
រូបភាពតំណាង៖ កងកម្លាំងប៉ូលីសជាតិ
@facebook/នគរបាលជាតិ
នៅក្នុងឱកាសខួបលើកទី៧៣ថ្ងៃកំណើតប៉ូលីសជាតិត្រូវនឹងថ្ងៃទី១៦ខែឧសភា នៅឆ្នាំនេះមិនមានការប្រារព្ធពិធីអ្វីធំដុំទេ ក៏ប៉ុន្តែអ្វីដែលសំខាន់រំលេចនៅក្នុងថ្ងៃកំណើតប៉ូលីសនេះ គឺសារ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងសារលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសើរដល់កងកម្លាំងប៉ូលីសជាតិ។ សរសើរមានការអះអាងថាប៉ូលីស បានទប់ស្កាត់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ និងរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។
នៅក្នុងសារផ្ញើជូនកងកម្លាំងប៉ូលីស ក្នុងឱកាសខួប៧៣ឆ្នាំ(១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៨) ថ្ងៃបង្កើតកងកម្លាំងប៉ូលីសជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាលោក ស ខេង ដែរ បានសរសើរដល់ កងកម្លាំងប៉ូលីសជាតិ គ្រប់ជំនាន់ ដែលបានប្រឹងប្រែងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុសន្តិសុខជាតិ។
តាមលិខិត លោកហ៊ុន សែន កងកម្លាំងប៉ូលីស បានសហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ជម្នះបានគ្រប់ឧបសគ្គ ព្រមទាំងបង្កើតបានស្នាដៃធំធេងក្នុងការរក្សាបាននូវសន្តិសុខ និងសន្តិភាព រក្សាស្ថិរភាព និងប្រក្រតីភាពស្ថាប័នកំពូលរបស់រដ្ឋ តាមរយៈការវាយឲ្យបរាជ័យនូវឧបាយកលពិសពុលរបស់ពួកអមិត្ត ដែលបានឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមបែបផែនបដិវត្តន៍ពណ៌ ដណ្តើមយកអំណាច ផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។
ក្រៅពីនេះ ប៉ូលីសក៏បានធ្វើជាបង្អែកដ៏រឹងមាំ នៅក្នុងគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ការពារប្រកបដោយជោគជ័យ នូវយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៤។ នេះបើតាមលោកនាយករដ្ឋមន្ត្រី។
បន្ថែមពីនេះ លោក ហ៊ុន សែន តាមរយៈលិខិតរបស់លោក ក៏បានលើកឡើងផងដែរពីលទ្ធផលបង្ក្រាបបទល្មើសព្រហ្មទណ្ឌមានកំរិតខ្ពស់រហូតដល់ ៨៦% ដោយបានធ្វើឲ្យបទឧក្រិដ្ឋថយចុះ ១៤%។ ប៉ូលីសក៏បានការពារសុវត្ថិភាពដល់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ក៏ដូចជាព្រឹត្តិការណ៍ជាតិ-អន្តរជាតិ គណប្រតិភូជាតិ-អន្តរជាតិ សរុបជាង៩ពាន់លើក ត្រូវបានធានាសុវត្ថិភាពទាំងស្រុង។
ក្រៅពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានលើកសរសើរផងដែរ ពីគុណសម្បត្តិរបស់ប៉ូលីសជាតិ ដូចជាការគ្រប់គ្រងជនបរទេស ការពង្រឹងនៃការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយជនអន្តោប្រវេសន៍ខុសច្បាប់ចំនួនជាង ១៤ ០០០នាក់ រួមមាន៨៩សញ្ជាតិ ត្រូវបានចាប់បញ្ជូនទៅប្រទេសដើមវិញ ចាប់តាំងពីឆ្នាំ២០១៤មក។
ប៉ូលីសជាតិ ក៏បានបង្ហាញនូវស្នាដៃ គ្រប់គ្រងប្រជាពលរដ្ឋ ក៏ដូចជាការផ្តល់ឯកសារ លិខិតស្នាមផ្សេងៗ គិតចាប់តាំងពីឆ្នាំ២០១២មក ដល់ត្រីមាសទី១ឆ្នាំ២០១៨នេះ សៀវភៅគ្រួសារចំនួន ជាង ២,៨លានក្បាល សៀវភៅស្នាក់នៅជាង ៣លានក្បាល និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ជាង៩,៨លានសន្លឹក ត្រូវបានផ្តល់និងចែកជូនប្រជាពលរដ្ឋ។ នេះគឺជាការសម្តែងពីមោទនភាពរបស់លោកនាយករដ្ឋមន្ត្រី៕