តុលាការ និងច្បាប់
|
https://www.vodhotnews.com
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកែប្រែជំហររបស់លោកឡើងវិញមួយថ្ងៃប៉ុណ្ណោះក្រោយពីលោកបានបង្ហាញបំណងចង់ឲ្យមានទោសប្រហារជីវិតនៅក្នុងប្រទេសកម្ពុជាឡើងវិញដើម្បីដាក់ទោសទៅលើជនរំលោភផ្លូវភេទលើកុមារីកម្ពុជា។
លោក ហ៊ុន សែន បានបង្ហាញនូវសេចក្ដីសម្រេចចិត្តថ្មីរបស់លោកបែបនេះអំឡុងពេលលោកថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃនេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំករុណាខ្ញុំបានទទួលយកថា មិនមានការចាំបាច់ដើម្បីនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបែបនេះបន្ទាប់ពីលោកបានតាមដានមតិពីអ្នកវិភាគ ៣រូប មានលោកមេធាវី សុក សំអឿន ស្ថាបនិកវេទិកាអនាគតយុវជនលោក អ៊ូ វីរៈ និងប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច។
បើទោះជាគ្មានការកែប្រែឲ្យមានទោសប្រហារជីវិតលើជនរំលោភផ្លូវភេទកុមារមែន ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យបង្កើនការអប់រំខាងសីលធម៌ និងបង្កើនការអនុវត្តច្បាប់ឲ្យបានតឹងរឹងទៅលើជនប្រព្រឹត្តអំពើរំលោភផ្លូវភេទលើកុមារដើម្បីទប់ស្កាត់បញ្ហាមួយនេះ។
លោក ហ៊ុន សែន ថ្លែងបន្តថា៖ «ប៉ុន្តែ អ្វីដែលគួរធ្វើ ទី១ គឺត្រូវបង្កើនការអប់រំ បញ្ជ្រាបសីលធម៌ គុណធម៌ ដើម្បីឲ្យមានតម្លៃជាមនុស្សពិតប្រាកដ កុំធ្វើចរឹតប្រពឹត្តអំពើបាបតាមបែបតិរិច្ឆាន។ […]ឯចំណុចទី២ គឺការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកធ្វើអំពើបាបតាមបែបតិរិច្ឆាននេះ»។
ក្រៅពីសម្រេចបែបនេះហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្ទោសបញ្ហានេះទៅលើបញ្ហាការសេពគ្រឿងញៀន និងគ្រឿងស្រវឹងនៅក្នុងសង្គមកម្ពុជាដែលជំរុញឲ្យមានបញ្ហារំលោភបំពានផ្លូវភេទលើកុមារី។
ទោសប្រហារជីវិតសម្រាប់បទល្មើសឧក្រិដ្ឋទាំងអស់ត្រូវបានលុបបំបាត់ចោលកាលពីឆ្នាំ១៩៨៩ នៅពេលដែលកម្ពុជាស្ថិតក្នុងដំណាក់កាលផ្លាស់ប្ដូរពីរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅជារដ្ឋកម្ពុជា។
រដ្ឋធម្មនុញ្ញកម្ពុជាដែលកើតឡើងក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងក្រោយការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ក៏បានចែងអំពីការលុបបំបាត់ចោលទោសប្រហារជីវិតសម្រាប់បទល្មើសទាំងអស់ផងដែរ៕