កំពូល​​ជំនុំជម្រះ​ ​សំណុំរឿង​ អតីត​​ឯកអគ្គរាជទូត​កម្ពុជា នៅ​កូរ៉េ​ខាង​ត្បូង

អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ពេលនាំមកសាលាដំបូងរាជធានីភ្នំពេញកន្លងមក។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ តុលាការ​​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៧ ​ខែមីនា​​នេះ បា​ន​ជំនុំ​ជម្រះលើ​បណ្ដឹង​សារទុក្ខ​​របស់​អតីត​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ ប្រចាំ​​កូរ៉េ​​ខាងត្បូង ​លោក​​ ស៊ុត​ ឌី​ណា ​ពាក់​ព័ន្ធ​​នឹងបទ​ចោទ​ទទួល​សំណូក​ក្នុង​អំឡុង​កាន់​តួ​នាទី​ជា​សំណុំ​រឿង​ដែល​តុលា​ការ​​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​ជាប់​ពន្ធនា​គារ ​៥ ​ឆ្នាំ​។​

លោក​​ស្រី​ គិម​​ សត្ថា​វី​​​​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ថ្លែង​ថា​៖​​ «​តុលាការ​កំពូល​ជំនុំជម្រះ តែ​អំពី​​នីតិវិ​ធី​នៃ​បណ្តឹង​សារ​ទុក្ខ​​ប៉ុណ្ណោះ​។ ​ព្រោះ​​នៅ​ក្នុង​បណ្តឹង​ទាស់​របស់​មេធាវី​ការពារ​ជន​ជាប់​ចោទ​មិន​បាន​សរសេរ​​លិខិត​​ជា​លាយ​លក្ខណ៍​អក្សរ​ពឹង​ពាក់​មេធាវី​​ដាក់​ប្តឹង​ទាស់​ចូល​សាលា​ឧទ្ធរណ៍​»​។​

ទោះ​យ៉ាង​ណា​ លោក​ ស៊ុត​​ ឌី​ណា​ អាយុ​ ៤៥ ​ឆ្នាំ​​ ដែល​ត្រូវ​ចៅក្រម​​ផ្តល់​សិទ្ធិ​ឲ្យ​ឡើងបំភ្លឺ​​នោះ​បាន​ឆ្លើយ​ក្នុង​បន្ទប់​សវនា​ការ​ថា​​ គាត់​បាន​ផ្តិត​មេដៃ​លើ​លិខិត​ចំហ​មួយ​ដែល​មេធាវី​គាត់​ចូល​ទៅ​ជួប​ក្នុង​ពន្ធនា​គារ​ព្រៃ​ស​ហើយ​ពេល​នោះ​ក៏គាត់​មិនបាន​មើល​ដែរ​ ប៉ុន្តែគាត់​បានពឹងពាក់​មេធា​វីមែន​។

លោក​ ឌីណា​ បញ្ជាក់​ថា ៖ ​​ឯ​ករណី​​ដែល​នាំ​ឲ្យ​ខ្ញុំ​​​ត្រូវ​ចោទ​ប្រកាន់​និង​ត្រូវ​ជាប់​ពន្ធនាគារ​នោះ​ខ្ញុំ​​គិត​ថា​​ខ្ញុំមិន​បាន​​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។​ប៉ុន្តែ​ជា​ការ​កាច់កុង​​ពី​មន្រ្តី​របស់​ខ្ញុំ​​ដែល​​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ​»​។

លោក​​មេធាវី​​ការពារ​សិទ្ធិ​ឲ្យ​លោក​​ ស៊ុត​ ឌី​ណា​​ គឺ​លោក​ គីម ​ម៉េង​​ឃី​ និង​លោក​​​ ឱ ពិសិដ្ឋ​​ បាន​សន្និដ្ឋានដូច​គ្នា​ថា​​ បណ្តឹង​សារទុក្ខ​ពេល​នេះ​គឺ​ប្រឆាំង​នឹង​សាល​ដីកា​​របស់​សា​លា​ឧទ្ធរណ៍​​ ព្រោះ​សំអាង​ថា​ បណ្តឹង​របស់​កូនក្តី​លោក​ខុស​នីតិ​វិធី​ច្បាប់​​។​​ប៉ុន្តែ​​បណ្តឹង​ដែល​បាន​ដាក់​ចូល​សាលា​ឧទ្ធរ ណ៍​នោះ​​កូនក្តី​ពួក​លោក​បាន​ផ្តិត​មេដៃ​ពឹង​ពាក់​មេធា​វីរួច​ហើយ​​ ហើយ​នេះ​ក៏​ជា​លិខិត​ប្រគល់​សិទ្ធិ ដែរ​​។

លោក​ថ្លែង​ថា​៖​«​ខ្ញុំ​សូម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​ពិចារ​ណា​លើការ​សម្រេច​​របស់​សា​លា​​ឧទ្ធរណ៍​​ឡើង​វិញ​ចំពោះ​បញ្ហានេះ​»​​។​

ក្រោយ​ពី​ពិភាក្សា​គ្នា​រយៈ​ពេល​ជិត​មួយ​ម៉ោង​​មក​​ លោក​ស្រី​ចៅ​ក្រម​​ គិម​​ សត្ថា​វី​​ បានថ្លែង​ថា​ សាលដីកា​នៃសំណុំរឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ ទី​១៤​ ខែ​មីនា​៕

What Next?

Recent Articles