ដោយ សេក បណ្ឌិត
2018-05-17
RFA

ស្ទឹងអារ៉ែង ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ រូបថតថ្ងៃទី១៥ តុលា ២០១៤ (RFA)
ពលរដ្ឋជនជាតិដើមភាគតិចជង តំបន់អារ៉ែងចំនួន ៥នាក់ បានបាត់បង់ជីវិតភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ នៅរសៀលថ្ងៃទី១៧ ឧសភា នេះ។ សកម្មជនបរិស្ថានសម្ដែងការសោកស្ដាយចំពោះគ្រោះថ្នាក់ធម្មជាតិនេះ ដោយសារជនរងគ្រោះសុទ្ធសឹងតែជាមនុស្សស្លូតបូត រស់រាយរាក់ទាក់ និងជាអ្នកធ្លាប់ចេញមុខតស៊ូមតិ ដើម្បីការពារបរិស្ថាន និងប្រឆាំងមិនឱ្យមានការសាងសង់ទំនប់វារីអគ្គិសនីក្នុងតំបន់អារ៉ែង។
ប្រធានសហគមន៍ជនជាតិដើមភាគតិចជង តំបន់អារ៉ែង លោក ហ៊ឹង ពៅ ឱ្យដឹងថា ជនរងគ្រោះនៅក្នុងហេតុការណ៍រន្ទះបាញ់នោះ មានចំនួន ៧នាក់ ក្នុងនោះ ៥ នាក់ បានស្លាប់នៅនឹងកន្លែង ម្នាក់ទៀតរងរបួសធ្ងន់កំពុងដឹកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង និងម្នាក់ទៀតរងរបួសស្រាល។
ក្នុងចំណោមអ្នកស្លាប់ទាំង ៥នាក់នោះ មានប្រុស ៣នាក់និងស្រី ២នាក់។
លោក ហ៊ឹង ពៅ ដែលមានវត្តមានក្បែរទីតាំងកើតហេតុ បញ្ជាក់ថា នៅរសៀលថ្ងៃទី១៧ ឧសភា ពលរដ្ឋជងតំបន់អារ៉ែងជាច្រើននាក់ បាននាំគ្នាទៅជួយសាងសង់ផ្ទះថ្មីមួយខ្នង នៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។ លុះម៉ោងប្រមាណ ៤ រសៀល មេឃក៏ចាប់ផ្ដើមងងឹត ហើយមានភ្លៀងធ្លាក់ ពលរដ្ឋទាំងនោះក៏បាននាំគ្នាទៅជ្រកភ្លៀងតាមកន្លែងរៀងៗខ្លួន។ ក្នុងចំណោមនោះ មានពលរដ្ឋប្រមាណ ១០ នាក់ បានចូលទៅជ្រកក្រោមតង់ត្រង់កន្លែងដាំបាយបានប្រហែល ១០នាទី ក៏មានហេតុការណ៍រន្ទះបាញ់តែម្ដង។ ភ្លាមនោះ មានពលរដ្ឋ ៥ នាក់បានដួលទៅលើដី ដោយ ៤នាក់បានបាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតផុតដង្ហើមប្រហែលកន្លះម៉ោងក្រោយមក។ «»
លោក ហ៊ឹង ពៅ អះអាងថា នេះជាហេតុការណ៍គ្រោះថ្នាក់ធម្មជាតិដ៏គួរឱ្យរន្ធត់ ដែលមិនធ្លាប់កើតមាននោះឡើយ សម្រាប់ពលរដ្ឋជនជាតិដើមភាគតិចជងតំបន់អារ៉ែងនោះ ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅនេះ។ លោកថាមរណភាពរបស់អ្នកទាំង៥នោះ គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ពលរដ្ឋជងតំបន់អារ៉ែង ហើយលោកសំណូមពរដល់សប្បុរសជនទាំងអស់ឱ្យជួយឧបត្ថម្ភដល់ការរៀបចំពិធីបុណ្យសពជនរងគ្រោះទាំង ៥នាក់នោះផង។ «»
សកម្មជនបរិស្ថាន អ្នកនាង លីម គីមស័រ ដែលតែងចុះទៅតំបន់អារ៉ែងជាញឹកញាប់នោះ ថ្លែងថា អ្នកនាងពិតជាមានអារម្មណ៍រន្ធត់ និងក្ដុកក្ដួលជាខ្លាំង នៅពេលទទួលបានដំណឹងថា ពលរដ្ឋតំបន់អារ៉ែង៥ នាក់ត្រូវបាត់បង់ជីវិតដោយសាររន្ទះបាញ់បែបនេះ។ អ្នកនាងបន្តថា ពួកគាត់សុទ្ធសឹងជាមនុស្សស្លូតបូត និងរួសរាយរាក់ទាក់ ជាអ្នកនាំភ្ញៀវដើរកម្សាន្តតំបន់អារ៉ែង និងជាពិសេសគឺជាអ្នកចេញមុខតស៊ូមតិយ៉ាងសកម្មនៅតំបន់អារ៉ែង។ «»
ប្រធានសហគមន៍ជនជាតិដើមភាគតិចជងតំបន់អារ៉ែង លោក ហ៊ឹង ពៅ បញ្ជាក់ថា សាកសពជនរងគ្រោះទាំង ៥នាក់នោះ ត្រូវបានរក្សាទុកនៅទីតាំងពីរផ្សេងគ្នា ហើយអ្នកភូមិ និងក្រុមគ្រួសារកំពុងពិភាក្សាគ្នាអំពីការរៀបចំពិធីបុណ្យតាមបែបប្រពៃណីជនជាតិដើម៕