Wed, 7 March 2018
គឹម សារុំ
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សាលាឧទ្ធរណ៍ពីម្សិលមិញបានប្រកាសតម្កល់សាលក្រមសាលាដំបូងដោយតម្រូវឲ្យលោក សម រង្ស៊ី សងជំងឺចិត្ត ៤ ពាន់លានរៀល ឬជិត ១ លានដុល្លារអាមេរិកទៅឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រាក់ពិន័យ ១០ លានរៀលដដែលក្នុងបណ្តឹងប្តឹងលោក រង្ស៊ី ក្នុងរឿងបរិហារកេរ្តិ៍ដែលការសម្រេចនេះ មេធាវីចុងចោទថាជាការសម្រេចយ៉ាងអយុត្តិធម៌ និងទាមទារធ្ងន់ធ្ងរបំផុត។
នៅក្នុងបន្ទប់សវនាការដែលមានសមាសភាពលោកចៅក្រម អ៊ិន វ៉ាន់វិបុល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះព្រមទាំងមានសហចៅក្រមលោក ប្លង់ សំណាង និងលោកស្រី គឹម ដានី នោះក្រោយពីបើកសវនាការជិត ១ ម៉ោងហើយចូលទៅពិភាក្សាគ្នារួចមកលោកចៅក្រម អ៊ិន វ៉ាន់វិបុល បានអានសាលដីកានៅចំពោះមុខមេធាវីខាងដើមបណ្តឹង និងចុងចម្លើយថា សំណុំរឿងបរិហារកេរ្តិ៍ ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកប្តឹងលោក សម រង្ស៊ី ហើយបន្ទាប់ពីពិភាក្សាមក ក្រុមប្រឹក្សាជំនុំជម្រះយល់ឃើញថានៅក្នុងសំណុំរឿងនេះសាលាដំបូងរាជធានីភ្នំពេញដែលបានជំនុំជម្រះហើយចេញសាលក្រមកាលពីថ្ងៃទី ២៩ ខែធ្នូឆ្នាំមុនមានលក្ខណៈត្រឹមត្រូវតាមច្បាប់ហើយ។
លោកចៅក្រមថា៖ «ក្រុមប្រឹក្សាយល់ថាក្នុងពាក្យពេចន៍ដែលបានលើកឡើងរបស់លោក សម រង្ស៊ី នៅក្នុងវេទិកាសាធារណៈនៅឯប្រទេសបារាំងនោះ គឺស្របនឹងការចោទប្រកាន់របស់ដើមបណ្តឹងរដ្ឋប្បវេណីហើយក៏ជាការឆ្លើយតបទៅនឹងគណនីនៅក្នុងហ្វេសប៊ុកដែលជាភ័ស្តុតាងនៃបណ្តឹងដែរ»។
លោកចៅក្រមបន្តថា៖ «ចំពោះការខូចខាតវិញគឺមានលក្ខណៈធំធេងណាស់ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេច ហ៊ុន សែន ទាំងក្នុង និងក្រៅប្រទេស។ រឿងនេះតុលាការសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនៅដដែល»។
ប៉ុន្តែលោក សំ សុគង់ មេធាវីការពារសិទ្ធិឲ្យលោក សម រង្ស៊ី បានសន្និដ្ឋានថា នៅក្នុងរឿងនេះការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញឲ្យកូនក្តីលោកសងជំងឺចិត្ត ៤ ពាន់លានរៀល និងពិន័យប្រាក់ ១០ លានរៀលនោះ គឺជារឿងអយុត្តិធម៌ណាស់។ ព្រោះនៅក្នុងរឿងនេះដែលលោក សម រង្ស៊ី បានថ្លែងក្នុងវេទិការយៈពេលជិត ២ ម៉ោងនៅប្រទេសបារាំងនោះ គឺសាលាដំបូងរាជធានីភ្នំពេញយកធ្វើជាភ័ស្តុតាងមានតែ ៣ ទំព័រប៉ុណ្ណោះ។
លោកថ្លែងថា បើពិនិត្យលើគណនីហ្វេសប៊ុក ២ គឺមិនដឹងមកពីប្រភពណាច្បាស់លាស់ទេព្រោះអាចជារបស់អ្នកសារព័ត៌មានដែលគាត់ចង់ផ្សព្វផ្សាយរហ័ស និងចំណេញម៉ោងអាចមានការកាត់តតាមជំនាញវិជ្ជាជីវៈអ្នកសារព័ត៌មាន។
លោកថា អ្វីដែលលោកប្តឹងឧទ្ធរណ៍គឺតុលាការយកតែភ័ស្តុតាង Social Media BreakingNews នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧ មកសំអាងតែប៉ុណ្ណោះ។ ចំណុច ១ ទៀតសំណុំរឿងមិនបានឆ្លងកាត់ចៅក្រមស៊ើបសួរទេហើយមិនបានស៊ើបអង្កេតឲ្យបានច្បាស់លាស់ទៀត។
លោកអះអាងថា៖ «ដូច្នេះភ័ស្តុតាងនេះមិនអាចនិយាយពីភាពជឿជាក់បានទេ ហើយភ័ស្តុតាងនេះដែរមេធាវីដាក់បញ្ជូលទៅក្នុង VCD ហើយដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៧ ទើបដាក់ពាក្យប្តឹង។ នៅក្នុងចន្លោះពេល ៤ ថ្ងៃគិតពីថ្ងៃបង្ហោះក្នុងហ្វេសប៊ុកនោះគឺអាចយកមកកាត់តកែកុនបាន។ ចំពោះហ្វេសប៊ុកយើងមិនឃើញមានការផ្តល់យោបល់អីក៏ទេដែរ។ ក្នុងសំណងជំងឺចិត្តជិត ១ លានដុល្លារ និងប្រាក់ពិន័យ ១០ លានរៀលនេះធ្ងន់ធ្ងរណាស់ ខ្ញុំសូមឲ្យតុលាការលុបសាលក្រមរបស់សាលាដំបូងចោល»។
ដោយឡែកលោក គី តិច មេធាវីការពារលោក ហ៊ុន សែន ក៏បានសន្និដ្ឋានដែរថានៅឯប្រទេសបារាំងលោក សមរង្ស៊ី ពិតជាបានធ្វើវេទិកាជាសាធារណៈប្រាកដមែនដែលជាការរៀបចំទុកព្រោះគាត់បានអញ្ជើញឲ្យមានអ្នកចូលរួមស្តាប់ការថ្លែងសាររបស់គាត់ និងសារព័ត៌មានផង។
លោកថ្លែងថា៖ «ភ័ស្តុតាងដែលដាក់ប្តឹងហើយលោកមេធាវីថាមានការកាត់តក្តីក៏មិនពិបាកក្នុងការផ្ទៀងផ្ទាត់ដែរ។ លោកមេធាវីអាចយកភ័ស្តុតាងដែលថាពិតនោះយកមកផ្ទៀងផ្ទាត់ទៅ តែនេះក្នុងបណ្តឹងគ្មានភ័ស្តុតាងថ្មីមកផ្ទៀងផ្ទាត់ផង។ ការថ្លែងរបស់ជនជាប់ចោទ សមរង្ស៊ី ពិតជាបានធ្វើឲ្យប៉ះពាល់កិត្តិយសធ្ងន់ធ្ងរដែលសម្តេចជាថ្នាក់ដឹកនាំប្រទេស និងជាប្រធានគណបក្សប្រជាជនកម្ពុជាផង។ ខ្ញុំសូមតម្កល់សាលក្រមទុកជាបានការដដែល»។
បណ្ដឹងនេះកើតមានក្រោយពីលោក សម រង្ស៊ី បានថ្លែងនៅប្រទេសបារាំងថាលោក ហ៊ុន សែន បានសូកប៉ាន់កញ្ញា ធីសុវណ្ណថា ចំនួន ១ លានដុល្លារជាថ្នូរនឹងការវាយប្រហារបក្សប្រឆាំង និងថាជាលុយបានមកពីអំពើពុករលួយ៕
