កម្ពុជាសង្ឃឹមបោស​សំអាត​គ្រាប់​មីន​អស់​​ត្រឹម​ឆ្នាំ​២០២៥

| |
http://vodhotnews.com

រូបភាព៖ពិធីបើកសន្និបាតជាតិវិស័យសកម្មភាពមីន (អាជ្ញាធរមីន CMAA)


អាជ្ញាធរ​​មីន​​កម្ពុជា​ សង្ឃឹម​​ថា​​នឹង​​អាច​​បោស​​សំអាត​​គ្រាប់​មីន​ និង​​គ្រាប់​​មិន​​ទាន់​​ផ្ទុះ​​ឲ្យ​​អស់​នៅ​ឆ្នាំ​​២០២៥​ ខណៈ​​ចាប់​ពី​​ឆ្នាំ​​១៩៧៩​ រហូត​​មក​​ដល់​​ឆ្នាំ​​២០១៧​​ គ្រោះ​ថ្នាក់​គ្រាប់​​មីន​​បាន​​ធ្វើ​​ឲ្យ​​មនុស្ស​​ស្លាប់​​ និង​​រង​របួស​​ជាង​​៦​​ម៉ឺន​​នាក់​​។​

ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​របស់​សន្និបាតជាតិ​វិស័យ​សកម្មភាព​មីន ចុះ​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០១៨ អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹង​ថា​រយៈ​​ពេល​២៥​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​បាន​បោស​សម្អាត​គ្រាប់​មីន និង​គ្រាប់​សំណល់​សង្គ្រាម​​បានជិត​៤​លាន​គ្រាប់ លើ​​ផ្ទៃ​ដី​ប្រមា​ណ ​​១ ៧០០គីឡូ​ម៉ែត្រការ៉េ នៅ​សល់​ជាង​២ ០០០គីឡូ​ម៉ែត្រ​ការ៉េ​ទៀត​ដែល​នឹង​ត្រូវ​បោស​សម្អាត​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥​ខាង​មុខ​។ ​

អាជ្ញាធរ​មីន​ក៏​បាន​ឲ្យ​ដឹងផងដែរ​ថា​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៧ គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​៦៤ ៧២០នាក់ ក្នុង​នោះស្លាប់​១៩ ៧៥៨នាក់ របួស​ ៣៥ ៩៤១នាក់ និង​ពិការ​ចំនួន​ ៩ ០២១នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់ និង​របួសទាំង​នោះ​ចំនួន ​៨១​ភាគ​រយ​ជា​បុរស ១១ភាគ​រយ​ជា​កុមារ និង​៨ភាគរយ​ជាស្ត្រី។

បើ​តាម​អាជ្ញាធរ​មីន បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​កម្ពុជា​គឺ​ជា​លទ្ធផល​បន្សល់​ទុក​ពី​ជម្លោះ​ផ្ទៃ​ក្នុង និង​ក្នុង​តំបន់​ចាប់​​តាំង​ពី​ពាក់កណ្តាលទសវត្សរ៍​ឆ្នាំ​១៩៦០ ដល់​ចុង​ឆ្នាំ១៩៩៨។ យោង​តាម​ការស្រាវជ្រាវ​ស្តីពី​ផល​ប៉ះពាល់​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០០២ ភូមិ​ចំនួន ៦ ៤១៦ ស្នើ​នឹង ៤៦ភាគ​រយ​នៃ​ភូមិទាំង​អស់​នៅ​កម្ពុជា​ ដែល​មាន​ទំហំ​ ៤ ៥៤៤ គីឡូ​ម៉ែត្រ​ក្រឡា​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តំបន់​សង្ស័យ​ថា​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles