ដោយ មាន ឫទ្ធិ
2018-05-28
RFA

ទីតាំងធ្វើរ៉ែមាសខុសច្បាប់នៅភូមិអន្ទ្រងសាមគ្គីមានជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ រូបថតថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។ Photo ADHOC
![]()
អ្នកឃ្លាំមើលបរិស្ថាន និងពលរដ្ឋដែលរងគ្រោះពុលទឹកព្រែកទេរ ព្រួយបារម្ភជាថ្មីទៀត ពីភាពកម្សោយនៃការអនុវត្តច្បាប់របស់របបក្រុងភ្នំពេញ ទៅលើក្រុមហ៊ុនចិន រ៉ុង ឆេង និង អ្នកមានអំណាចមួយចំនួន ដែលបានធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់។ មន្ត្រីសង្គមស៊ីវិលសំដែងការខកចិត្តនៅពេលដែលឃើញរដ្ឋាភិបាលអះអាងថា ពលរដ្ឋស្លាប់ដោយសារពុលស្រា និងថ្នាំសម្លាប់ស្មៅ។ ពួកគេបារម្ភថាប្រព័ន្ធដឹកនាំរបបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មានសមត្ថភាពគ្រប់គ្រងវិស័យរ៉ែបម្រើប្រយោជន៍ សង្គមជាតិ និងពលរដ្ឋឱ្យប្រសើរនោះទេ ប៉ុន្តែ បណ្ដោយឱ្យក្រុមហ៊ុនចិនធ្វើអាជីវកម្មរ៉ែទាំងខុសច្បាប់ បង្កគ្រោះថ្នាក់បរិស្ថាន និងអាយុជីវិតពលរដ្ឋ។
អ្នកឃ្លាំមើលបរិស្ថាននៃអង្គការមិនមែនរដ្ឋាភិបាល សម្ដែងការខកចិត្តនៅគ្រាដែលក្រសួងចំនួន ៣ បានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នាស្ដីពីលទ្ធផលនៃការស្រាវជ្រាវ ករណីពលរដ្ឋស្លាប់ជិត ២០នាក់ និងជាង ៣រយនាក់ ធ្លាក់ខ្លួនឈឺនៅខេត្តក្រចេះ គឺបណ្ដាមកពី ពុលស្រាស និងថ្នាំសម្លាប់ស្មៅ និងសត្វល្អិត។ ពួកគេចាត់ទុកការបកស្រាយនេះគឺជាលេស គេចវេះពីការទទួលខុសត្រូវរបស់អាជ្ញាធរពាក់ព័ន្ធ ហើយក្រុមហ៊ុនចិន និងអ្នកមានឥទ្ធិពលធ្វើអាជីវកម្មរ៉ែមាស នៅតែរួចខ្លួនដដែល។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) គ្មានទំនុកចិត្តលើសមត្ថភាពរបបលោក ហ៊ុន សែន ក្នុងការស្វែងរកការពិតករណីពលរដ្ឋពុលស្លាប់នៅក្រចេះនោះទេ បែរជាព្យាយាមបង្វែរសំណុំរឿងនេះព្រោះខ្លាចប៉ះពាល់របបរកស៊ីក្រុមហ៊ុនចិន។ លោកកត់សម្គាល់ថា កន្លងទៅក្រុមហ៊ុនមួយចំនួនធ្វើអាជីវកម្មរ៉ែ ប៉ះពាល់អាយុជីវិតពលរដ្ឋ និងបរិស្ថាន មិនដែលឃើញមានស្ថាប័នណាមួយរកអ្នកពាក់ព័ន្ធមកទទួលខុសត្រូវនោះទេ។ «»
លោក អាឡិក ផ្តល់មតិថា បើលោក ហ៊ុន សែន ចង់ដោះស្រាយរឿងនេះ គ្មានអ្វីលំបាកនោះទេ ត្រូវចុះមូលដ្ឋានផ្ទាល់ និងបញ្ឈប់សកម្មភាពរ៉ែមាសនៅតំបន់នោះទាំងអស់ និងស្វែងរកអ្នកពាក់ព័ន្ធឱ្យមកទទួលខុសត្រូវតាមច្បាប់ មិនត្រូវធ្វើរបាយការណ៍ក្លែងក្លាយ កុហកសាធារណជននោះទេ។ លោកបារម្ភថា ប្រសិនបើពុំមានការតាមដាន ពីភាពមិនប្រក្រតីនៃអាជីវកម្មរ៉ែមាសនៅតំបន់នោះទេ ក្រុមហ៊ុនចិននឹងឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើអាជីវកម្មរ៉ែមាសដដែលៗ ហើយពលរដ្ឋនៅតែរងគ្រោះធ្ងន់ធ្ងរ។ «»
កាលពីថ្ងៃទី២៤ ឧសភា រដ្ឋមន្ត្រី ៣ក្រសួង គឺក្រសួងសុខាភិបាល ក្រសួងរ៉ែ និងថាមពល និង ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្ដីប្រកាសព័ត៌មាន ក្នុងលិខិតកន្លះទំព័រ ដោយបញ្ជាក់ថា ពលរដ្ឋពុលបង្កឱ្យស្លាប់ និងឈឺ គឺបណ្ដាលមកពីស្រាស ដែលលក់នៅមូលដ្ឋានមានសារធាតុមេតាណុលកម្រិតខ្ពស់ និងការពុលទឹកព្រែកទេរ មានសារធាតុគីមី បណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងសត្វល្អិត។ ការចេញសេចក្ដីប្រកាសព័ត៌មាននេះ គឺក្រោយពេលដែល លោក ហ៊ុន សែន បានព្រមានរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធិ ដែលបានលាតត្រដាង ករណីពលរដ្ឋពុលគឺបណ្ដាលមកពីប្រើសារធាតុគីមី ហ្សានីដ (Cyanide) ពីសំណាក់ក្រុមហ៊ុនរុករករ៉ែនៅខ្សែទឹកខាងលើ។
ពលរដ្ឋរងគ្រោះដោយសារពុលទឹកព្រែកទេរ រស់នៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ឱ្យដឹងនៅថ្ងៃទី២៨ ឧសភា ថា ក្រោយពីកើតមានបាតុភាពនេះ ពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមខ្វះប្រភពទឹកប្រើប្រាស់ លំបាកចិញ្ចឹមសត្វពាហនៈ និងមិនអាចរកត្រីសាច់បរិភោគក្នុងទឹកអូរ និងព្រែកបាននោះទេ។ លោកថា អ្នកភូមិសំណូមពរទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ បញ្ឈប់អាជីវកម្មរ៉ែមាសនៅខ្សែទឹកខាងលើ និងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធឱ្យមកទទួលខុសត្រូវតាមផ្លូវច្បាប់។ «»
ពលរដ្ឋរស់នៅតំបន់អាជីវកម្មរ៉ែមាសស្រុកកែវសីមា ថ្លែងសុំមិនបញ្ចេញឈ្មោះ បារម្ភថា អ្នកភូមិនៅឃុំចំនួន៣ នៃស្រុកកែវសីមា កំពុងភ័យព្រួយ បញ្ហាប្រឈមសព្វបែបយ៉ាង នៅគ្រាដែលក្រុមហ៊ុនបង្ហូរគីមីចូលទឹកអូរដែលជាកន្លែងពួកគេអាស្រ័យផល បណ្ដាលឱ្យទឹកអូរជាច្រើនខ្សែមានជាតិពុល ប្រើប្រាស់មិនបាន។ ចំណែកសត្វពាហនៈអ្នកភូមិងាប់ ជាបន្តបន្ទាប់នៅគ្រាដែលផឹកទឹកអូរនោះ។ លោកថា អ្នកភូមិមិនទុកចិត្តអាជ្ញាធរមូលដ្ឋាន ក្នុងការស្វែងរកដំណោះស្រាយ ពីផលប៉ះពាល់នានានោះទេ ព្រោះអាជីវកម្មរ៉ែមាសនៅតំបន់នោះមានលក្ខណៈធំធេង និងស្មុគស្មាញ ហើយក្រុមហ៊ុនចិន បានប្រើទុនវិនិយោគរ៉ែមាសផ្លូវងងឹត រាប់លានដុល្លារ និងបានឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធមួយចំនួន។ «»
អភិបាលរងខេត្តមណ្ឌលគិរី លោក ចាន់ ថា ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២២ ឧសភា ថា ក្រុមហ៊ុនចិនឈ្មោះ រ៉ុង ឆេង ពុំទាន់មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មរុករករ៉ែមាសនៅឡើយទេ។ លោកថា អាជ្ញាធរ ខេត្តបានសម្រេចផ្អាកអាជីវកម្មរុករករ៉ែមាស នៅតំបន់នោះទាំងអស់ជាបណ្ដោះអាសន្ន រួមទាំងអាជីវកម្មលក្ខណៈសហគមន៍ផង។ លោកបន្ថែមថា ប្រសិនបើសហគមន៍ប្រទះឃើញក្រុមហ៊ុនចិនធ្វើអាជីវកម្ម ហួសពីអាជ្ញាប័ណ្ណ សហគមន៍អាចដាក់ពាក្យប្ដឹងទៅអាជ្ញាធរខេត្តចាត់វិធានការច្បាប់។
រហូតមកដល់ពេលនេះពុំទាន់មានភាគីណា ក្រុមហ៊ុន ឬរដ្ឋាភិបាលចេញមុខស្វែងរកដំណោះស្រាយរកសំណងថវិកាជួយដល់ជនរងគ្រោះចំនួន ១៨នាក់ ដែលស្លាប់ដោយសារពុលទឹកនោះនៅឡើយទេ បើទោះជាមានការអំពាវនាវពីសង្គមស៊ីវិលក៏ដោយ៕
That poison infiltrate everywhere, one of the day
It go into our body by food and water, the rich and
The poor people. Please ban this poison.