លោក ហ៊ុន សែន ប្រតិកម្មនឹងលោក សម រង្ស៊ី ដែលហៅបក្សតូចៗថា «បក្សអំពិលអំពែក»

| |
https://vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ២២ ឧសភា ២០១៨


មេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែល​បាន​ហៅ​គណបក្ស​ចូលរួម​ការបោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ថា ជាគណបក្សមានការជួយជ្រោមជ្រែងពីបក្សកាន់អំណាច និង​គ្រាន់តែជា «បក្សអំពិលអំពែក»​ប៉ុណ្ណោះ។​

ខណៈ​ដែល​គណបក្ស​ចំនួន ១៦​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ គ.ជ.ប. ដោយ​ពុំ​មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ហៅ​គណបក្ស​ទាំង​នោះ​ថា «គណបក្ស​អំពិល​អំពែល»

ប៉ុន្ដែ ក្នុងពិធីចែកសញ្ញាបត្រមួយនៅថ្ងៃនេះ លោក ហ៊ុន សែន ចាត់ទុកសម្ដីបែបបនេះថា ជាការមាក់ងាយដល់គណបក្សថ្មីៗ ទើបបង្កើតឡើង និងថា ពួកគេសុទ្ធតែមានសិទ្ធិស្មើៗគ្នា ក្នុងការចូលរួមប្រកួតប្រជែងបោះឆ្នោត។


ហើយមានអ្នកខ្លះចាត់ទុកថា គណបក្សនេះ សុទ្ធតែ ហ៊ុន សែន ជា​អ្នកបង្កើត ហាក់ដូចជាមើលស្រាលបណ្ដាគណបក្សនយោបាយដទៃទៀត ហើយរហូតទៅដល់ហៅគេថា គណបក្សអាប មានតែក្បាល គណបក្សអំពិល​អំពែក ឆ្ងល់ត្រឹមកន្លែងហ្នឹង ឲ្យតែហៅថា បក្សនយោបាយ គឺបក្សនយោបាយ មិនថា តូច មិនថា ធំ គឺមានសិទ្ធិដូចៗគ្នា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា


មន្ដ្រីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា គណបក្សនយោបាយមានសិទ្ធិចូលរួមប្រកួតប្រជែងបោះឆ្នោត មិនថា គណបក្សនោះតូច ឬធំឡើយ ប៉ុន្ដែ លោកថា អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការគោរពដល់ឆន្ទៈប្រជាពលរដ្ឋ​ជាក់ស្ដែង។


នេះជាចំណុចមួយ ដែលឆ្លុះបញ្ចាំងពីការចូលរួម ប៉ុន្ដែ ការចូលរួមមួយវាអត់បានគ្រប់គ្រាន់ទេ សេរី ត្រឹមត្រូវ និងយុត្តិធម៌នៅត្រង់ណា ទី២ គឺឆន្ទៈប្រជាពលរដ្ឋ ការគោរពឆន្ទៈប្រជាពលរដ្ឋ មានន័យថា ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន មានន័យថា ត្រូវតែរក្សារបស់គាត់ អាហ្នឹង វាជារឿងត្រឹមត្រូវមួយ

លោក កន សាវាង្ស មន្ដ្រីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល


ទោះជាយ៉ាងណា សហគមន៍អន្ដរជាតិ និងប្រទេសចំនួន៤៥ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានព្រមាន​រួច​មក​ហើយ​ថា នឹង​មិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៩កក្កដាផងដែរ ប្រសិនបើគ្មានការដោះលែងអតីតមេដឹកនាំបក្សប្រឆាំងកំពុងជាប់ឃុំ លោក កឹម សុខា និងអនុញ្ញាតឲ្យអតីតបក្ស​ប្រឆាំង​បានចូលរួមការបោះឆ្នោតឡើងវិញ​នោះ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ប្រតិកម្មនឹងលោក សម រង្ស៊ី ដែលហៅបក្សតូចៗថា «បក្សអំពិលអំពែក»"

  1. people says:

    Mr sen’ you are the one made cambodia going deep of trouble’ you only destroyed democracy and serve your communist boss countries and suck all blood from cambodian people ‘ You are the worse dictator in Asea’ ‘you will be punished by GOD ‘