លោកស្រី​ ប៊ូ​ រចនា បារម្ភ​ពី​កិត្តិ​យស​ប្ដី​ ក្រោយ​មាន​ គណ​បក្ស កែម ឡី

លោក​ស្រី​ ប៊ូ រចនា និង​កូន​ៗ​ របស់​លោក​ កែម​ ឡី​ ដែល​កំ​ពុង​រស់​នៅ​ប្រ​ទេស​អូស្ត្រាលី។ រូបថត ហ្វេសប៊ុក​



and
ភ្នំពេញប៉ុស្តិ៍

ភ្នំ​ពេញៈ លោកស្រី ប៊ូ រចនា ដែល​កំពុង​រស់នៅក្នុង​ប្រទេស​អូស្ត្រាលី​ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ប៉ុន្មាន​ម៉ោង​មុន​ នៅ​ថ្ងៃ​នេះ​ បាន​បង្ហាញ​ពី​ក្ដីកង្វល់​ដែល​នឹង​នាំមក​ឲ្យ​ប៉ះពាល់​កិត្តិយស​ប្ដី​លោកស្រី ក្រោយ​ពី​​បុគ្គល​មួយចំនួន​បាន​បង្កើត​គណបក្ស​នយោ​បាយ​ថ្មី​មួយ​ដោយបាន​ដាក់ឈ្មោះថា គណបក្ស កែម ឡី។

លោកស្រី ប៊ូ រចនា ជា​ភរិយា​លោក កែម ឡី ដែលជា​អ្នកវិភាគ​ម្នាក់​នៅក្នុង​អង្គការ​សង្គម​ស៊ីវិល​ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ ដែលមាន​មនុស្ស​ច្រើន​កុះករ​កាលពី​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។

អ្នកស្រី ប៊ូ រចនា បាន​ថ្លែង​ចោទ លោក​គុជ លី ដែលជា​ស្ថាបនិក និង​ជា​អ្នកនាំពាក្យ របស់​​​ គណបក្ស​កែម​ឡី ថា ​ត្រូវបាន​គេ​បញ្ជាឲ្យ​មក​បំផ្លាញ កេ​រ្តិ៍ឈ្មោះ​និង​កិត្តិយស លោក កែម ឡី ដែល​បាន​ស្លាប់​ទៅហើយនោះ។

លោក កែម រិ​ទ្ធិ​សិត ប្អូនប្រុស​បង្កើត​លោក កែម ឡី និង​លោក គុជ លី បានប្រកាស​បង្កើត​គណ​បក្សនយោបាយ​មួយ​ថ្មី​ទៀត​បានដាក់​ឈ្មោះថា គណបក្ស​កែម​ឡី។ ការបង្កើត​បក្ស​នេះ គឺ​ដើម្បី​យក​ទស្សនទានល្អៗ របស់លោក កែម ឡី ទៅ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​និង​ទប់ស្កាត់​ការយក​ឈ្មោះ​លោក កែម ឡី ប្រើ​ជា​ឧបករណ៍​កេងចំណេញ​ខាង​នយោបាយ ដោយសារ​លោក​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សាធារណជន។

លោកស្រី ប៊ូ រចនា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក ផ្ទាល់ខ្លួន​ថា៖«ខ្ញុំ​សូមបញ្ជាក់​ជម្រាបជូន​ដំណឹង​ទៅកាន់​បងប្អូន​ជន​រួម​ឈាម​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​និង​នៅ​ឯនាយសមុទ្រ​ ឲ្យ​បាន​ជ្រាបថា​ លោក​គុជ លី គឺជា​មនុស្ស​ដែល​គេ​បញ្ជា​ឲ្យ​​មក​បំផ្លាញ កេ​រ្តិ៍ឈ្មោះ​និង​កិត្តិយស ស្វាមី​របស់​នាង​ខ្ញុំ។ តាម​បំផ្លាញ​គុណសម្បត្តិ​របស់​បងប្អូន​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​គ្រួសារ​នាង​ខ្ញុំ​តែប៉ុណ្ណោះ​ទេ ជាពិសេស​គឺ​ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ លោក​ប៉ាង ងួនទៀង លោក​មឿ​ន តុលា អាស្រ័យហេតុនេះ​ សូម​បងប្អូន​ជន​រួម​ឈាម​ខ្មែរ​នៅ​គ្រប់ទិសទី​មេត្តា​កុំ​ជឿ​ទៅលើ​ការសម្តែង​ល្ខោន​បោកប្រាស់​របស់លោក គុជ លី»។

លោក​គុជ លី បាន​ថ្លែង​ កាលពី​ម្សិលមិញ​ដោយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​គ្រួសារ​នោះទេ។

លោក លី ថ្លែងថា៖«ខ្ញុំ​អត់​ឆ្លើយ​ទេ។ ពីព្រោះ​យើង​ធ្វើការ​ងារ​រឿង​សង្គម​យើង​មិន​ផ្តោតទៅលើ​គ្រួសារ​ច្រើន​ទេ។ រឿង​គ្រួសារ​បង​ឡី​គឺជា​លក្ខណៈ​រឿង​គ្រួសារ​ផ្ទាល់ខ្លួន​ទេ​ ហើយ​រឿង​បង​ឡី​ គឺជា​រឿង​ទស្សនៈ​សង្គម​ដូចនេះ​រឿង​ដាច់ដោយឡែក​ពីគ្នា​បើ​ភា្ជ​ប់​ទៅ​រឿង​គ្រួសារ​យើង​ធ្វើ​អី​មិន​ចេញ​ទេ»។

ទោះជា​យ៉ាងណា​ក៏ដោយ​ ក្រសួងមហាផ្ទៃថ្មីៗនេះ​ មិនទាន់​ទទួលស្គាល់ គណបក្ស​កែម​ឡី នៅឡើយ​ទេ​ដោយ​ទាមទារ​ឲ្យ​មានការ​កែតម្រូវ​ចំណុច​មួយចំនួន​ដែល​ទាក់ទង​នឹង​ផ្លូវច្បាប់។

លោក លី ថ្លែងថា៖«យើង​កំពុងតែ​នៅ​សិក្សា​រឿង​ផ្លូវច្បាប់។ យើង​មាន​មេធាវី​កំពុងធ្វើការ​ផ្លូវច្បាប់​ ដូច្នេះ​ខ្ញុំ​មិនអាច​ឆ្លើយតប​បានទេ…យើង​ត្រូវមាន​មេធាវី​ការពារ​យើង​ពីព្រោះ​គណបក្ស​នេះ​គឺ​គណបក្ស​មួយ​ដែល​រសើប»៕

Contact authors: ម៉ិច ដារ៉ា and យន់ ស៊ីនាត

What Next?

Recent Articles