful rally against Pime Minister HUN SEN.
Special thank to the leadership of cambodians Community such as Uncle Hong Lim, uncle Chea You Horn, uncle Tak Meng Hieng and all colleagues that make preparation event to show HUN SEN and his allies in advance that Cambodians in Australia and around the world will not welcome HUN SEN presentation anywhere, not only in Australia but in the global net work.
Release all political parties from prison,!!!!!!!!!!!!!!!!!!!!!!!!!
Free and fair election in 2018 under international watch, !!!!!!!!!!!!
Enforce immigration laws and practices effectively!!!!!!! !!!!!!!!!!!!!
No communist China plays their secret roles in Cambodia!!!!!!!!!!!!
If you, HUN SEN cannot handle the truth, step your blind ass down!!!!!!!!!!!!! It is enough!!!!!!!!
Your time is expired!!!!!!!!!!!!!!! Lot of shits done by you. Hun Sen must step down!!!!!!!!!!!!!!!!!!