សមត្ថកិច្ចដុតទំនិញក្លែងក្លាយនិងខូចគុណភាពជាង១០តោន

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី៧ ខែមីនា ឆ្នាំ២០១៨​
http://vodhotnews.com

សន្ដិសុខ


មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង មន្ត្រីកាំកុងត្រូល បានដុតបំផ្លាញផលិតក្លែងក្លាយ និង ខូចគុណភាពទម្ងន់ជាង១០តោន បន្ទាប់ពីរឹបអូសបានពីឈ្មួញដែលចែកចាយនៅលើទីផ្សារ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ ឲ្យដឹងថា ទំនិញដែលដុតបំផ្លាញរួមមាន ស្រា លេលាបស្បែក ថ្នាំពេទ្យ កាហ្វេ ភេសជ្ជៈ និង គ្រឿងសំអាងផ្សេងៗទៀត។​

លោក លឿង រដ្ឋា អគ្គនាយករងកាំកុងត្រូលថ្លែងថា ក្រៅពីទំនិញ១០តោនដែលដុតបំផ្លាញនេះ ក្រុមការងាររបស់លោក ក៏ត្រៀមដុតបំផ្លាញភេសជ្ជៈរឹបអូសបាន​ចំនួន៣០តោនទៀត ដែលរកឃើញថា ខូចគុណភាព និង ក្លែងក្លាយ។​

បើតាមរបាយការណ៍របស់សមត្ថកិច្ចគឺការដុតបំផ្លាញលើកនេះ គឺជាលើកទី២៦ហើយ ដែលទំនិញដុតបំផ្លាញកន្លងមកមានដូចជា ថ្នាំពេទ្យ គ្រឿងសំអាង ភេសជ្ជៈប៉ូវកម្លាំង និងសំបកវេចខ្ចប់ បៀរនីឡុង (ROYAL) ប្រេងម៉ាស៊ីន (HXS FORMULA-1) និងស្រាកែច្នៃ ពុំត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសជាដើម៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles