
ពលរដ្ឋពុលទឹកនៅក្រចេះ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ កាលពីសប្តាហ៍មុន។ រូបថត នរគបាល
Wed, 23 May 2018
ឃុត សុភចរិយា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម បានឲ្យដឹងថា ករណីពុលស្លាប់ប្រជាពលរដ្ឋ ១៤ នាក់និងជិត ៣០០ នាក់បានធ្លាក់ខ្លួនឈឺក្នុងខេត្តក្រចេះកាលពីដើមខែឧសភានេះពុំមានពាក់ព័ន្ធទៅនឹងសារធាតុស្យានីដនោះទេ។
ការអះអាងនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ៣ ថ្ងៃក្រោយពីលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម បានប្រកាសអំពីលទ្ធផលនៃការរកឃើញសារធាតុស្យានីដ នៅក្នុងទឹកដែលត្រូវបាននាំមកពីតំបន់រងគ្រោះ។
លោក ស៊ុយ សែម បានថ្លែងថា ពាក់ព័ន្ធករណីពុលនៅខេត្ត ក្រចេះ កាលពីពេលកន្លងមកនេះ គឺខាងក្រសួងបរិស្ថាន បានយកឈាមអ្នកស្លាប់យកទៅពិនិត្យនៅប្រទេស សិង្ហបុរី ហើយរកពុំឃើញមានសារធាតុស្យានីដនៅក្នុងឈាមរបស់ជនរងគ្រោះនោះទេ ប៉ុន្តែ គេបានរកឃើញជាតិពុលផ្សេងៗ ដូចដែលក្រសួង សុខាភិបាល ពិនិត្យឃើញ និងបានបញ្ជាក់រួចហើយកាលពីពេលថ្មីៗនេះថា ការស្លាប់របស់ប្រជាពលរដ្ឋក្នុងឃុំកន្តួត ស្រុកចិត្របុរី ខេត្តក្រចេះនោះគឺដោយសារថ្នាំពុលសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ រួមចំណែកមួយចំនួន និងស្រាដែលមានសារធាតុមេតាណុលខ្ពស់លើសកម្រិត។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «…យកទៅពិនិត្យនៅ Singapore មើលអស់ហើយ អត់មានជាតិស្យានីដហ្នឹងទេ អត់មាន ស្យានីដ នៅក្នុងឈាមទេគឺជាតិពុលផ្សេងៗដែលក្រសួងសុខាភិបាលមានភារកិច្ចពិនិត្យហ្នឹងគឺដូចគាត់និយាយអ៊ីចឹងគឺថ្នាំពុលសម្លាប់សត្វល្អិតថ្នាំសម្លាប់ស្មៅ»។
លោកបញ្ជាក់ថា៖ «នៅក្បែរស្ទឹងដែលគេធ្វើ ខាងខ្ញុំ ក៏ទៅថតបានដែរធុងថ្នាំកម្ចាត់ស្មៅ កម្ចាត់សត្វល្អិត រាប់រយធុងនៅមាត់ស្ទឹង មាត់ព្រែក ហ្នឹងក៏វារួមចំណែកមួយចំនួន…ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន បានខិតខំធ្វើការងាររបស់ខ្លួនតាមភារកិច្ចទទួលខុសត្រូវរបស់ខ្លួនអត់មានព្រងើយកន្តើយទេ»។
ទោះជាបែបណាក្ដីលោក ស៊ុយ សែម ពុំបានបញ្ជាក់អំពីអត្តសញ្ញាណរបស់មន្ទីរពិសោធន៍នៅក្នុងប្រទេស សិង្ហបុរី ដែលខាងក្រសួងបរិស្ថានបាននាំយកសំណាកឈាមជនរងគ្រោះដែលស្លាប់នោះទៅពិសោធនោះទេ។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានមិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីម្សិលមិញ។
លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្យាហកម្ម និងសិប្បកម្មបានថ្លែង កាលពីម្សិលមិញថា តាមរយៈការធ្វើពិសោធលើសំណាកទឹកដែលក្រសួងរបស់លោក នាំយកពីប្រភពទឹកព្រែកទេ និង អូរគគីរជាទីដែលមានផ្ទុះករណីពុលដ៏ចម្រូងចម្រាសខាងលើនេះគឺ «ពិតជាមានសារធាតុស្យានីដ» ប៉ុន្តែលោកបានទទួលស្គាល់ថា ក្រសួងរបស់លោកពុំបាននាំយកសំណាកឈាមរបស់ជនរងគ្រោះណាម្នាក់ក្នុងករណីពុលនៅក្នុងតំបន់ខាងលើនោះមកពិសោធនោះទេ។
លោកបញ្ជាក់ថា៖ «ក្រុមការងារនៃមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជាយើងពិតជាបានពិនិត្យឃើញមានសារធាតុស្យានីដនៅក្នុងទឹកដែលយើងបាននាំមកពីតំបន់រងគ្រោះនោះមែន ហើយការផ្សព្វផ្សាយអំពីការរកឃើញសារធាតុនេះមិនមែនឆ្លុះបញ្ចាំងថាជនរងគ្រោះដែលឈឺ និងស្លាប់នៅក្នុងខេត្តក្រចេះកន្លងមកនេះគឺបណ្ដាលមកពីពុលសារធាតុនេះទេ ប៉ុន្តែជាការជួយអន្តរាគមន៍ត្រួតពិនិត្យ និងទប់ស្កាត់ការពុលរីករាលដាលតទៅទៀតតាមរយៈការប្រើប្រាស់ទឹកពីព្រែក និងអូរខាងលើនេះ»។
កាលពីដើមខែឧសភានេះប្រជាពលរដ្ឋនៅភូមិ ស្រែនន និង ភូមិអាលច ឃុំកន្តួត ស្រុកចិត្របុរី ប្រមាណ ៣០០ នាក់បានឈឺពោះ ក្អួតចង្អោរ ឈឺក្បាល ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ដង្ហើមត្រូវបានបញ្ជូនទៅព្យាបាលជាបន្តបន្ទាប់នៅមន្ទីរពេទ្យខេត្តក្រចេះ និងមន្ទីរពេទ្យកាល់ម៉ែតក្នុងទីក្រុងភ្នំពេញ និងដែលបានបណ្ដាលឲ្យអ្នកជំងឺ ១៤ នាក់ស្លាប់។ អាការជំងឺដ៏ចម្លែកនេះត្រូវបានគេសង្ស័យថាបង្កឡើងដោយសារករណីពុលស្រា និងពុលទឹក។
ក្រោយពីមានការសង្ស័យលើករណីនេះមន្ត្រីជំនាញជាច្រើនស្ថាប័នដែលក្នុងនោះក៏មានក្រសួងសុខាភិបាលផងដែរបានចុះពិនិត្យអង្កេតទៅដល់តំបន់កើតហេតុដោយបាននាំយកសំណាកមួយចំនួនរួមមានស្រាស និង ទឹកដែលអ្នកភូមិបានដងពីព្រែកទេ និង អូរគគីរមកប្រើប្រាស់ និងបរិភោគនោះមកធ្វើការវិភាគស្វែងរកការពិត។
ជាមួយគ្នានេះអាជ្ញាធរខេត្តក្រចេះ កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៨ បានចេញសេចក្ដីជូនដំណឹងជាបន្ទាន់មួយដោយហាមឃាត់ក្រុមអ្នកធ្វើអាជីវកម្ម ផលិត និង លក់ចែកចាយស្រាស បញ្ឈប់ជាបណ្ដោះអាសន្ននូវចង្វាក់ផលិតកម្ម និងសេវាកម្មរបស់ខ្លួនព្រមទាំងអំពាវនាវដល់ពលរដ្ឋនៅក្នុងតំបន់រងគ្រោះទាំងនោះបញ្ឈប់ការទទួលទានស្រាស និងទឹកដែលមានប្រភពពីព្រែកទេ និងអូរគគីរជាបណ្ដោះអាសន្នផងដែរដើម្បីកាត់បន្ថយការីករាលដាលនៃជនរងគ្រោះ។
នៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០១៨ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានប្រកាសឲ្យដឹងពីលទ្ធផលនៃការពិសោធលើសំណាកស្រាស និងទឹកដែលបាននាំមកពីតំបន់រងគ្រោះខាងលើនេះក្នុងនោះស្រាសត្រូវបានគេរកឃើញមានសារធាតុ «មេតាណុល» រីឯទឹករកឃើញមានសារធាតុ «ក្រូម និងនីទ្រីត» ដែលសារធាតុគីមីទាំង ២ នេះមាននៅក្នុងថ្នាំបាញ់សម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត។
ប៉ុន្តែលោក ចម ប្រសិទ្ធ កាលពីថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០១៨ បានថ្លែងថា ក្រៅពីសារធាតុទាំងនេះក្រុមមន្ត្រីជំនាញរបស់លោកបានរកឃើញមានសារធាតុ «ស្យានីដ» ដែលត្រូវបានគេប្រើប្រាស់នៅក្នុងអាជីវកម្មអណ្ដូងរ៉ែមាសនៅក្នុងទឹកនោះផងដែរ។
លោកបញ្ជាក់ថា៖ «អ្នកខ្លះបន្ទោសថាសារជាតិក្រូមបណ្ដាលមកពីអ្នកប្រើថ្នាំសម្លាប់ស្មៅនៅក្នុងកសិដ្ឋានផ្នែកខាងលើព្រែកទេ ដូច្នេះនៅពេលភ្លៀងសារធាតុក្រូម ហូរចូលព្រែក ប៉ុន្ដែ ថ្នាំសម្លាប់ស្មៅនេះអត់មានសារធាតុស្យានីដទេ។ យើងទៅស្រាវជ្រាវពីសារធាតុស្យានីដសម្រាប់លាងសម្អាតមាសរហូតទៅដល់ខេត្តមណ្ឌលគិរីហើយយើងបានឃើញកន្លែងមួយចំនួនធ្វើរ៉ែមាសទាំងមានអាជ្ញាប័ណ្ណទាំងមិនមានអាជ្ញាប័ណ្ណ ហើយឃើញទាំងធុងសារធាតុស្យានីដនៅទីនោះ»។
លោកបានបន្ថែមថា៖ «ពួកគេបានប្រើវាហើយអត់មានប្រព័ន្ធការពារអីទេ។ ដល់ពេលភ្លៀងមកអត់មានអាងស្ដុក អ៊ីចឹងសារធាតុស្យានីដនោះវាហូរធ្លាក់ចូលទៅក្នុងព្រែកបណ្ដាលឲ្យទឹកព្រែកពុល»។
ជុំវិញករណីនេះក្រុមអធិការកិច្ចនៃក្រសួងបរិស្ថាន និងក្រសួងរ៉ែរួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យការធ្វើអាជីវកម្មអណ្ដូងរ៉ែមាសនៅតំបន់ចុងផ្លាស់ ស្រុកកែវ សីមា ខេត្តមណ្ឌលគិរី ដែលនៅទីនោះមានក្រុមហ៊ុនចិនមួយឈ្មោះ រ៉ុង ឆេង ត្រូវបានគេសង្ស័យថា មានលួចលាក់ប្រើប្រាស់ និងបង្ហូរកាកសំណល់សារធាតុ ស្យានីដ ចូលទៅក្នុងប្រព័ន្ធព្រែក និងអូរធម្មជាតិដោយពុំមានការចម្រោះ ឬបន្សាបជាតិពុលជាមុន។ គិតរហូតមកទល់ល្ងាចម្សិលមិញការចុះត្រួតពិនិត្យនៅក្នុងតំបន់នោះនៅមិនទាន់ចប់សព្វគ្រប់នៅឡើយទេ៕