
សមាជិក គ.ជ.ប នៅក្នុងកិច្ចប្រជុំនៅ គ.ជ.ប កាលពីម្សិលមិញ។ ផា លីណា
Fri, 18 May 2018
បែន សុខហ៊ាន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការតាមច្បាប់ ចំពោះសកម្មភាពរបស់លោក សម រង្ស៊ី ដែលនៅតែបន្តធ្វើការឃោសនាកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ដែល គ.ជ.ប ថាការឃោសនារបស់អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិរូបនេះ «ធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោត» និង «ប៉ះពាល់ដល់សន្តិសុខជាតិ»។ នេះបើតាមការថ្លែងរបស់សមាជិក គ.ជ.ប។
ការថ្លែងរបស់សមាជិក គ.ជ.ប នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីម្សិលមិញដែលនិយាយអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខដែលការថ្លែងនេះក៏ជាការឆ្លើយតបទៅនឹងតំណាងគណបក្សនយោបាយមួយចំនួនដែលស្នើឲ្យ គ.ជ.ប ចាត់វិធានការ តាមច្បាប់ទៅលើលោក សម រង្ស៊ី។
ចំណាត់ការទាំងនេះធ្វើឡើងស្របពេលដែលអតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈរិះគន់ គ.ជ.ប និងអំពាវនាវដោយបើកចំហឲ្យពលរដ្ឋធ្វើពហិការការបោះឆ្នោត ខណៈលោក សម រង្ស៊ី ដែលបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិបានអំពាវនាវឲ្យចែកខិត្តប័ណ្ណជំរុញពលរដ្ឋកុំឲ្យទៅបោះឆ្នោតដោយចាត់ទុកការបោះឆ្នោតខាងមុខថា «ក្លែងក្លាយ» និង «គ្មានន័យ» ដោយសារតែពុំមានវត្តមានអតីតគណបក្សសង្គ្រោះជាតិដែលតំណាងពលរដ្ឋស្ទើរពាក់កណ្តាលប្រទេសចូលរួមប្រកួត។
ក្នុងអង្គប្រជុំ នៅ គ.ជ.ប កាលពីម្សិលមិញដែលមានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញក្រសួងពាក់ព័ន្ធនានាតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិលស្ថានទូតជប៉ុន លោក ហ៊ាង គឹមស្រឿន អនុប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានស្នើ ឲ្យ គ.ជ.ប ចាត់វិធានការ ចំពោះអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលអំពាវនាវកុំឲ្យពលរដ្ឋម្ចាស់ឆ្នោតទៅបោះឆ្នោត។
លោកថ្លែងថា៖ «សម្រាប់ទស្សនៈខ្ញុំផ្ទាល់ខ្ញុំយល់ថា ការឃោសនានេះគឺជាការឃោសនាបំបែកបំបាក់ជាតិយ៉ាងពិតប្រាកដ…»។ លោកបន្តថា៖ «អ៊ីចឹងខ្ញុំសូមសំណូមពរដល់ គ.ជ.ប ធ្វើការចាត់វិធានការតាមលក្ខណៈណាមួយ ឬពិនិត្យឡើងវិញនូវច្បាប់គណបក្សនយោបាយ»។
តំណាងគណបក្សប្រជាជនកម្ពុជាដែលមិនបានប្រាប់ឈ្មោះក៏បានឡើងចោទសួរនៅក្នុងកិច្ចប្រជុំនេះផងដែរដោយស្នើឲ្យ គ.ជ.ប មានវិធានការដែលលោកសំដៅដល់លោក សម រង្ស៊ី។ លោកថ្លែងថា៖ «ទោះបីជាមានការប្រមាថ មាក់ងាយពីអ្នកនយោបាយមួយចំនួនដែលចោទថាជាគណបក្សអំពិលអំពែក គណបក្សអាយ៉ងក្ដីក៏ចំនួននេះក៏នៅតែមានការកើនឡើង ហើយចំណុចនេះខ្ញុំចង់សួរ គ.ជ.ប ថា គ.ជ.ប មានសមត្ថកិច្ចដោះស្រាយទេ បើមានគណបក្សមួយធ្វើការរារាំងជាការបំបាក់ទឹកចិត្ត…»។
ឆ្លើយបតនឹងបញ្ហានេះលោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំថ្លែងនៅចំពោះមុខភាគីនានាដែលបានចូលរួមក្នុងអង្គប្រជុំថា គ.ជ.ប បានទំនាក់ទំនងទៅក្រសួងមហាផ្ទៃរួចរាល់ហើយ ដើម្បីមានវិធានការ។
លោកថ្លែងថា៖ «នៅក្នុងករណីដែលគេធ្វើទៅតាមហ្វេសប៊ុកដែលមានបញ្ហាមុនហ្នឹង។ ឯកឧត្តមអគ្គបានលើកហើយថា អាហ្នឹងគឺជារឿងដែលត្រូវទំនាក់ទំនងទៅមហាផ្ទៃព្រោះមហាផ្ទៃជាអ្នកគ្រប់គ្រងគណបក្សនយោបាយនៅក្នុងដំណាក់កាលនេះ»។
លោកបន្តថា៖ «ហើយយើងបានជម្រាបជូនពីបញ្ហាដែលការឃោសនាដែលការបញ្ចេញមតិ ការឃោសនាហ្នឹង វាប៉ះពាល់ដល់ការបោះឆ្នោតយើងជម្រាបទៅមហាផ្ទៃដែលជាអាណាព្យាបាលផ្ទាល់របស់គណបក្សនយោបាយ។ អ៊ីចឹងយើងបានទៅទំនាក់ទំនងធ្វើការងារហ្នឹងរួចហើយ ឯកឧត្តមអគ្គបានជម្រាបជូនអ៊ីចឹង»។
ចំណែកលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប ក៏ថ្លែងប្រាប់សារព័ត៌មាន Fresh News ផងដែរថាការអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោតតាមរយៈចេតនាជំរុញឱ្យមានការចែកខិត្តប័ណ្ណ «អាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ»។
មិនមែនគ្រប់គណបក្សគាំទ្រឲ្យមានការថ្កោលទោសចំពោះអតីតគណបក្សសង្គ្រោះជាតិនោះទេ។ លោក ហ៊ីង យឿន អនុប្រធានគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សរបស់កូនប្រុសពៅ លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិថ្លែងថា ការអំពាវនាវគឺជាសិទ្ធិរបស់បុគ្គល តែលោកនៅតែលើកទឹកចិត្តឲ្យពលរដ្ឋទៅបោះឆ្នោត។
លោកថ្លែងថា៖ «ចំពោះគណបក្សឆន្ទៈខ្មែរផ្ទាល់តែម្ដងខ្ញុំសូមអំពាវនាវសូមឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត ជាពិសេសព្រលឹងប្រជាពលរដ្ឋអ្នកបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិដែលជាគណបក្សដើមរបស់ខ្ញុំដែរហ្នឹងឲ្យមកគាំទ្រគណបក្សឆន្ទៈខ្មែរទៅ ព្រោះថាហេតុអ្វីបើយើងមិនទៅបោះឆ្នោតទេ គឺថាអាសនៈទាំងអស់នឹងត្រូវគណបក្សប្រជាជនយកទាំងអស់ហើយ ប៉ុន្តែបើយើងទៅបោះឆ្នោត យើងនឹងបានអាសនៈ ហើយបើអ្នកដែលបោះឆ្នោតហ្នឹងមកទាំងអស់គ្នាមានអ្នកផ្សេងចូលមកបោះឆ្នោតទៀត យើងនឹងឈ្នះឆ្នោត»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថាបើទោះបីលោកមិនទាន់បានឃើញសំណើរបស់ គ.ជ.ប ក្តី ប៉ុន្តែក្រសួងគាំទ្រ និងសហការជាមួយ គ.ជ.ប ក្នុងការអនុវត្តច្បាប់។ លោកថ្លែងថា៖ «ជាគោលការណ៍ក្រសួងមហាផ្ទៃ និងផ្តល់កិច្ចសហការយ៉ាងពេញលេញជាមួយ គ.ជ.ប។ មិនត្រឹមតែសហការពេញលេញទេសហការយ៉ាងទាន់ពេលវេលាទៀត»។
ឆ្លើយបតនឹងបញ្ហានេះលោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនដោយខ្លួនឯងនៅក្រៅប្រទេសបានថ្លែងតាមអ៊ីមែលមកកាន់កាសែតភ្នំពេញប៉ុស្តិ៍ថា លោកសូមរំឭកដល់មន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន ដែលចង់កាត់ទោសរូបលោកដោយសារតែការអំពាវនាវរបស់លោកឲ្យប្រជាពលរដ្ឋធ្វើពហិការការបោះឆ្នោតដ៏ចម្រូងចម្រាសដែលត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខថា ការបោះឆ្នោតគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយការមិនចូលរួមបោះឆ្នោតក៏ជាសិទ្ធិរបស់ពួកគេដែរ ជាពិសេសនៅពេលដែលពួកគេដឹងថាពួកគេត្រូវបានគេអញ្ជើញឱ្យចូលរួមនៅក្នុងការបោះឆ្នោតមួយដែលពួកគេមិនមានជម្រើសពិតប្រាកដដែលវាអាចធ្វើឲ្យខូចឆន្ទៈរបស់ពួកគេ។
លោក សម រង្ស៊ី បានគូសបញ្ជាក់ជាដដែលៗថាការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខគឺគ្រាន់តែជាការបោះឆ្នោតមួយដែល «គ្រាន់តែធ្វើឱ្យរបបផ្តាច់ការមួយស្របច្បាប់ប៉ុណ្ណោះ»។
លោកបញ្ជាក់ថា៖ «នៅក្នុងកាលៈទេសៈបែបនេះការធ្វើពហិការបោះឆ្នោត គឺជាទង្វើនៃការតស៊ូអសកម្មមួយក្នុងការប្រយុទ្ធតស៊ូដោយសន្តិវិធី ដើម្បីលទ្ធិប្រជាធិបតេយ្យ»។
លោក សម រង្ស៊ី បាននិយាយសំដៅដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី រ៉ូណាស្មីត ដែលលោកស្រីបាននិយាយកាលពីថ្ងៃទី ៣០ ខែមេសាកន្លងទៅដែលលោកថាលោកស្រីបានលើកឡើងយ៉ាងត្រឹមត្រូវថា «ការបោះឆ្នោតមួយមិនអាចក្លាយជាការបោះឆ្នោតពិតប្រាកដបានទេ ប្រសិនបើគណបក្សប្រឆាំងដ៏ធំមួយត្រូវបានគេរារាំងមិនឲ្យចូលរួម»។
អតីតមេបក្សប្រឆាំងរូបនេះបានគូសបញ្ជាក់ថា៖ «គ្មាននរណាម្នាក់ គួរត្រូវបានគេបង្ខំឱ្យចូលរួមបោះឆ្នោតក្លែងក្លាយនោះទេ។ ផ្ទុយទៅវិញអ្នកទាំងនោះគប្បីធ្វើពហិការ។ យើងគោរពសេរីភាពបញ្ចេញមតិគូប្រជែងរបស់យើង។ ដូច្នេះពួកគេក៏ត្រូវគោរពសេរីភាពបញ្ចេញមតិរបស់យើងដែរ»៕ NS
Contact author: បែន សុខហ៊ាន
at first I though these guy have what we call brain in their bolt head . but it seem to be all these guy head have no brain at all. what do you think the over all situation that make RASY said that word to the people . please think about it if you still have something in your head. GOD bless Cambodia
Don’t be surprised because they are all brain washed and not a real human anymore, evidently, they don’t even know their duty as a observer. The same thing is happening in Cambodia now, commerce department has order to prosecute people who wants to say or clarify the rumors. Anybody in Hun Sen group can create any rule anytime they want it just a flip of their tongue.