បក្ស​​ខ្លះ​​​​​ថា​ អាច​​​ឈ្នះ​​អាសនៈ​​ខ្លះ​​ក្នុង​​ការ​​បោះ​ឆ្នោត​​អសកល​​ខាង​​មុខ​ ខណៈ​​សង្គម​​ស៊ីវិល​​ថា​ CPP​ នឹង​​ឈ្នះ​​ទាំង​​ស្រុង​


|
https://www.vodhotnews.com

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៦

គណបក្ស​នយោបាយ​​មួយ​ចំនួន​ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​អសកល​នា​ពេល​ខាង​មុខ​នេះ បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ពួកគេ​​នឹង​អាច​ទទួល​បាន​អាសនៈ​មួយ​ចំនួន​នៅ​ក្នុង​ការក្រុម​ប្រឹក្សា​រាជ​ធានី-ខេត្ត ក្រុង​-ស្រុក-ខណ្ឌ ប៉ុន្តែ ​សង្គម​ស៊ីវិលពុំ​មើល​ឃើញ​ដូច​ពួកគេ​នោះ​ឡើយ។

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ខេត្ត រាជធានី-ក្រុង ស្រុក-ខណ្ឌ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៦ ខែ​ឧសភា​ខាង​មុខនេះ ​​ជា​ការ​បោះឆ្នោត​អ​សកល​ដែល​មាន​អង្គ​បោះឆ្នោត​ជា​សមាជិក​ជាប់​ឆ្នោត​នៅ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​។

​បញ្ជី​គណបក្ស​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះមាន​គណបក្ស​ចំនួន​៧​​ហើយ​ បាន​ចុះ​បញ្ជី​ត្រៀម​បោះឆ្នោតមួយនេះ។

អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ លោក ណុប សុធារិទ្ធ បាន​ឲ្យ​ដឹង​ថា ​គណបក្ស​រាជា​និយមមួយ​នេះ មាន​ក្តី​សង្ឃឹម​ពី​ការ​បោះឆ្នោត​នេះ ​ដោយ​សារ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​កន្លង​ទៅ ​គណបក្ស​ក៏​បាន​ទទួល​អាសនៈ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ ​ដែល​ជា​អង្គ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ​ផង​ដែរ។

លោក ណុប សុធារិទ្ធ ប្រាប់​ថា៖ «គណបក្សយើងបានគណនារួចហើយ យើងឃើញថា យើងនឹងអាចទទួលបានអាសនៈនៅតាមខេត្ត និងរាជធានីមួយចំនួន ដូចជា ខេត្តកណ្ដាល បាត់ដំបង កំពង់ធំ សៀមរាប អីហ្នឹង។ យើងគណនារួចស្រេចហើយថា យើងនឹងទទួលបានអាសនៈ តែទោះជាយ៉ាងណា យើងអត់ទាន់លម្អិតទេ ​[អាសនៈដែលទទួលបានប៉ុន្មាន]»

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក ពេជ្រ ស្រស់ មាន​ប្រសាសន៍​ថា ​ការ​ចូលរួម​របស់​គណបក្ស​លោក​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ខេត្ត​-រាជធានី​នេះ​ គឺចង់​បង្ហាញ​សាធារណ​ជន​ថា​ គណបក្ស​លោក​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​ក្នុង​ការ​ដឹក​នាំ និង​បំពេញ​លក្ខណៈ​ដល់​អង្គ​បោះឆ្នោត​​គណបក្ស​លោក​ដែល​មាន ​៣​រូប​នៅ​ស្រុក​អូររាំងឪ​ផង​ដែរ​។

លោក ពេជ្រ ស្រស់ ប្រាប់ថា៖ «វិទ្យាសាស្ត្រនយោបាយមិនមែនចាំតែឈ្នះ បានយើងចូលរួមប្រកួតប្រជែងឯណា? ការចូលរួមប្រកួតប្រជែង គឺសំដៅលើឆន្ទៈ គឺយើងបង្ហាញដល់ម្ចាស់ឆ្នោតថា គណបក្សយុវជនមិនមែនជាគណបក្សសិប្បនិមិត្តទេហើយបក្សយើងមានអង្គបោះឆ្នោតដល់រូប ហើយបើយើងមិនចូលរួម តើអង្គបោះឆ្នោតយើងគាត់ទៅណា? លក់ឲ្យគេ? ក៏គាត់មិនទៅបោះឆ្នោត»

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​លោក គង់ ម៉ូនីកា មាន​ប្រសាសន៍​ថា ​ការ​សម្រេច​ចូលរួម​បោះឆ្នោត​របស់​គណបក្ស​លោក ​គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ស្គាល់ និង​អាច​យក​ឱកាស​រៀប​ចំ​រចនាសម្ព័ន្ធ​របស់​បក្ស​ផង​ដែរ។ បើ​ទោះ​លោក​មាន​ក្ដី​សង្ឃឹម​តិច​តួច​ប៉ុណ្ណោះ​​ក៏​ដោយ​ លោក​ចាត់​ទុក​ថា​ ការ​ចូល​រួម​នេះ​ គឺ​ជា​ការ​ចូលរួម​បង្កើន​លទ្ធិប្រជាធិបតេយ្យ​មួយ​នៅ​កម្ពុជា​។

លោក គង់ ម៉ូនីកា ប្រាប់​ថា​៖ «ខ្មែរត្រូវការលទ្ធិប្រជាធិបតេយ្យមួយផ្ទាល់ខ្លួនត្រឹមត្រូវពិតប្រាកដ ដែលគ្រប់ភាគីអាចទទួលយកបាន​»

ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា​ លោក សេង សុខ​ខេង អះអាង​ថា ​ការ​ចូលរួម​របស់​បក្ស​លោក​ក្នុង​ការ​បោះឆ្នោត​នេះ​ គឺ​ដោយ​សារ​មើល​ឃើញ​ថា ​អាច​មាន​អាសនៈ​ខ្លះ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួននិង​អាច​ទាក់ទាញ​អង្គ​បោះឆ្នោត​ពី​បក្ស​ដទៃ​ផង​ដែរ។

លោក​ថា៖ «លោកមេឃុំទាំងអស់ដែលជាប់ឆ្នោតហ្នឹង គាត់ថា គាត់ចង់បានគំនិតនៃការចូលរួមដើម្បីអភិវឌ្ឍតំបន់របស់គាត់។ ដូចនេះ គាត់គិតថា ខួរក្បាលតែមួយមិនអាចរីកចម្រើនដូចខួរក្បាលច្រើនទេ។ អញ្ចឹង គាត់ត្រូវការខួរក្បាលពីគណបក្សផ្សេងទៀតដើម្បីលើកស្ទួយរាជរដ្ឋាភិបាលក្នុងអាណត្តិរបស់គាត់»

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុមហ្វ្រែល​ លោក កន សាវាង្ស យល់​ថា​ គណបក្សផ្សេង​មិន​អាច​មាន​លទ្ធភាព​ណា​មួយ​ទាក់​ទាញ​អង្គ​បោះឆ្នោត​របស់​បក្ស​ប្រជា​ជន​កម្ពុជា ​ឲ្យ​បោះឆ្នោត​ឲ្យ​ខ្លួន​នោះ​ទេ ដោយ​សារ​តែ​ប្រព័ន្ធ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ជា​ប្រព័ន្ធ​បោះ​ឲ្យ​បក្ស​ មិន​មែន​ជា​ប្រព័ន្ធ​បោះ​ឲ្យ​បុគ្គល​នោះ​ទេ។

លោក កន សាវាង្ស ប្រាប់​ថា៖ «របបស្រលាញ់បក្សមិនអាចជ្រើសរើសបក្សផ្សេងទេ។ វាខុសពីការបោះឆ្នោតឯកត្តនាម។ បើឯកកត្តនាម មានន័យថា ប្រជាពលរដ្ឋស្រលាញ់តំណាងរបស់ខ្លួនអញ្ចឹងនៅពេលណាបេក្ខជនណាគេស្រលាញ់ គេបោះឲ្យ។ អញ្ចឹង រឿងនេះវាផ្ទុយគ្នាអញ្ចឹង»

បើ​តាម​លោក​ កន សាវាង្ស បើ​គ្មាន​អ្វី​ប្រែប្រួល​ការ​បោះឆ្នោត​អសកល​លើក​នេះ​ គឺ​បក្ស​ប្រជាជន​ទទួល​បាន​អាសនៈ​ទាំង​ស្រុង​នៃ​ការ​បោះឆ្នោត​ចាប់​ពី​ថ្នាក់​រាជធានី -ខេត្ត ដល់​ក្រុង-ស្រុក-ខណ្ឌ។

កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​អសកល​មួយដែល​បោះ​ឆ្នោត​ដោយ​អង្គ​បោះ​ឆ្នោត​ចំនួន ១១,៥៧២​នាក់​នៅ​ទូទាំង​ប្រទេស
ជា​ភាគ​ច្រើន​លើស​លប់ ​គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles