ដោយ វណ្ណ សុគន្ធា
07/03/2018
RFI

លោក កែវ រ៉េមី ផ្តល់បទសម្ភាសជាមួយអ្នកកាសែតក្រោយជំនួបជាមួយលោកស្រី រ៉ូណា ស្មីត (@RFI)
@RFI
នៅក្នុងជំនួបមួយនៅព្រឹកមិញនេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាបានជជែកគ្នាយ៉ាងច្រើនលើបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែក៏មានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកកែវ រ៉េមី បានគូសបញ្ជាក់ប្រាប់ទៅលោកស្រី រ៉ូណា ស្មីត ថា ពេលនេះរដ្ឋាភិបាលកម្ពុជាកំពុងដើរលើផ្លូវត្រូវ ហើយថាថ្ងៃណាមួយលោកស្រី រ៉ូណា ស្មីត នឹងយល់ពីបញ្ហានេះ។
គឺនៅក្នុងសន្និសីទកាសែតក្រោយជំនួបជាមួយលោកស្រីរ៉ូណា ស្មីត ដែលជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងថា លោកបានប្រាប់លោកស្រី រ៉ូណា ស្មីត ពីបញ្ហាសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស ហើយថាមានសន្តិភាព និងស្ថិរភាព គឺស្មើនឹងការលើកស្ទួយបញ្ហាសិទ្ធិមនុស្ស។ ដូច្នេះហើយ លោកប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបកស្រាយថា អ្វីដែលរដ្ឋាភិបាលខ្មែរបានធ្វើ និងកំពុងតែធ្វើនាពេលនេះ គឺដើរនៅលើផ្លូវត្រូវ។ ជាការឆ្លើយតបវិញ លោកស្រី រ៉ូណា ស្មីត បានប្រាប់ទៅលោក កែវ រ៉េមី ថា បញ្ហាសន្តិភាព និងស្ថិរភាពគឺសំខាន់ហើយ ប៉ុន្តែត្រូវតែដើរទៅទន្ទឹមគ្នានឹងសិទ្ធិមនុស្ស ដើម្បីកុំឲ្យមានបញ្ហា។
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងវិសោធនកម្មក្រមព្រហ្មទណ្ឌដើម្បីបើកផ្លូវឲ្យមានការដាក់ទោសទណ្ឌលើអ្នកប្រមាថព្រះមហាក្សត្រក៏ជាចំណុចមួយដែលលោកស្រី រ៉ូណា ស្មីត លើកទៅនិយាយជាមួយលោកកែវ រ៉េមីដែរ។ លោកស្រីរ៉ូណា ស្មីតបានសម្តែងការព្រួយបារម្ភចំពោះការកែប្រែច្បាប់ទាំងនេះ ព្រោះបើតាមលោកស្រី វាជាការរឹតបន្តឹងសិទ្ធិសេរីភាពបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ សម្រាប់លោក កែវ រ៉េមី វិញ ការធ្វើវិសោធនកម្មច្បាប់ទាំងនេះ មិនមានអ្វីចម្លែកទេ គឺដូចតែប្រទេសដទៃទៀតអ៊ីចឹងដែរ។ លោកថា កម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ដូចនេះហើយ ការអនុវត្តច្បាប់ គឺជារឿងចាំបាច់។
គួរបញ្ជាក់ឲ្យដឹងថា មុនធ្វើដំណើរមកទស្សនកិច្ចរយៈពេល១០ថ្ងៃដូចសព្វមួយដងនៅក្នុងប្រទេសកម្ពុជានេះ លោកស្រី រ៉ូណា ស្មីត ក៏ធ្លាប់លើកឡើងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងផងដែរអំពីការធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះ។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាក្រោយពេលមកដល់កម្ពុជាភ្លាម លោកស្រីរ៉ូណា ស្មីតក៏លើកនិយាយពីបញ្ហានេះភ្លាមតែម្តង ហើយលោកស្រីក៏បង្ហាញក្តីកង្វល់អំពីវិសោធនកម្មច្បាប់នេះជាមួយលោក កែវ រ៉េមី ទៀត ដោយមិនបាននិយាយពីបញ្ហាការរំលាយគណបក្សសង្គ្រោះជាតិ និងការឃុំខ្លួនលោក កឹម សុខ នៅក្នុងពន្ធនាគារឡើយ។ នេះបើតាមការអះអាងរបស់លោកកែវ រ៉េមី។
សម្រាប់លោកកែវ រ៉េមី ការដែលលោកស្រី រ៉ូណា ស្មីត លើកឡើងពីកង្វល់នានាអំពីកម្ពុជា គឺដោយសារតែនៅពេលនេះលោកស្រីមិនទាន់យល់ពីរដ្ឋាភិបាលកម្ពុជា ហើយលោកជឿជាក់ថា ថ្ងៃណាមួយលោកស្រី រ៉ូណា ស្មីត នឹងយល់ច្បាស់ថា រដ្ឋាភិបាលកម្ពុជាធ្វើត្រឹមត្រូវ។ លោក កែវ រ៉េមី ហ៊ានទាំងសន្និដ្ឋានទុកជាមុនទៀតថា ប្រសិនបើនៅពេលណាដែលលោកស្រី រ៉ូណា ស្មីត យល់ថាកម្ពុជាធ្វើត្រូវ នោះលោកស្រីច្បាស់ជាប្តូរតួនាទីពីតំណែងជាអ្នករាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ហើយថែមទាំងកោតសរសើរកម្ពុជាផងទៀត៕
mr ramy followed the communist dictator rule ‘ and he must speak what ever to please master veitcong mafia dictator ‘so this government have a mafia rule and communist rule. Please don’t except the vote of illegal government ‘ they just fake’ , fake everything in this king dom of fake democracy. GOD bless all good people’