គ.ជ.ប បាន​ទទួល​ស្គាល់​បក្ស​ ៥ ​ជា​ផ្លូវការ​ហើយ​មក​ទល់​ថ្ងៃទី​ ១៥ ​ឧសភា

លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​អង្គារ​។ ស្រេង ម៉េងស្រ៊ុន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ទទួល​ស្គាល់​គណបក្ស​នយោបាយ​ចំនួន ៥ ហើយ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន ២០ ដែល​បាន​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការប្រកួត​ប្រជែង និង​រំពឹង​ថា គណបក្សនយោបាយ​ទាំងអស់​អាច​នឹង​ចូលរួម​ការ​បោះឆ្នោត​សកល​នៅ​ខែ​កក្កដា​ខាង​មុខ​។

លោក ឌឹម សុវណ្ណារុំ សមាជិក និង​ជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ថ្ងៃទី ១៥ ខែ​ឧសភា​មាន​គណបក្ស​ចំនួន​ ៥ ​ត្រូវ​បាន គ.ជ.ប ប្រកាស​ទទួល​ស្គាល់​ការចុះបញ្ជី​ជា​ផ្លូវការ ខណៈ​ស្ថាប័ន​នេះ​កំពុង​ពិនិត្យ​លើ​គណបក្ស​ជាង ១០ ផ្សេង​ទៀត​។ គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺជា​គណបក្ស​ទី ៥ ដែល​ស្ថាប័ន គ.ជ.ប ប្រកាស​ទទួល​ស្គាល់​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។

លោក​ សុវណ្ណារុំ ​ឲ្យ​ដឹង​កាលពី​យប់​ថ្ងៃ​អង្គារ​ថា​៖ «​សូម​ជម្រាប​ជូន​ថា នៅ​ថ្ងៃ​នេះ គ.ជ.ប បាន​ទទួល​ស្គាល់​ជា​ផ្លូវការ ចុះ​បញ្ជី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ឈរ​នៅ ២៥ មណ្ឌល​។ សរុប​មាន​ ៥ ​គណបក្ស​ហើយ​ជាមួយ​នឹង​គណបក្ស​យុវជន​កម្ពុជា​ឈរ​នៅ​ ១៧ មណ្ឌល គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​នៅ ២៥ មណ្ឌល គណបក្ស​សញ្ជាតិ​កម្ពុជា ឈរ​នៅ ២៥ មណ្ឌល និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ឈរ​នៅ​ ២៥ មណ្ឌល​»​។

បើ​ទោះបី​ជា គ.ជ.ប កំពុង​ពិនិត្យ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ចំនួន ១៥ ផ្សេង​ទៀត​ក៏ដោយ ក៏​លោក​ សុវណ្ណរុំ កាលពី​ម្សិលមិញ​មាន​សុទិដ្ឋិនិយម​ចំពោះ​គណបក្ស​ទាំងនោះ​ថា​នឹង​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដោយ គ.ជ.ប គ្មាន​ហេតុផល​ដើម្បី​បដិសេធ​សំណើ​របស់​ពួកគេ​នោះ​ទេ​។ «​មាន​អ្វី​នឹង​អាថ៌កំបាំង​ប្អូនឯង​គិត​មើល​នីតិវិធី​គឺ​ការចុះ​ឈ្មោះ​គណបក្ស​ និង​បេក្ខជន​ឈរឈ្មោះ​ជ្រើសតាំង​តំណាងរាស្ត្រ​នេះ​ឯកសារ​យើង​មាន ១០ ឲ្យ​គណបក្ស​នយោបាយ​គាត់​ដាក់​មក​បើ​ឯកសារ​ទាំង ១០ គាត់​បំពេញ​បែបបទ​ត្រឹមត្រូវ​ហើយ​មាន​ហេតុផល​អី​ដែល គ.ជ.ប បដិសេធ​»​។

លោក​បន្ត​ថា​៖ «​ក្រោយ គ.ជ.ប ពិនិត្យ ហើយ​ឃើញ​មាន​ឯកសារ​គាត់​ខ្វះខាត ឬ​មាន​កំហុស យើង​ស្នើ​ឲ្យ​គាត់​កែតម្រូវ​គាត់​ដាក់​ឯកសារ​បង្គ្រប់​មាន​អី​គាត់​ឆ្លើយតប​ទៅ​…​បើ​គាត់​ឆ្លើយតប​បាន​ហើយ​មាន​ហេតុផល​អី​ដែល គ.ជ.ប បដិសេធ​នោះ​»​។ ទោះ​យ៉ាង​ណា​លោក​ សុវណ្ណារុំ ថា គ.ជ.ប នឹង​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ស្រប​តាម​នីតិវិធី ស្រប​តាម​ច្បាប់ ស្រប​តាម​លក្ខខណ្ឌ​ដែល​តម្រូវ និង​មិន​ចង់​ធ្វើ​បុរេវិនិច្ឆ័យ ជា​មុន​នោះ​ទេ​។

លោក​ យឿង សុធារ៉ា ​អ្នក​ជំនាញ​ការបោះឆ្នោត​ថ្លែង​ថា​ជា​រួម​លោក​ឲ្យ​តម្លៃ​ទៅលើ​ការចូលរួម​ច្រើន​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​ប្រកួតប្រជែង​។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​លោក​ថា​ការចូលរួម​ច្រើន​ដោយ​មិន​មាន​គុណភាព ក៏​មិន​អាច​ចាត់ទុក​ថា​មាន​ប្រជាធិបតេយ្យ​ដែរ​។

លោក​ថ្លែង​ថា​៖ «​ការចូលរួម​ច្រើន ដែល​អត់​មាន​គុណភាព​ក៏​អត់​ប្រាកដ​ថា​វា​មាន​ប្រជាធិបតេយ្យ ក៏​មិន​បញ្ជាក់​ថា ជា​ការ​បោះឆ្នោត​មួយ​ឆ្លុះ​បញ្ចាំង​អំពី​អត្ថន័យ​ពិតប្រាកដ​នៃ​ប្រជាធិបតេយ្យ​ដែរ​។ បើសិន​ជា​គ្រប់​គណបក្ស​ដែល​ចូលរួម​ប្រកួត​ប្រជែង​គាត់​មាន​ទស្សនវិស័យ​ច្បាស់លាស់ គាត់​មាន​គោលជំហរ​ច្បាស់លាស់​ក្នុង​ការ​ទៅ​ដណ្ដើម​សំឡេងឆ្នោត ដើម្បី​បាន​អំណាច ហើយ​យក​អំណាច​នោះ​មក​បម្រើ​ឲ្យ​ម្ចាស់ឆ្នោត​…​ជា​តំណាង​ពិតប្រាកដ​គឺជា​ក្ដីសង្ឃឹម​របស់​ពួកគាត់​»​។

លោក​បន្ត​ថា​ ការវិវឌ្ឍ​ស្ថានការណ៍​ថ្មីៗ​ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ផង​ដែរ​សម្រាប់​មុខមាត់​ក៏​ដូចជា​រូបភាព​នៃ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ «​បើ​អ្នក​នយោបាយ​គាត់​ទៅ គ្រាន់តែ​បំពេញ​កិច្ច ឬ​ក៏​បង្គ្រប់កិច្ច​ក្នុង​នយោបាយ​មួយ វា​ហាក់បី​ដូចជា​យក​ក្ដី​សង្ឃឹម​របស់​គាត់​យក​ទៅ​ធ្វើ​ជា​រឿង​លេង​បាយឡុក​បាយឡ​អត់​ប្រយោជន៍ ប៉ុន្តែ​ខ្ញុំ​មិន​សំដៅ​ដល់​គណបក្ស​ដែល​ចុះ​ឈ្មោះ​ប្រកួត​សុទ្ធ​តែ​អាក្រក់​ទាំងអស់​ទេ​»៕


Contact author: បែន សុខហ៊ាន

What Next?

Recent Articles