រូបភាព៖ ទិដ្ឋភាពភូមិត្នោតជ្រុំ ត្រង់ចំណុចផ្លូវ២២BT (០២ កញ្ញា ២០១៧)
ភ្នំពេញបានស្ថិតលើដំណើរនៃការភិវឌ្ឍជាបន្តបន្ទាប់ ដែលអាចមើលឃើញតាមរយៈអគារខ្ពស់ៗ សំណង់ប្រណិតៗជាច្រើន ដែលកំពុងរីកស្គុះស្គាយនៅក្នុងក្រុងដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងរដ្ឋបាលមួយនេះ។ តែជាមួយភាពថ្កុំថ្កើន និងរីកចម្រើននេះ ភ្នំពេញហាក់មិនទាន់អាចដោះស្រាយបញ្ហាដែលកើតឡើងនៅលើដី ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋបាននៅឡើយទេ។
ក្រៅពីបញ្ហានៃការកកស្ទះចរាចរណ៍ ការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈជាប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកលក់ដូរ និងជាពិសេសបញ្ហាលិចទឹកក្រោយពេលមេឃភ្លៀង បានធ្វើឲ្យប្រជាពលរដ្ឋនៅភ្នំពេញខាតបង់ថវិកាជាច្រើនទៅលើបញ្ហាទាំងនេះ។
តំបន់វត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពន់ទី២ ជាឧទាហរណ៍មួយនៃបញ្ហាដែលរដ្ឋបាលរាជធានីភ្នំពេញមិនទាន់ដោះស្រាយបាននៅឡើយ ដោយពលរដ្ឋរស់នៅតំបន់នេះបញ្ជាក់ថា ជាង១០ឆ្នាំមកហើយ ពួកគេរស់នៅដោយការលំបាកជាមួយទឹកដែលហូរលិចផ្លូវនានានៃតំបន់នេះ ដែលការចំណាយទៅលើការខូចខាតចំពោះក្រុមគ្រួសាររបស់ពួកគេ គឺមិនតិចនោះទេ។
កំពុងអង្គុយជជែកគ្នាជាមួយអ្នកជិតខាងរបស់ខ្លួន អ្នកស្រី ហួន ងីម បានឲ្យអ្នកសារព័ត៌មាន VOD ដឹងថា តំបន់នេះ ក្រៅពីទឹកភ្លៀងបានហូរមកពីតំបន់ខ្ពស់ជាងហើយនោះ ទឹកក្នុងលូក៏ផុលចេញមកក្រៅផងដែរ ដែលជម្រៅលិចដល់ភ្លៅមនុស្សចាស់ និងបង្កឲ្យមានក្លិនស្អុយធ្វើឲ្យពិបាកទ្រាំជាខ្លាំង។
ខណៈចង្អុលទៅកាន់រ៉ឺម៉ក់កង់បីរបស់ប្តី អ្នកស្រីបន្ថែមថា ម៉ូតូនោះទើបតែប្តូរប្រេងម៉ាស៊ីនកាលពីម្សិលមិញដោយសារទឹកចូលម៉ាស៊ីន ខណៈអ្នកស្រីថា ពេលខ្លះមិនហ៊ានឲ្យកូនដើរទៅសាលានោះទេដោយសារទឹកជ្រៅពេក។
អ្នកស្រី ហួន ងីម៖ «កន្លែងនេះក៏លិចកន្លែងនោះក៏លិច បើមិនជឿបងឯងទៅសម្ភាសន៍ផ្ទះពលរដ្ឋនៅខាងក្រោមនោះទៅថា ទឹកលិចទាល់តែពួកគាត់អង្គុយសំកុកទាល់តែទឹកលិចវិញអស់បានគាត់គេង»។
ពលរដ្ឋម្នាក់ទៀត លោក សុខ គយ បានឲ្យដឹងថា ទឹកលិចនៅតំបន់នេះត្រូវចំណាយពេលពី ១យប់ទៅ ២ថ្ងៃទើបស្រកអស់ ខណៈឥវ៉ាន់ មនុស្ស និងសត្វត្រូវនាំគ្នាឡើងលើគ្រែទាំងអស់ ហើយពុំបានគេងនោះទេដោយសារចង្អៀតពេក។
លោកថា៖ «អង្គុយលើកៅអីទាំងអស់គ្នាអញ្ចឹងទៅ ដូចយប់មិញ។ វាមិនដល់លិចគ្រែទេតែត្រឹមៗជង្គង់អីវិន តែវាហូរចូលក្នុងបន្ទប់»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រីតួ ស្រីម៉ៅ ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ មានការលំបាកជាខ្លាំងដោយពេលទឹកលិចមិនអាចចេញទៅរកស៊ីបាន ហើយពិបាកកន្លែងគេង។
អ្នកស្រី ស្រីម៉ៅ៖ «និយាយរួមពិបាកមួយចប់ អត់កន្លែងសម្រានអីអញ្ចឹង ទាល់តែមានគ្រែបានស្រួលដេក បើយើងមានអត់អីទេ។ បើយើងមានច្រើនគ្នាត្រូវពិបាកអ្នកដេកអ្នកអីអញ្ចឹង»។
ជាអ្នកប្រកបរបរលក់ខោអាវ ខ្សែក្រវ៉ាត់ កាបូបតាមម៉ូតូ លោក ឈុន ពីង ប្រាប់ថា នៅរដូវភ្លៀងនេះ ក្នុងមួយសប្តាហ៍លោកអាចចេញទៅលក់ដូរបានតែ ៥ថ្ងៃប៉ុណ្ណោះដោយសារតែថ្ងៃខ្លះភ្លៀងសាចសម្ភារៈ និងទឹកចូលម៉ាស៊ីនម៉ូតូ។ លោកចង់ឲ្យអាជ្ញាធរស្តារលូរទឹកក្នុងតំបន់លោកឲ្យបានល្អប្រសើរជាងនេះ។
លោក ឈុន ពីង ប្រាប់ថា៖ «[…] ប៉ះពាល់ណាស់ រម៉ាស់ជើង ហើយសុទ្ធតែភក់នៅមុខបន្ទប់ ឲ្យតែពេលរាំងភ្លៀងបើកទឹកលាងហើយមុខបន្ទប់ហ្នឹង បើគិតទៅ ក្នុងមួយខែយ៉ាងហោចណាស់ ២គីបដែរលាងមុខបន្ទប់»។
ចៅសង្កាត់បឹងទំពន់ទី២ លោក លុក ជ័យ មានប្រសាសន៍ថា បញ្ហានៅតំបន់វត្តដំបូកខ្ពស់ លោកបានស្នើសុំទៅកាន់សាលាខណ្ឌមានជ័យរកដំណោះស្រាយរួចរាល់ហើយ ដោយថា នាពេលខាងមុខ នឹងមានក្រុមការងារបច្ចេកទេសនឹងចុះមកពិនិត្យទីតាំង និងស្តារលូជូនប្រជាពលរដ្ឋ តែលោកមិនទាន់អាចបញ្ជាក់ពេលវេលាបាននៅឡើយទេ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមលោក សន ជ័យ មានប្រសាសន៍ថា មូលហេតុដែលបណ្តាលឲ្យមានការជន់លិចនេះមកពីការរៀបចំប្រព័ន្ធលូ មិនបានត្រឹមត្រូវ ជាពិសេសការចាក់លុបប្រលាយមេដែលធ្វើឲ្យទឹកហូរយឺតពេលភ្លៀង។ លោកបន្ថែមថា រដ្ឋបាលរាជធានី គួរតែលើកយកការរៀបចំប្រព័ន្ធលូជាវិស័យអាទិភាពក្នុងការអភិវឌ្ឍសម្រាប់ឆ្នាំ២០១៨នេះ។
ជាច្រើនឆ្នាំមកហើយ តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ តែងតែជន់លិចដោយសារជំនន់ទឹកភ្លៀង ខណៈអ្នកជំនាញរិះគន់ថា ការជន់លិចនេះ គឺបណ្តាលមកពីការលុបបឹងនានាក្នុងរាជធានីដែលជាកន្លែងស្តុកទឹកបណ្តោះអាសន្ន។
ទោះជាយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញតែងតែអះអាងថា ជំនន់ទឹកភ្លៀងនេះត្រូវបានកាត់បន្ថយជាបណ្តើរៗហើយ តាមរយៈការបង្កើនស្ថានីយបូមទឹក និងបង្កើនសមត្ថភាពបូមរបស់វា៕