ដោយ ហេង សកល
2018-05-17
RFA

អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា (ពាក់ក្រវាត់ក) ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។ Photo: RFA
![]()
អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា កំពុងជាប់ឃុំដោយសារតែរងការចោទប្រកាន់ប្រមាថកងទ័ពនោះ បានសរសេរលិខិតមួយច្បាប់ស្នើសុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍លើកលែងទោស។ អ្នកនាំពាក្យគណបក្សកាន់អំណាចថា ការដោះលែងនេះ គឺអាស្រ័យលើសិទ្ធិអំណាចរបស់តុលាការ។ រីឯអ្នកវិភាគយល់ថា ការដោះលែងលោក សួន សេរីរដ្ឋា អាចកើតឡើងក្នុងពេលឆាប់ៗនេះ ព្រោះអំណាចនយោបាយតែងមានឥទ្ធិពលលើអំណាចច្បាប់។
លោក សួន សេរីរដ្ឋា បានស្នើសុំឱ្យលោក ហ៊ុន សែនឱ្យផ្ដល់សេរីភាពឱ្យលោកដើម្បីជួបជុំគ្រួសារ ថែរក្សាម្ដាយចាស់ជរា ថែរក្សាកូនតូចៗ ធ្វើជាកូនល្អ ឪពុកល្អ ស្វាមីល្អ និងជាពលរដ្ឋល្អដោយក្តីអនុគ្រោះ។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ តុលាការចោទប្រកាន់លោក សួន សេរីរដ្ឋា ចំនួន ៣បទល្មើស ដូចជាបទញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ បទធ្វើឱ្យខូចទឹកចិត្ត និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោក សួន សេរីរដ្ឋា បញ្ចេញមតិតាមហ្វេសប៊ុក (Facebook) របស់លោកកាលពីយប់ថ្ងៃសៅរ៍ ទី១២ សីហា ទាក់ទងនឹងការបញ្ជាកងទ័ពឱ្យទៅត្រៀមប្រយុទ្ធនឹងកងទ័ពឡាវថា៖ “បើសង្គ្រាមកើតឡើងជាមួយនឹងប្រទេសឡាវមែន កូនខ្មែរកងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ហើយមេទ័ពចោរនឹងឡើងបុណ្យ ប្រមូលលុយ សប្បាយស្រីញីយ៉ាងគគ្រឹក គគ្រេង“។
ក្នុងលិខិតចុះថ្ងៃទី៣០ ខែមេសា ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែឧសភា លោក សួន សេរីរដ្ឋា បានសុំទោសជាសាធារណៈចំពោះលោក ហ៊ុន សែន និងនាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ អគ្គបញ្ជាការ អគ្គបញ្ជាការរង នាយទាហាន និងនាយទាហានរងនៃកងទ័ពជាតិទាំងអស់។ លោកសួន សេរីរដ្ឋា ក៏សន្យាថា នឹងមិនសរសេរអ្វីដែលខ្វះការពិចារណាទៀតឡើយ និងគោរពច្បាប់ជាតិ ព្រមទាំងចូលរួមការពារនូវសន្តិភាពជាដើម។
អ្នកនាំពាក្យគណបក្សអំណាចខ្មែរ លោក យិន ឈឿន មានប្រសាសន៍ថា លោកមិនដឹងថា លិខិត នោះពិត ឬមិនពិតឡើយ ព្រោះលោក សួន សេរីរដ្ឋា មិនមានទំនាក់ទំនងជាមួយគណបក្សទៀតឡើយ ក្រោយការចាប់ខ្លួន ប៉ុន្តែក្នុងលិខិតនោះ លោកឃើញមានហត្ថលេខារបស់លោក សួន សេរីរដ្ឋា។ ទោះយ៉ាងណាក្តី លោក យិន ឈឿន យល់ថា ការចាប់ខ្លួនលោក សួន សេរីរដ្ឋា គឺជារឿងនយោបាយ ដូច្នេះត្រូវតែដោះស្រាយតាមផ្លូវនយោបាយ៖ «វាមិនមានជាលក្ខណៈញុះញង់ទៅអោយបង្កហិង្សាប្រឆាំងកងទ័ពអី គឺអត់មានអីជារឿងធំដុំណាស់ណានោះទេ ព្រោះវាគឺជាការបញ្ចេញមតិតាមបណ្ដាញសង្គម វាមិនមែនគាត់ទៅចេញលិខិតផ្លូវការនោះទេ។ បើយើងគិតអំពីប្រជាធិបតេយ្យ គឺប្រជាពលរដ្ឋមានសិទ្ធិ តែនៅប្រទេសយើង សិទ្ធិសេរីភាព ហាក់ដូចជារឹតត្បិត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ សីហា ឆ្នាំ ២០១៧ ថា ករណីរបស់លោក សួន សេរីរដ្ឋា គឺជាការប្រមាថមិនអាចទទួលយកបាន ហើយជាបទល្មើសជាក់ស្ដែង ត្រូវចាប់មិនលើកលែង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោក ហ៊ុន សែន គ្មានសិទ្ធលើកលែងទោសនោះទេ ប៉ុន្តែ តុលាការទើបមានសិទ្ធ។ លោកថា បើចង់រួចខ្លួននោះ ត្រូវរកមេធាវីល្អៗ ដើម្បីដោះបន្ទុកនៅក្នុងតុលាការ ទើបជាការត្រឹមត្រូវតាមនីតិវិធីច្បាប់៖ «អត់ទេ សម្ដេចមិនអាចរំលោភលើឆន្ទានុសិទ្ធិ ឬសមត្ថកិច្ចរបស់តុលាការទេ តែបងប្អូន លើកនេះជាមតិយល់ឃើញដោយសារតែចង់ចោទសម្ដេចថា កាន់អំណាចផ្ដាច់ការ ឬអំណាចផ្ដាច់មុខតែតាមពិតគឺមិនមែនទេ»។
ផ្ទុយពីការលើកឡើងនេះ សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត មានប្រសាសន៍ថា លោក សួន សេរីរដ្ឋា អាចនឹងត្រូវដោះលែងដូចលោក ញឹក ប៊ុនឆៃ ដែរ ព្រោះថាស្ថានភាពនយោបាយបច្ចុប្បន្ន របបលោក ហ៊ុន សែន កំពុងត្រូវការគណបក្សតូចៗជាច្រើន ចូលរួមប្រកួតប្រជែងការបោះ ឆ្នោត ដើម្បីលំអប្រជាធិបតេយ្យនៅកម្ពុជា ក្រោយរំលាយគណបក្សប្រឆាំងធំជាងគេចោលនោះ។ ម្យ៉ាងទៀតលោកសម្គាល់ឃើញថា ការចាប់ខ្លួននិងការដោះលែងអ្នកទោសនយោបាយ កន្លងមក គឺធ្វើឡើងក្រោមរូបភាពនយោបាយ ដែលមានន័យថា អំណាចនយោបាយ អាចគ្រប់ដណ្ដប់លើអំណាចតុលាការ ប្រសិនបើអ្នកនយោបាយ បាននិយាយត្រូវរ៉ូវគ្នានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។