លោក​ សុខ ឥសាន ​ថា​លោក​ សម រង្ស៊ី ជ្រៀតជ្រែក​កិច្ចការ​ព្រះមហាក្សត្រ

លោក សម រង្ស៊ី ចូល​គាល់​ព្រមហាក្សត្រ នរោត្តម សីហមុនី កាល​ពី​ឆ្នាំ ២០១៣។ រូបថត AFP




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រតិកម្ម​ទៅ​លើ​លិខិត​របស់​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​សរសេរ​ទៅ​កាន់​ព្រះមហាក្សត្រ​ដែល​បាន​ស្នើសុំ​ព្រះអង្គ​កុំ​ឲ្យ​ដាក់​សម្ពាធ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​មាន​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​នេះ​។

លោក ឥសាន ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ឃើញ​ថា​វា​ជា​ចរិត​ទុច្ចរិត​របស់ សម រង្ស៊ី ដែល​ជ្រៀតជ្រែក​ចូល​កិច្ចការ​ព្រះមហាក្សត្រ​ជា​ការ​រំខាន​ដល់​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​។ ការអំពាវនាវ​ការ​ធ្វើ​លិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ​នេះ វា​បញ្ជាក់​ច្បាស់​ហើយ​ថា ទណ្ឌិត សម រង្ស៊ី បរាជ័យ​ផ្ទួនៗ ហើយ​ចុងក្រោយ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ថា នៅ​ផ្ទះ​ឈ្នះ​ឯង ប្រជាពលរដ្ឋ​ណា​ទៅ​ជឿ​តាម​គាត់​នោះ​»​។

លោក សម រង្ស៊ី កាលពី​សប្តាហ៍​មុន​បាន​សរសេរ​លិខិត​មួយ​ថ្វាយ​ព្រះមហាក្សត្រ​ស្នើសុំ​ព្រះអង្គ​កុំ​ឲ្យ​ដាក់​សម្ពាធ​លើ​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ការអំពាវនាវ​ទៅ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​។ លិខិត​សរសេរ​ជា​ភាសា​បារាំង ចុះ​ថ្ងៃទី​ ២៣ ឧសភា ហើយ​ត្រូវ​បាន​បង្ហោះ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​អម​ជាមួយ​លិខិត​នោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​ ២៤ ឧសភា​។

លិខិត​នោះ​សរសេរ​ថា​៖ «​ទូលព្រះបង្គំ​សូម​ព្រះរាជានុញ្ញាត​សរសេរ​លិខិត​នេះ​ថ្វាយ​ព្រះអង្គ​ដើម្បី​សូម​ស្នើ​ព្រះអង្គ​កុំ​ធ្វើ​តាម​អ្វី​ដែល​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​ស្នើ​ព្រះអង្គ​ឲ្យ​ធ្វើ​អន្តរាគមន៍ ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ថ្ងៃ​ ២៩ កក្កដា​ខាង​មុខ​នេះ​»​។

លោក សម រង្ស៊ី អធិប្បាយ​ថា​ការបោះឆ្នោត​ថ្ងៃ​ ២៩ កក្កដា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ និង​ជា​ឆាកល្ខោន​ដោយ​ផ្តល់​អំណះ​អំណាង​ថា ដោយសារ​តែ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​គឺ​គណបក្ស​សង្គ្រោះជាតិ​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ ក្រោម​ការចោទប្រកាន់​ពី​បទ​ «​ក្បត់ជាតិ​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការ​ស្រាយ​បំភ្លឺ​ពី​លោក​ គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​លោក អ៊ុំ តារាវុធ សមាជិក ខុទ្ទកាល័យ​ព្រះមហាក្សត្រ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​បាន​អះអាង​ថា​លោក សម រង្ស៊ី បាន​បញ្ចេញ​លិខិត​នោះ​នៅលើ​ហ្វេសប៊ុក​មួយ​ថ្ងៃ​ក្រោយ​ពេល​លោក​សរសេរ​ទៅ​ព្រះមហាក្សត្រ​។

លោក ម៉ុងហៃ ថ្លែង​ថា​លោក សម រង្ស៊ី គួរតែ​រក្សា​ភាព​ស្ងប់ស្ងៀម​រហូត​ដល់​លោក​ទទួល​បាន​ដំណឹង​ថា លិខិត​នោះ​បាន​ទៅ​ដល់​ព្រះមហាក្សត្រ​។

លោក ហង្ស វិទូ អ្នក​វិភាគ​ម្នាក់​ទៀត​យល់​ថា លិខិត​របស់​លោក សម រង្ស៊ី គ្រាន់តែ​ជា​លិខិត​បែប​បុគ្គល​ផ្ទាល់​ខ្លួន​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ប៉ុណ្ណោះ ហើយ​គ្មាន​បុគ្គល​ណា​អាច​បង្ខំ​ព្រះមហាក្សត្រ​ឲ្យ​ធ្វើ​អ្វី​មួយ​​បាន​ឡើយ​។

លោក ហង្ស វិទូ ថ្លែង​ថា​៖ «​និយាយ​ពី​ឥទ្ធិពល​មិន​មាន​ឥទ្ធិពល​អ្វី​លើ​អង្គ​ព្រះមហាក្សត្រ​ទេ​។ តែ​ចំពោះ​ប្រជាពលដ្ឋ​ខ្មែរ​នៅ​មាន​អ្នក​គាំទ្រ​ច្រើន​គួរសម​»៕


Contact author: នៀម ឆេង

What Next?

Recent Articles