អ្នក​ភូមិ​មក​ពី​កំពង់ស្ពឺ​ជំរុញ​ក្រសួង​ពន្លឿន​ដំណោះ​ស្រាយ​ជុំ​វិញ​វិវាទ​ដី​ធ្លី​​ជិត​១០​ឆ្នាំ

| |
https://vodhotnews.com


ក្រុមពលរដ្ឋប្រមាណ៧០នាក់មកពីឃុំ៣ ក្នុងស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ បានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនដីជាថ្មីទៀត​នៅថ្ងៃនេះ ដើម្បីជំរុញទៅស្ថានប័ននេះ ឲ្យ​ពន្លឿនដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។

លោក អ៊ឹម ចេម ដែលអះអាងថា ជាតំណាងអ្នក​ភូមិ​ទាំង​នោះ បាន​ប្រាប់វីអូឌីនៅកន្លែងតវ៉ាថា ពលរដ្ឋ ២៨គ្រួសារនៅឃុំ​ហោងសំណំ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ចិន ហ្វ័រជូណា និងពលរដ្ឋ ៩៦គ្រួសារនៅឃុំសង្កែសាទប មានជម្លោះដីធ្លីជា​មួយក្រុមហ៊ុន អេច អិល អេច (HLH)។ ចំណែកពលរដ្ឋ ១៦៨គ្រួសារនៅឃុំត្រពាំងជោរ​មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់។


ពួកខ្ញុំស្វែងរកកិច្ចអន្តរាគមន៍អាជ្ញាធរថ្នាក់ក្រោមជាតិអស់ចិត្ត​អស់ចង់ហើយ ឥលូវមកថ្នាក់ជាតិនៅក្រសួងដែនដីនេះ១២ដងហើយ តែបានត្រឹមសន្យា។ ឥលូវឲ្យពួកខ្ញុំទុកចិត្តម៉េចបាន។​ អញ្ចឹង ខ្ញុំអំពាវនាវទៅលោក ជា សុផារ៉ា ជួយដោះស្រាយដីឲ្យប្រជាពលរដ្ឋបានបង្កបង្កើនផលវិញផង

លោក អ៊ឹម ចេម ជាតំណាងអ្នក​ភូមិ៣ ក្នុងស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ


ពលរដ្ឋម្នាក់ទៀតលោក ម៉ៃ ម៉េន និយាយថា ដីប្រជាពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនទាំងបីនោះ ជាប្រភេទដីស្រែ និងដីចម្ការ ដោយមានវិវាទរយៈពេលជិត ១០ឆ្នាំហើយ និង​មិនទាន់មានដំណោះស្រាយនោះទេ។

លោកបន្តថា ចាប់តាំងពីវិវាទមក ក្រុមពលរដ្ឋគ្មានដីសម្រាប់បង្កបង្កើនផលនោះទេ ដែលឲ្យពួកគាត់ធ្លាក់ខ្លួន​ក្រីក្រ និងជំពាក់បំណុលគេថែមទៀត។

លោកបន្ថែមថា៖ «ដីពួកខ្ញុំមានជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅហ្នឹងជាប្រភេទដីស្រែស្រាប់។ អញ្ចឹងបានថា ពួកខ្ញុំវាពិបាកគ្រប់សព្វយ៉ាងហើយ​ជំពាក់គេ ចុះយើងរវល់តែដើរតវ៉ា មិនបានរកស៊ី។ អញ្ចឹង មកលើកនេះ បើអត់មានដំណោះស្រាយ គឺនៅហ្នឹងហើយ»

វិអូឌីមិនអាចសុំការឆ្លើយតបពីតំណាងក្រុងហ៊ុនទាំងណាមួយបានទេជុំវិញរឿងវិវាទដីធ្លីនេះ ខណៈមន្រ្តីក្រសួងរៀបចំដែនដីសន្យាចុះទៅដោះស្រាយនៅខែក្រោយ។

ប្រធានក្រុមដោះស្រាយវិវាទដីធ្លី នៃក្រសួងរៀបចំដែននគររូបនីយកម្ម និងសំណង់ក្រុមទី៣៥ លោក ហេង រ៉ាន់ បានសន្យាមុខពលរដ្ឋថា៖


ខ្ញុំនឹងទៅដោះស្រាយដើមខែ៦ដើមសប្តាហ៍ ខ្ញុំជួបជាមួយឃុំហោងសំណំមុនគេ។ ខ្ញុំធ្វើការតាមដង្ហើមរបស់ខ្ញុំ បើមានពេលវេលា ខ្ញុំនឹងទៅដោះស្រាយបន្តបន្ទាប់ទៀត

អំឡុង​ពេល​នៃ​ការ​តវ៉ា​របស់ពលរដ្ឋ អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វី សំណាង បាន​ស្នើ​ទៅ​អ្នក​ភូមិ​ទាំង​នោះ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​ពួកគេ​វិញ ដោយ​សន្យា​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​ឆាប់ៗ ប៉ុន្តែ ក្រុម​អ្នក​ភូមិ​​ប្ដេជ្ញា​បន្ត​ការ​តវ៉ា​របស់​ពួកគេ​ទៀត ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles