រូបភាព៖ លោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល (បណ្ដាញសង្គម)
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានបដិសេធថា អ្នកភូមិនៅខេត្តក្រចេះ មិនមែនពុលទឹកផ្ទុកទៅដោយសារធាតុគីមីពុលស្យានីតដូចដែលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានអះអាងនោះទេ ដោយថា អ្នកភូមិពុលថ្នាំគីមីកសិកម្ម។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានបន្ទោសទៅលើអាជីវកម្មរុករករ៉ែមាសនៅក្នុងខេត្តមណ្ឌលគិរីថា បានប្រើប្រាស់សារធាតុគីមីពុលស្យានីតនៅក្នុងសកម្មភាពរុករករ៉ែមាស ដែលបង្កឲ្យមានសារធាតុពុលនេះហូរចូលអាងទឹកព្រែកទេរ និងបង្ករឲ្យពលរដ្ឋពុល ក្រោយប្រើប្រាស់ទឹកនោះ។
លោកថា៖ «ឃើញកម្រិតនៅក្នុងទឹកហ្នឹង មានជាតិក្រូម។ អាក្រូមហ្នឹង ប៉ះពាល់ដល់គ្រឿងក្នុងយើងច្រើនណាស់។ ទី២ យើងឃើញស្យានីដទៀត។ ស្យានីដ គឺជាជាតិពុល អញ្ចឹង អាស្យានីដហ្នឹង វាមានពីណា យើងទៅស្រាវជ្រាវ ស្យានីដ គេប្រើសម្រាប់លាងមាសឲ្យស្អាត។ យើងទៅរកឃើញកន្លែងមួយចំនួន ដែលធ្វើរ៉ែមាស មានអាជ្ញាប័ណ្ណ មិនមានអាជ្ញាប័ណ្ណ ឃើញទាំងធុងស្យានីដនៅកន្លែងហ្នឹងទៀត»។
ប៉ុន្តែ នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានបដិសេធចំពោះការអះអាងបែបនេះ ដោយថា ការពុលស្លាប់នៅខេត្តក្រចេះ កន្លងមក បណ្ដាលមកពីពុលថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ ដែលប្រជាពលរដ្ឋបោះចោលនៅមាត់ស្ទឹង និងមាត់ព្រែកជាប់នៅទីកន្លែងនោះ។
លោក ស៊ុយ សែម អះអាងបន្តថា ក្រសួងបរិស្ថានបានយកឈាមអ្នកស្លាប់ទៅពិនិត្យនៅប្រទេសសិង្ហបុរី ប៉ុន្តែ ពុំបានរកឃើញសារ ធាតុគីមីស្យានីដនៅក្នុងឈាមអ្នកស្លាប់ទេ។
ពាក់ព័ន្ធនឹងរឿងនេះ នាយកប្រតិបត្តិមជ្ឍមណ្ឌប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង ចាត់ទុកការអះអាងផ្សេងគ្នានេះថា នឹងធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់ជំនឿលើរដ្ឋាភិបាល។
ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកភូមិ ១៣នាក់នៅស្រុកចិត្របុរី បានស្លាប់ ហើយ ២៣៤នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅតាមមន្ទីរពេទ្យកាលពីដើមខែឧសភានេះ ក្រោយពីមានអការៈឈឺពោះ ក្អួតចង្អោ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ ថប់ដង្ហើម សន្លប់ និងបណ្ដាលឲ្យស្លាប់៕
រូបភាព៖ ពីបណ្ដាញសង្គម