នយោបាយ
រូបឯកសារ៖ កងទ័ពដែលត្រូវបានបញ្ជូនមកត្រៀមចូលរួមកម្មវិធីបើកការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
08 មិនា 2018
ហ៊ុល រស្មី
វីអូអេខ្មែរ
ប្រទេសកម្ពុជាត្រៀមធ្វើសមយុទ្ធយោធាឈ្មោះនាគមាសជាមួយប្រទេសចិន ក្រោយពីប្រទេសកម្ពុជាបានប្រកាសផ្អាកការធ្វើសមយុទ្ធយោធាជាមួយកងទ័ពសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៧។
កងយោពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងបើកសមយុទ្ធយោធារួមមួយដែលផ្តោតលើការ «ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជាដែលបានចេញផ្សាយនៅថ្ងៃពុធនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងថា សមយុទ្ធយោធារួម ដែលនឹងមានការប្រើគ្រាប់ពិតនេះ មានឈ្មោះថា «នាគមាសឆ្នាំ២០១៨»។ ការធ្វើលំហាត់យោធារួមរវាងកងទ័ពខ្មែរ និងចិននេះនឹងត្រូវធ្វើឡើងនៅភូមិសាស្ត្រតំបន់ភ្នំធំ ម្រះព្រៅ ស្ថិតក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៨នេះ។
ដើម្បីជាការរំឭកដល់សាធារណៈជនអំពីការធ្វើសមយុទ្ធនេះ ក្រសួងការពារជាតិបានថ្លែងក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា៖
«អាជ្ញាធរដែនដីគ្រប់ថ្នាក់ មេត្តាជ្រាប និងសូមកុំមានការភ្ញាក់ផ្អើលចំពោះសំឡេងផ្ទុះ និងការចល័តយុទ្ធោបករណ៍តាមកម្មវិធី និងទីកន្លែងខាងលើ។ ដើម្បីធានាសុវត្ថិភាព គណៈកម្មការដឹកនាំលំហាត់ សំណូមពរដល់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដីដែលមានការពាក់ព័ន្ធ សូមជួយផ្សព្វផ្សាយព័ត៌មានអំពីលំហាត់បាញ់គ្រាប់ពិតនេះ និងសូមហាមឃាត់ដល់ប្រជាពលរដ្ឋមិនឲ្យចូលទៅក្នុងតំបន់ខាងលើ និងការហោះហើរឆ្លងកាត់តំបន់ និងតាមពេលវេលាខាងលើ»។
កងទ័ពកម្ពុជាបានបង្កើនសហប្រតិបត្តិការយោធាជាមួយកងទ័ពចិន បន្ទាប់ពីប្រទេសកម្ពុជាបានលុបចោលការធ្វើលំហាត់យោធាសំខាន់ៗមួយចំនួនជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៧។ នាពេលកន្លងមក អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា គណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងប្រទេស កំពុងតែព្យាយាមឃ្លាតឆ្ងាយពីមហាអំណាចសហរដ្ឋអាមេរិក និងបង្កើនការពឹងផ្អែកកាន់តែច្រើនឡើងថែមទៀតលើប្រទេសចិន។ ការណ៍នេះបានបញ្ជាក់ឲ្យឃើញថា «ជោគវាសនារបស់កម្ពុជាគឺស្ថិតលើប្រទេសចិន»។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មានប្រសាសន៍ប្រាប់ VOA ថា លំហាត់យោធារួមគ្នារវាងកម្ពុជា និងចិនជាលើកទីពីរនេះ នឹងមានកងទ័ពពីខាងកម្ពុជាចំនួនជាង២០០នាក់ និងខាងចិនជិត២០០នាក់។ លោកមិនអាចបញ្ជាក់អំពីប្រភេទនៃសម្ភារៈយោធា ដែលកងទ័ពរបស់ប្រទេសទាំងពីរនេះនឹងប្រើក្នុងពេលធ្វើលំហាត់យោធារួមគ្នានេះទេ។
ទាក់ទិនការបន្តឡើងវិញនៃសមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក ដែលត្រូវបានផ្អាកកាលពីឆ្នាំ២០១៧នោះ លោកឈុំ សុជាតិថ្លែងថា មិនទាន់មានព័ត៌មានលម្អិតដើម្បីបញ្ជាក់រឿងនេះទេ។
«អាហ្នឹងរង់ចាំមើលបន្តិចទៀត។ ខ្ញុំអត់ទាន់មានអីថ្មីទេ»។
សមយុទ្ធយោធារួមគ្នាធំមួយរវាងកម្ពុជា និងចិនជាលើកដំបូងបង្អស់ត្រូវបានធ្វើឡើង កាលពីចុងឆ្នាំ ២០១៦។ ក្រោយការធ្វើសមយុទ្ធនេះ ប្រទេសចិនបានផ្តល់ជំនួយឥតសំណងជាង១៥០លានដុល្លារ សម្រាប់ការសាងសង់ពហុកីឡាដ្ឋានថ្មីមួយស្ថិតលើផ្ទៃដីទំហំ៨៥ហិកតា។ អ្នកវិភាគនិយាយថា គោលជំហរអព្យាក្រិត្យរបស់កម្ពុជាក្នុងទំនាក់ទំនងការបរទេសនឹងនាំឲ្យមានចម្ងល់ ប្រសិនបើប្រទេសនេះពឹងផ្អែកជ្រុលលើប្រទេសចិនតែមួយនោះ៕
Don’t try to be back to year zero, communist, please God help Cambodia!!!!!!!!!!!!!!!!!!!!!!!!
Ah KVAK wants to go back to China help and kill democracy, please stop this son of evil, Ah one fucking eye????.!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! Dummy burning has to go on, Ha, Ha Ha…….